ព័ត៌មានទាន់ហេតុការណ៍៖

Update៖​ លោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​៖​ ករណីគាស់ក្លឹបយីហោ”ប៉ាវលីជីង”​ ឈានដល់ឃាត់ខ្លួន​ជនសង្ស័យចំនួន​ ៧នាក់​ជាបន្តបន្ទាប់​ទាំងអ្នកលក់​ និងអ្នកទិញ!

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ អធិការ​ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ នៅរសៀល​ថ្ងៃ​ពុធ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ករណីគាស់ក្លឹបយីហោ”ប៉ាវលីជីង”​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​ បានចុះស្រាវជ្រាវ​រហូត​ឈានដល់ការបង្រ្កាប​ និងឃាត់ខ្លួន​ជនសង្ស័យសរុបចំនួន​ ៧នាក់​ ជាបន្តបន្ទាប់​ ពោល​គឺ​ទាំងអ្នកលក់​ (ជាអ្នកធ្វើសកម្មភាពលួច) និងអ្នក​ទិញ​(ទទួល​ផល​ចោរកម្ម​)។ 

លោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ បានឱ្យដឹងទៀតថា​ មុនឈានដល់ការបង្រ្កាប​ និងឃាត់ខ្លួន​មុខសញ្ញា​ចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ​ខាងលេីនេះ​ គឺកម្លាំងជំនាញ​ កាលពីព្រលប់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ 

 បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់​ ឈ្មោះ សេង ហួរ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ពីបទលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ(គាស់ក្លឹបប៉ាវលីជីង​ ដែលត្រូវតុលាការបិទសៀលឃ្លុំបេរគាស់យកសម្ភារៈទុក) ប្រព្រឹត្តនៅចំណុចប៉ាវលីជីងក្លឹប ដែលមានទីតាំងដីឡូត៍លេខ៧៤ ផ្លូវលេខ៥៩៨ ក្រុមទី២១ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងបានបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបក្ខពួក០៣នាក់ទៀត នៅចំណុចផ្លូវរថភ្លើង ក្រុមទី២៦ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យ​ទី១-ឈ្មោះ សេង ហួរ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់ផ្ទះជួល ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។​ ទី២-ឈ្មោះ លន វលក្ខណ៍ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។​ ទី៣-​ឈ្មោះ គុំ សុជាតិ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។​ និងទី៤-ឈ្មោះ រ៉ាន់ រ៉ាឌីន ហៅ ត្រេន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩៧ ផ្លូវរថភ្លើង ក្រុមទី២៦ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ចំណែក​វត្ថុតាងចាប់យកពាក់ព័ន្ធនិងបទល្មើសរួមមាន៖​ ១ /ក្បាលម៉ាស៊ីនត្រជាក់ចំនួន០១​ ,២/ ខ្សែភ្លើងមួយចំនួន​ ,៣/ DesK top ចំនួន០១​ ,៤/ កន្ត្រៃសម្រាប់កាត់ដែកចំនួន០១​ ,៥/ FM ម៉ៃក្រូហ្វូនធំម៉ាកSHVRE ចំនួន១៣គ្រឿង​ ,៦/ FM ម៉ៃក្រូហ្វូនតូចម៉ាក THUNDERSTONE ពណ៌ស ចំនួន២៤គ្រឿង ,៧/ដុំប៊្លូធូពណ៌ខ្មៅចំនួន១២គ្រឿង​ ,៨/ធុងប៉ាស់ម៉ាកJBLចំនួន០៨គ្រឿង​ , ៩/ដែកថ្នាំអំពៅសម្រាប់គាស់ចំនួន០១ (ចាប់យកពីឈ្មោះ សេង ហួរ ) ,១០/ស្រា០១ដប ម៉ាក DALMORE មានប្រអប់ពណ៌ខៀវ , ដាវកែច្នៃ១ដើម , កាំបិតបុ័ងតោមានរូបនាគមានស្រោមពណ៌សូកូឡា០១ , កន្រ្តៃសម្រាប់កាត់ដែក០១ , ឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀន០១ និងកង់តួប្រុសពណ៌ខ្មៅ០១គ្រឿង (ចាប់យកពីឈ្មោះ រ៉ាន់ រ៉ាឌីន ហៅ ត្រេន ) ,១១/កង់តួប្រុស០១ (ចាប់យកពីឈ្មោះ លន វលក្ខណ៍ ) , ១២/ស្រាដបម៉ាក BLACK LABEL១កេស (ចាប់យកពីឈ្មោះ គុំ សុជាតិ ) ។

លោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ បានបន្តថា​ លុះនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១០​ និង១០នាទីព្រឹកនេះ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបន្តធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៣នាក់ជាបន្តបន្ទាប់បន្ថែមទៀត​ ពីបទលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ(គាស់ក្លឹបប៉ាវលីជីងតុលាការបិទ សៀលឃ្លុំបេរគាស់យកសម្ភារ:) ឃាត់ខ្លួនចំណុចផ្លូវរថភ្លើង ក្រុមទី២៦ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងឃាត់ខ្លួននៅចំណុចមុខផ្ទះលេខ១១៨Eo ផ្លូវលេខ១០៧ ក្រុមទី២៤ ភូមិ៤ សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តបទល្មើសនៅចំណុចប៉ាវលីជីងក្លឹប ដែលមានទីតាំងដីឡូត៍លេខ៧៤ ផ្លូវលេខ៥៩៨ ក្រុមទី២១ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ជាបន្តបន្ទាប់រហូតមកដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ ។

ដោយជនសង្ស័យទី​ ១-ឈ្មោះ ឈាន ប្រេន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។(ជាអ្នកធ្វើសកម្មភាពលួច) ។

ទី២-ឈ្មោះ ចាន់ ភាស់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់ផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី២៦ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ (ជាអ្នកធ្វើសកម្មភាពលួច) ។

និងទី៣-ឈ្មោះ នួន លឹមធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជួលជុលធុងទិញលក់ធុងបាស់ ស្នាក់នៅផ្ទះលេខ១១៨Eo ផ្លូវលេខ១០៧ ក្រុមទី២៤ ភូមិ៤ សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ (ជាអ្នកទទួលផល) ។

ដោយឡែក​វត្ថុតាងចាប់យកពាក់ព័ន្ធនិងបទល្មើសរួមមាន៖​ ១/ធុងប៉ាស់ម៉ាក JBLចំនួន០៥គ្រឿង។​ ២/អំភ្លីចំនួន០១គ្រឿង (ជារបស់ជនសង្ស័យលួចនៅក្លឹបប៉ាវលីជីង ចាប់យកពីឈ្មោះ នួន លឹមធួក ជាអ្នកទទួលផល) ។

បច្ចុប្បន្ន៖ ជនសង្ស័យទាំង​ ៧នាក់ខាងលេីនេះ​ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖