ភ្នំពេញ៖ បុរសម្នាក់បានគាំងបេះស្លាប់នៅក្នុងផ្ទះសំណាក់ហេងមានលាភ នៅបន្ទប់ជាន់ទី១ ក្រោយពីផឹកស្រានិងបានឌុបគូស្នេហ៍មកដេកក្នុងបន្ទប់ផ្ទះសំណាក់ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៧ និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សពបុរសខាងលើមានឈ្មោះ រស្មី ចាន់ដារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរអ្នកសារព័ត៌មាន បច្ចុប្បន្នស្នាក់នៅ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះសំណាក់បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ បុរសខាងលើជិះម៉ូតូមួយគ្រឿងម៉ាក winner x ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 1KW-9102 និងបានឌុបគូស្នេហ៍មកដេកផ្ទះសំណាក់នៅវេលាម៉ោង១២និង៥០នាទីយប់ឈានចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់វេលាម៉ោង៤ទៀបភ្លឺ គូស្នេហ៍ក៏បានចុះពីបន្ទប់នៅជាន់ទី១ មកក្រោមដើម្បីប្រាប់ម្ចាស់ផ្ទះសំណាក់ថាគូស្នេហ៍របស់ខ្លួនមានអាការៈមិនស្រួលខ្លួនហើយថប់ទ្រូងថប់ដង្ហើម ចំណែកម្ចាស់ផ្ទះក៏បានប្រាប់ថាមានតែប្រេងកូឡាទេ រួចក៏បានឡើងទៅជាន់ទី១ ដើម្បីទៅមើលបុរសខាងលើ និងបានទំនាក់ទំនងទៅរថយន្ដសាមុយដើម្បីជួយសង្គ្រោះបន្ទាន់ផងដែរ ភ្លាមនោះរថយន្ដសង្គ្រោះបន្ទាន់ក៏បានមកដល់ តែជាអកុសល់បុរសខាងលើបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ចំណែកឯគូស្នេហ៍ម្ចាស់ផ្ទះសំណាក់បានឃាត់ខ្លួនទុក ដើម្បីឲ្យសមត្ថកិច្ចធ្វើការសាកសួរ។ លុះរហូតដល់ព្រឹកព្រលឹមម្ចាស់ផ្ទះសំណាក់ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យបានដឹងផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងកម្លាំងជំនាញនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងការិយាល័យបច្ចេកទេសនិងកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកពិនិត្យសពនៅទីតាំងកើតហេតុខាងលើ ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ