ព័ត៌មានទាន់ហេតុការណ៍៖

លោក លី ឈាង នាយករដ្ឋមន្រ្តីចិនជួបពិភាក្សាជាមួយលោកMin Aung Hlaing អ្នកដឹកនាំនៃប្រទេសមីយ៉ាន់ម៉ា

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖  រសៀលថ្ងៃទី៦ខែវិច្ឆិកា នៅក្រុងគុនមីង លោកលីឈាងនាយករដ្ឋមន្រ្តីចិនបានជួបពិភាក្សាជាមួយលោកMin Aung Hlaingអ្នកដឹកនាំនៃប្រទេសមីយ៉ាន់ម៉ាដែលអញ្ជើញទៅប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គលើកទី៨។

  គេហទំព័រ «CCFR China state-controlled media » លោកលីឈាងបានថ្លែងថា ចិននិងមីយ៉ាន់ម៉ាជាប្រទេសជិតខាងដ៏មេត្រីភាពដែលមានទឹកដីតភ្ជាប់ជាមួយគ្នា និងមានមនោសញ្ចេតនាជាបងប្អូនយ៉ាងស៊ីជម្រៅ។ ប្រទេសចិននឹងបន្តគាំទ្រយ៉ាងមុតមាំដូចពេលមុនៗចំពោះប្រទេសមីយ៉ាន់ម៉ាដែលបានជ្រើសរើសផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន ហើយរីករាយរួមសហការជាមួយភាគីមីយ៉ាន់ម៉ា ដើម្បីពង្រឹងឥតឈប់ឈរនូវការកសាងទំនុកចិត្តគ្នាខាងនយោបាយ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ពួតដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈម ជំរុញកិច្ចកសាងសហគមន៍រួមវាសនារវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅនិងកាន់តែរឹងមាំ ដើម្បីផ្តល់សុខសុភមង្គលនិងផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

 គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោកMin Aung Hlaingបានថ្លែងថា មីយ៉ាន់ម៉ានិងចិនជាប្រទេសជិតខាងដែលមានមិត្តភាពប្រពៃណីនិងមានចំណងភាតរភាពដ៏ស្អិតល្មួត ចាប់ពីបានបង្កើតទំនាក់ទំនងផ្លូវទូតមក ប្រទេសទាំងពីរបានគោរពតាមស្មារតីនៃគោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមានជាប់រហូត ទំនាក់ទំនងទ្វេភាគីទទួលបានការរីកចម្រើនយ៉ាងខ្លាំង។ ភាគីមីយ៉ាន់ម៉ារំពឹងថា នឹងចាត់ទុកខួបទី៧៥នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំងពីរនៅឆ្នាំក្រោយជាកាលានុវត្តភាពមួយ ដើម្បីពង្រឹងនិងពង្រីកមនោសញ្ចេតនាជាភាតរភាពរវាងប្រទេសទាំងពីរ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ការកាត់បន្ថយភាពក្រីក្រនិងជីវភាពរស់នៅរបស់ប្រជាជនជាដើម ក្នុងន័យរួមគ្នាជំរុញកិច្ចកសាងសហគមន៍រួមវាសនារវាងមីយ៉ាន់ម៉ានិងចិនឱ្យទទួលបានការអភិវឌ្ឍកាន់តែធំ៕

ដោយ ៖ សិលា


ចែករំលែក៖