ភ្នំពេញ ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សួស យ៉ារ៉ា ប្រធានគណ:កម្មការទី៥ នៃរដ្ឋសភា និងជាអនុប្រធានប្រចាំការរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព(IPTP) បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីត្រួតពិនិត្យកិច្ចការលម្អិត នៃអនុគណ:កម្មការប្រតិបត្តិនីមួយៗ ដែលនឹងត្រូវរៀបចំសម័យប្រជុំពេញអង្គ IPTP លើកទី១១។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក អង្គ វង្ស វឌ្ឍានា ប្រធានគណ:កម្មការទី៦ និងជាប្រធានអនុគណ:កម្មការឯកសារ និងខ្លឹមសារ លោកស្រី អ៊ុន សុគន្ធា តំណាងអនុគណ:កម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម លោកស្រី ខេង សំវ៉ាដា អនុប្រធានក្រុមប្រឹក្សាយោបល់ លោក ឡេង ប៉េងឡុង លេខាធិការដ្ឋាន ព្រមទាំងលោក លោកស្រី ជាក្រុមការងារបច្ចេកទេសរៀបចំកិច្ចប្រជុំ IPTP លើកទី១១។
សូមបញ្ជាក់ថា សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP) ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា ៕
ដោយ ៖ សិលា