នៅក្នុងបណ្តឹងនោះ ប្រទេសចិនបានចោទប្រកាន់សហភាពអឺរ៉ុបពីបទដាក់ពន្ធគយដោយគ្មាន “មូលដ្ឋានជាក់ស្តែង និងផ្លូវច្បាប់” ហើយបាននិយាយថា វិធានការនេះបំពានច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក WTO។
ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសចិននឹងសហភាពអឺរ៉ុប (EU) ជុំវិញពន្ធថ្មីដែលបានអនុវត្តចំពោះរថយន្តអគ្គិសនីដែលផលិតនៅក្នុងប្រទេសចិននោះ ទីក្រុងប៉េកាំងបានដាក់ពាក្យបណ្ដឹងជាផ្លូវការទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានស្នើឱ្យ EU ពិចារណាឡើងវិញនូវការសម្រេចចិត្តនេះ។
សកម្មភាពរបស់ប្រទេសចិនបង្ហាញថា ប្រទេសនេះប្តេជ្ញាមិនថយក្រោយ នៅពេលដែលអឺរ៉ុបដាក់ពន្ធលើរថយន្តអគ្គិសនីរបស់ចិន ដែលជាទីផ្សារកំពុងប្រកួតប្រជែងខ្លាំងផងដែរ ជាមួយម៉ាករថយន្តអឺរ៉ុប។
នៅក្នុងពាក្យបណ្ដឹងនោះ ប្រទេសចិនបានចោទប្រកាន់សហភាពអឺរ៉ុបពីការដាក់ពន្ធគយដោយគ្មាន “មូលដ្ឋានជាក់ស្តែង និងផ្លូវច្បាប់” ហើយបាននិយាយថា វិធានការនេះបំពានលើច្បាប់របស់ WTO និងជា “ការបំពានលើមធ្យោបាយដោះស្រាយពាណិជ្ជកម្ម”។
ក្រសួងពាណិជ្ជកម្មចិនបានសង្កត់ធ្ងន់ថា វិធានការនេះគឺសំដៅ “ការពារផលប្រយោជន៍អភិវឌ្ឍន៍នៃឧស្សាហកម្មរថយន្តអគ្គិសនីរបស់ប្រទេសចិន និងគាំទ្រដល់ការផ្លាស់ប្តូរបៃតងជាសកល”។
យោងតាមនីតិវិធីរបស់ WTO បន្ទាប់ពីដាក់ពាក្យបណ្តឹង នឹងមានពេល 60 ថ្ងៃសម្រាប់ភាគីចរចាដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ មុនពេល WTO អាចធ្វើអន្តរាគមន៍តាមរយៈក្រុមប្រឹក្សាដោះស្រាយវិវាទ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់ Bloomberg អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានអំពាវនាវឱ្យ EU កែតម្រូវការអនុវត្តខុសច្បាប់ និងសហការដើម្បីរក្សាស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនីសកល ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងពាណិជ្ជកម្មចិន-សហភាពអឺរ៉ុប។
ការពិភាក្សាបានកើតឡើងរវាងមន្ត្រីចិន និងសហភាពអឺរ៉ុប ចាប់តាំងពីពន្ធត្រូវបានប្រកាសក្នុងគោលបំណងស្វែងរកដំណោះស្រាយដែលពេញចិត្តសម្រាប់ភាគីទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ គ្មានការព្រមព្រៀងណាមួយត្រូវបានសម្រេចមុនពេលពន្ធគយចូលជាធរមានជាផ្លូវការនៅចុងខែតុលា។
បច្ចុប្បន្ននេះ អត្រាពន្ធកើនឡើងថ្មីត្រូវបានអនុវត្ត ដោយក្រុមហ៊ុនផលិតរថយន្ត SAIC ទទួលរងនូវអត្រាខ្ពស់បំផុត 35.3%, Geely ស្ថិតក្រោម 18.8% និង BYD បន្ថែម 17% ។ ពន្ធបន្ថែមទាំងនេះនឹងបូកបញ្ចូលពីលើពន្ធ 10% បច្ចុប្បន្ន។
ទន្ទឹមនឹងនេះ សហភាពអឺរ៉ុបនៅតែរក្សាក្តីសង្ឃឹមក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ នៅពេលដែលលោក Marcos Sefcovic (ដែលហៀបនឹងកាន់តំណែងជានាយកពាណិជ្ជកម្ម EU) នឹងទៅកាន់ប្រទេសចិនក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយបន្ធូរបន្ថយភាពតានតឹង និងជំរុញការចរចា។
គួរកត់សម្គាល់ថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បានជួបជាមួយមន្ត្រីបារាំង ដោយជំរុញឱ្យពួកគេចរចារកដំណោះស្រាយដោយយុត្តិធម៌ជាមួយសហភាពអឺរ៉ុប៕ ដោយ៖ ធីរីណា
រូបថត៖ cartimes