ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងអគារមួយកន្លែងក្នុងខណ្ឌមានជ័យ ពាក់ព័ន្ធល្បែងអនឡាញខុសច្បាប់ ឃាត់ខ្លួនជនជាតិចិនជាង២០០នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះទៅទីតាំងអគារមួយដេីម្បីបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់ ដោយរកឃើញជនជាតិចិននិង ជនបរទេសផ្សេងទៀតជាង២០០នាក់ កាលពីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ៣៧១សឡា ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣  ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

    ក្នុងប្រតិបត្ដិការនេះដឹកនាំដោយលោកឧត្ដមសេនីយ៍ឯកស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ក្រោមការបញ្ជាពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។ 

    បេីតាមមន្ដ្រីដែលចូលរួមនៅក្នុងប្រតិបត្ដិការនេះបានឲ្យដឹងថា ក្រុមការងាររបស់អគ្គស្នងការនគរបាលជាតិ បានទទួលព័ត៌មានពីជនរងគ្រោះដែលបានប្តឹងថាត្រូវចាប់បង្ខាំងនៅក្នុងអគារ។

    ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម កម្លាំងជំនាញបានទទួលបទបញ្ជាពីឧបនាយករដ្ឋមន្ដ្រី ស សុខា និងនាយឧត្ដមសេនីយ៍ ស ថេត កម្លាំងបានចុះទៅដល់ទីតាំងឃើញសង្ស័យពាក់ព័ន្ធនឹងបទល្មើសល្បែងអនឡាញព្រមទាំងរកឃើញជនជាតិចិននិងជនបរទេសជាតិសាស្រ្តផ្សេងទៀតជាង ២០០នាក់តែមានភាគច្រើនជាជនជាតិចិន។

ក្រោយរង្វង់ប្រតិបត្តិការយប់ថ្ងៃដដែលជនជាតិបរទេសទាំងនោះត្រូវបានឃាត់ខ្លួនដើម្បីបន្ដនីតិវិធីរៀបចំឯកសារ បណ្ដេញចេញពីប្រទេសកម្ពុជា។ ដោយឡែកអ្នកពាក់ព័ន្ធនឹងម្ចាស់ទីតាំងសមត្ថកិច្ចកំពុងបន្ដនីតិវិធីតាមផ្លូវច្បាប់ជាបន្ដទៀត

    គួរបញ្ជាក់ផងដែរថារង្វាន់ប្រតិបត្តិការនេះក៏មានមនុស្សរងរបួសផងដែរដោយជនបរទេសខ្លះបានលោតពីលេីអគារបម្រុងរត់គេចខ្លួន ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖