ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍មួយបានឲ្យដឹងនាព្រឹកថ្ងៃពុធ ១៣កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា កាលពីព្រឹកម្សិលមិញតុលាការខេត្តពោធិ៍សាត់បានយកសំណុំរឿង ជនជាប់ចោទលួចយ៉ាងសកម្មនៅបឹងទន្លេសាបជាជនជាតិវៀតណាមមកកាត់ទោស។ បន្ទាប់ពីតុលាកាសួរនាំដេញដោលរួចក៏ត្រូវបានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីកំណត់ទោសទណ្ឌថាតើជាប់ទោសប៉ុន្មានខែឬប៉ុន្មានឆ្នាំ។ បញ្ហានេះត្រូវបានមជ្ឈដ្ឋានប្រជាពលរដ្ឋលើកឡើងថា តុលាការហាក់បីដូចមានការយកចិត្តទុកដាក់ខ្លាំង ព្រោះជនជាប់ចោទជាប់ពីបទៈ លួចកាណូត ជនជាតិវៀតណាមដូចគ្នា ទើបត្រូវបានសមត្ថកិច្ចនគរបាល អនុវត្តដីកាកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះសោះ ។
ប្រភពរាយការណ៍បញ្ជាក់ទៀតថា ជនជាប់ចោទពីបទៈ លួចកាណូត ជនជាតិវៀតណាមខាងលើ បន្ទាប់ពីសមត្ថកិច្ចនគរបាលអនុវត្តដីកាតុលាការ និងបញ្ជូនទៅដាក់ពន្ធនាគាររួចរាល់ ប្រជានេសាទរស់នៅតាមបណ្ដាស្រុកនានានៃបឹងទន្លេសាបក្នុងភូមិសាស្រ្ខខេត្តពោធិ៍សាត់ នាំគ្នាផ្ដិតមេដៃស្ដាំប្រមាណជាង១៧០មេដៃ ផ្ញើជូនទៅលោក អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកប្រធានសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីជួយអន្តរាគមន៍ដាក់ទោសទណ្ឌឲ្យបានត្រូវទៅតាមនីតិវិធី រួមទាំងបក្សពួកដែលកំពុងរត់គេចខ្លួន ពិសេសបងប្រុសជនជាប់ចោទ ពីបទៈ លួចកាណូត(ហួន ទុង និងហួន គឿង)។ប្រជានេសាទទាំងចំនួនជាង១៧០មេដៃ កំពុងរង់ចាំមើលចំណាត់ការតុលាការថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ថា កាត់ទោសជនជាប់ចោទចោរលួចយ៉ាងសកម្មនៅលើផ្ទៃទឹកបឹងទន្លេសាបរូបនេះ ចំនួនប៉ុន្មានខែឬប៉ុន្មានឆ្នាំ ។
គួររំលឹកផងដែរថា ជនជាប់ចោទពីបទៈ លួចកាណូតខាងលើ ឈ្មោះ ហួន ហ៊ាង ដែលកំពុងឃុំខ្លួនបណ្ដោះអាសន្ននេះ ហើយត្រូវបានតុលាកាយកសំណុំរឿងមកកាត់ទោស ប៉ុន្តែត្រូវបានលើកពេលប្រកាសសាលក្រមវិញនេះ ប្រជានេសាទបញ្ជាក់បន្ថែមបន្តទៀតថា នៅមានបងប្រុសបង្កើតចំនួន២នាក់ទៀត គឺ ឈ្មោះ ហួន ទុង និងឈ្មោះ ហួន គឿង រួមទាំងបក្សពួកមួយចំនួនទៀត សព្វថ្ងៃកំពុងរត់គេចខ្លួន ពួកចោរទន្លេសាបនេះបានធ្វើសកម្មភាពលើផ្ទៃបឹងទន្លេសាបយូរឆ្នាំមកហើយ គឺស្មើចាប់ជំរិតទារលុយនោះដែរ ព្រោះពួកលួចឧបករណ៍នេសាទ និងមធ្យោបាយ សម្ភារៈ។ ល។ រួចបង្គាប់ទារលុយតាមចិត្តពួកគេ បើមិនឲ្យលុយទេ គឺលួចរហូត ៕
ដោយ៖ ប៉ឹម ពិន