ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកម្មវិធីវគ្គផ្តាច់ព្រ័ត្រប្រឡងចម្រៀងចិនពានរង្វាន់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា កម្មវិធីនេះត្រូវបានរៀបចំឡើងដោយស្ថានទូតចិន។
លោក បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានបង្ហាញពីមោទនភាពចំពោះកិច្ចសហការរៀបចំកម្មវិធីនេះ ព្រោះខ្លឹមសារនៃបទចម្រៀងដែលបេក្ខជនបេក្ខនារីលើកយកមកប្រឡងនេះ សុទ្ធតែបានបង្កប់នូវអត្ថន័យរឹតចំណងមិត្តភាពប្រទេសយើងទាំងពីរ។
លោក វ៉ាង វិនពិន (WANG Wenbin) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះវិទ្យាស្ថានខុងជី នៃរាជបណ្ឌិត្យកម្ពុជា និងក្រសួងអប់រំយុវជន និងកីឡា ដែលបានខិតខំប្រឹងប្រែងរំលេចឡើង នូវការប្រកួតប្រជែង ដ៏មានតម្លៃនាពេលនេះ។
លោកបញ្ជាក់ថា ការប្រឡងចម្រៀងចិននេះ ជាផ្នែកមួយនេះការលើកកម្ពស់ការអប់រំភាសាចិននៅកម្ពុជាឱ្យកាន់តែល្អប្រសើរឡើងថែមទៀតព្រោះ ភាសាជាស្ពានដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរ ។ ភាសាជាថាមពលជំរុញការរីកចម្រើននៃអរិយធម៌ទៅវិញទៅមក។
លោកបញ្ជាក់ដូច្នេះថា « យើងរៀបចំកម្មវិធីថ្ងៃនេះដើម្បីបង្កើនព្រឹត្ដិការណ៍មួយសម្រាប់ជនជាតិខ្មែរដែលរៀនភាសាចិន និងជាស្មារតីគោរពគ្នា ជួយគ្នា ទុកចិត្តគ្នាទៅវិញទៅមក។»
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះស្ថានឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជាដែលបានសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា ផ្តួចផ្តើមគំនិតរៀបចំពិធីការប្រកួតចម្រៀងចិននេះឡើង។ ហើយក៏ឆ្លៀតឱកាសនេះ សូមចូលរួមសម្ដែងការអបអរសាទរខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលទើបតែបញ្ចប់ការប្រារព្ធពិធី កាលពីដើមខែតុលា កន្លងទៅនេះ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ថា ៖ « ខ្ញុំជឿជាក់ថា ការរៀបចំការប្រកួតចម្រៀងចិន គឺជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការលើកកម្ពស់ការអប់រំភាសាចិននៅកម្ពុជា និងការផ្លាស់ប្ដូរវប្បធម៌រវាងប្រជាជនទាំងពីរ សំដៅឆ្ពោះទៅការកសាងកម្លាំងយុវជនដ៏មានសក្តានុពល សម្រាប់បន្តវេនពូនជ្រំមិត្តភាពដ៏យូរលង់របស់យើងឱ្យកាន់តែជិតស្និតពីមួយជំនាន់ទៅមួយជំនាន់ ។ »
សូមបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានបង្ហាញការគាំទ្រគ្នាទៅវិញទៅមកក្នុងការបណ្តុះបណ្តាលដល់សិស្សកម្ពុជាលើការសិក្សាភាសាចិនឱ្យបានកាន់តែច្រើន ខណៈដែលបច្ចុប្បន្ននេះ មានសាលាបង្រៀនភាសាចិនជាង១០០កន្លែងហើយនៅកម្ពុជា ហើយមានអ្នករៀនជាង១០ម៉ឺននាក់៕
ប្រភព ៖ «CCFR China state-controlled media »