ភ្នំពេញ៖ ទិដ្ឋភាពនៅរាជធានីភ្នំពេញដ៏ស្រស់បំព្រងនិងមានការរៀបចំយ៉ាងស្អាតមានសោភណភាពគួរឱ្យគយគន់សម្រាប់អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤, ១៥,១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈរួចរាល់អស់ហេីយ ដេីម្បីទទួលអំណរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤,១៥ ,១៦ខែវិច្ឆិកា ឆ្នាំ២០២៤ ។
តាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ឆស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ៖ ការរៀបចំកែលម្អសោភណភាព បរិស្ថានទីក្រុង ក៏ដូចជាការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយក្នុងឱកាសព្រះរាជពិធីបុណ្យ ត្រូវបានពង្រឹងនិងរៀបចំយ៉ាងស្រស់ស្អាតរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។ ការរៀបចំកែលម្អសោភណភាពទីក្រុងនាពេលនេះ គឺជាការរួមចំណែករក្សាប្រពៃណីទំនៀមទម្លាប់ជាតិដែលមានយូរលង់មកហេីយ។ ម៉្យាងទៀតក៏ដេីម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តនៅរាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាកំពុងមានឈ្មោះបោះសំឡេងលេីឆាកជាតិនិងអន្តរជាតិដោយចាត់ទុកជាទីក្រុងសុីវិល័យមួយនៅអាសុីអាគ្នេយ៏ក្នុងសុខសន្តិភាពដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ក្រោមការដឹកនាំអនុវត្តផ្ទាល់ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងបុព្វហេតុអភិវឌ្ឍន៍រាជធានីភ្នំពេញ និងសុខុមាលភាពប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ។
លោក ឃួង ស្រេង ក៏បានណែនាំឱ្យមន្ត្រី ជំនាញធ្វើការជួសជុលតុបតែង កែលម្អ ក្រានីត ការ៉ូឡា សួនច្បារ សាងសង់បង្គន់អនាម័យនិងបន្ទប់ទឹកនិងពង្រាយបង្គន់អនាម័យចល័ត ព្រមទាំងការងារផ្សេងៗទៀត ហើយបើគិតមកដល់ពេលនេះ ការងារខាងលើ អនុវត្តសម្រេចបាន១០០ភាគរយហើយ។ លាបថ្នាំតាមច្រាំងទន្លេ(មុខពន្លាជ័យ) លាបក្បាច់បង់អង្គុយថ្មម៉ាប លាបបង់អង្គុយ លាបបង្គោលភើងថ្ម លាបរូបសំណាកតោ និងហ៊ុមព័ទ្ធរបងសួនច្បារវិមានឯករាជ្យ សួនច្បារមាត់ទន្លេ(ចាប់ពីផ្សាររាត្រីដល់សាលសន្និសីទចតុមុខ) ការដាក់ស្លាកសញ្ញាបង្ហាញទីតាំងសំខាន់ៗ ជាមួយការត្រៀមកម្លាំង សម្រាប់បោសសម្អាតសួនច្បាររយ:ពេល៤ថ្ងៃ(ចាប់ពីថ្ងៃ១៤ ១៥ ១៦និង១៧ខែវិច្ឆិកាឆ្នាំ២០២៤ គឺសុទ្ធតែបានត្រៀមរួចរាល់៕
ដោយ ៖ សំរិត