ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹង ស្តីពីការអនុញ្ញាតចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ​៖​ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុញ្ញាតចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។ 

មន្ទីរ​សាធារណការ​ បានបញ្ជាក់ថា​ ដោយស្ថានភាពជំនន់ទឹកភ្លៀងលើកំណាត់ ផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្សារត្រាំខ្នារ ស្ថិតក្នុងស្រុកគងពិសី និងផ្សារប៉ាង្គសី ស្ថិតក្នុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ គិតត្រឹមវេលាម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្ថានភាពទឹកលិចបានស្រកចុះផុតពីតួផ្លូវជាស្ថាពរ។ 

អាស្រ័យហេតុនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សម្រេចអនុញ្ញាតឱ្យរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍ឡើងវិញ លើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ចាប់ពីម៉ោង ១៣:០០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤  នេះតទៅ។

ជាមួយគ្នានេះ​ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សូមថ្លែងអំណរគុណ និងអរគុណចំពោះការចូលរួម របស់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ក្នុងបុព្វហេតុដើម្បីរួមគ្នាថែរក្សាការពារ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់-ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង៕

ដោយ៖ តារា


ចែករំលែក៖