ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ គិតត្រឹមម៉ោង៧ព្រឹកនេះ ស្ថានភាពទឹកលិចកំណាត់ផ្លូវជាតិលេខ៣ បានស្រកផុតពីតួផ្លូវជាតិជាស្ថាបពរ​ ខណៈត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤(ផ្សារត្រាំខ្នាំ)បន្តបិទសម្រាប់រថយន្តធំ

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ [បច្ចុប្បន្នកាល]..! ខ្ញុំបាទសូមសម្រាបជូនសាធារណជន អ្នកដំណើរ និងបណ្តាញផ្សព្វផ្សាយនានាមេត្តាជ្រាបថា គិតត្រឹមវេលាម៉ោង៧ព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្ថានភាពទឹកលិចកំណាត់ផ្លូវជាតិលេខ៣ បានស្រកផុតពីតួផ្លូវជាតិជាស្ថាបពរ ដោយឡែកត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤(ផ្សារត្រាំខ្នាំ)បន្តបិទសម្រាប់រថយន្តធំជាបណ្តោះអាសន្នមួយព្រឹកទៀតនៅឡើយដើម្បីបង្ការការខូចខាតផ្លូវ ព្រោះគ្រឹះផ្លូវនៅសើមជ្រាយនៅឡើយ។ 

លោកអ្នកនាំពាក្យរូបនេះ​ បញ្ជាក់៖ នៅវេលាម៉ោង១៣:០០រសៀលថ្ងៃទី០៧ ខែវិច្ឆិកានេះ បើគ្មានការប្រែប្រួលដោយប្រការចៃដន្យណាមួយទេ យើងនឹងបើកឲ្យដំណើរការចរាចរណ៍ពេញលេញជាប្រក្រតីឡើយវិញ។ 

គួររម្លឹកថា​ កាលពីថ្ងៃទី​០៤​ ខែវិច្ឆិកា​ថ្មីៗនេះ​ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់មេត្តាជ្រាបថា៖ ដោយយោងលើស្ថានភាពទឹកភ្លៀង ចុងឆ្នាំក្នុងរដូវវស្សាឆ្នាំ២០២៤ នេះចាប់ផ្តើមធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើន បង្កឱ្យមានជាជំនន់ទឹកភ្លៀង ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអាចបង្កឱ្យមានផលប៉ះពាល់ ដល់អាយុជីវិតមនុស្សសត្វ និងហេដ្ឋា រចនាសម្ព័ន្ធ ផ្លូវថ្នល់-ស្ពាន។ ជាមួយគ្នានេះដែរជំនន់ទឹកភ្លៀងដែលបាន និងកំពុងជន់ឡើង ជាហេតុបណ្តាល ឱ្យលិចលង់នៅតាមកំណាត់ ផ្លូវជាតិលេខ៣ ចន្លោះគ.ម៤១ ដល់ គ.ម៤៣ (ផ្សារត្រាំខ្នារ) ស្ថិតក្នុង ស្រុកគងពិសី និងចន្លោះ គ.ម៥៣ ដល់ គ.ម៥៥ (ផ្សារប៉ាង្គសី) ស្ថិតក្នុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែល ស្ថានភាពបែបនេះធ្វើឱ្យផ្លូវថ្នល់-ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តដឹកទំនិញធុនធ្ងន់បាន។ ដើម្បីបង្ការ គ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន មន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តកំពង់ស្ពឺ សូមធ្វើការផ្អាក ចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្នលើ កំណាត់ ផ្លូវជាតិលេខ៣ ចន្លោះគ.ម៤១ ដល់ គ.ម៤៣ (ផ្សារត្រាំខ្នារ) ស្ថិតក្នុងស្រុកគងពិសី និង ចន្លោះ គ.ម៥៣ ដល់ គ.ម៥៥ (ផ្សារប៉ាង្គសី) ស្ថិតក្នុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានសេចក្តីជូនដំណឹងសារជាថ្មី។

សូមបងប្អូនប្រជាពលរដ្ឋ ជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ដែលធ្វើចរាចរណ៍ពីរាជធានី ភ្នំពេញ ឆ្ពោះទៅខេត្តកំពត និងសម្រាប់ទិសដៅពីខេត្តកំពត ឆ្ពោះទៅរាជធានីភ្នំពេញ សូមធ្វើដំណើរវាងតាម ផ្លូវជាតិលេខ២ ឬវាងទៅតាមផ្លូវជាតិលេខ៤១ ជាបណ្តោះអាសន្នសិនផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖