ព័ត៌មានទាន់ហេតុការណ៍៖

តោះ​! មកដឹងពីខ្លឹមសារប្រទីប ក្រសួងព័ត៌មាន

ចែករំលែក៖

ភ្នំពេញ​៖​ ប្រទីបក្រសួងព័ត៌មានរចនាឡើងដោយនាគព័ន្ធក្បាល៥ចំនួនពីរ ព័ន្ធកន្ទុយគ្នាទ្ររូបសញ្ញា ក្រសួងព័ត៌មាន រំលេចដោយក្បាច់រចនាភ្លើងពណ៌យ៉ាងភ្លឺចិញ្ចាចចិញ្ចែង តំណាងឱ្យថាមពល អនុភាព ដ៏ខ្លាំងក្លា និងពួតដៃគ្នា សាមគ្គីភាពក្នុងការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅព្រះរាជាណា- ចក្រកម្ពុជា ឱ្យរីកចម្រើនទៅមុខឥតឈប់ឈរក្នុងយុគសម័យបច្ចេកវិទ្យាទំនើប និងជាតំណាងឱ្យ អំណាចសារព័ត៌មានជាអំណាចទី៤។ 

នៅពីលើកន្ទុយនាគព័ន្ធគឺជារូបសញ្ញា ក្រសួងព័ត៌មាន មានរាងជា រង្វង់មូលតំណាងឱ្យលំហពិភពលោក។ ខ្សែពណ៌ស នៅចំកណ្តាលដែលមានរាងជាហ្វ្រេកង់ (រលក ធាតុអាកាស) ផង និងមានរាងប្រាសាទអង្គរវត្តផង តំណាងឱ្យ ជាតិ សាសនា ព្រះមហាក្សត្រ។ ខ្សែ ខៀវ ក្រហម ដែលមានរាងកោងព័ទ្ធជុំវិញរង្វង់មូលផែនដី ជានិមិត្តសញ្ញានៃការផ្សាយទូលំទូលាយក្នុង លំហអាកាស។ អក្សរខ្មែរ ក្រសួងព័ត៌មាន និងអក្សរអង់គ្លេស MINISTRY OF INFORMATION ពណ៌ស តំណាងឱ្យភាពស្អាតស្អំ បរិសុទ្ធ មិនលម្អៀង។ 

នៅអមសងខាងកន្ទុយនាគព័ន្ធគឺ រូបសញ្ញាអគ្គនាយកដ្ឋាន ទាំងបួន និង App របស់ក្រសួង ទី១ គឺ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍, ទី២ គឺ អគ្គនាយកដ្ឋាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា, ទី៣ គឺ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា, ទី៤ គឺ អគ្គនាយកដ្ឋានវិទ្យុជាតិ កម្ពុជា និង ទី៥ គឺ App ក្រសួងព័ត៌មាន។ អគ្គនាយកដ្ឋានទាំង៤ និងApp នេះគឺជាអង្គភាពប្រព័ន្ធ ផ្សព្វផ្សាយរបស់ជាតិយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជាជូនពលរដ្ឋកម្ពុជា និង ពិភពលោក។ 

នៅខាងឆ្វេងរូបសញ្ញា ក្រសួងព័ត៌មាន គឺមានបង្គោលអង់តែនឈរយ៉ាងរឹងម៉ាំតំណាងឱ្យ ការផ្សព្វផ្សាយរបស់ទូរទស្សន៍ និងវិទ្យុ។ រូបស្លាបប៉ាកកាតំណាងឱ្យការសរសេរព័ត៌មាន និងកាសែត រីឯរូបដៃចុចលើ iPad គឺតំណាងឱ្យសារព័ត៌មានទំនើប។ នៅពីក្រោមរូបសញ្ញាខាងលើគឺជា យុទ្ធសាស្ត្រ ទាំង៥របស់ក្រសួងព័ត៌មាន ទី១ ទំនើបកម្មស្ថាប័ន, ទី២ ការពង្រឹងអនុវត្តច្បាប់, ទី៣ មូលធនមនុស្ស, ទី៤ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងទី៥ សហប្រតិបត្តិការ ដើម្បីប្រសិទ្ធភាពការងាររបស់ក្រសួង ព័ត៌មាន ក្នុងនាមជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងគុណភាព សំដៅធានាឱ្យបាននូវសន្តិសុខព័ត៌មាន គឺ ១) ធានាសិទ្ធិទទួល ព័ត៌មានរបស់ប្រជាពលរដ្ឋ ២) គុណភាពសារព័ត៌មាន និង ៣) សុវត្ថិភាពព័ត៌មាន ។ 

នៅពីក្រោម បង្គោលទាំង៥របស់ក្រសួងគឺ អក្សរធំៗ ក្រសួងព័ត៌មាន ដែលបំភ្លឺទៅដោយភ្លើងពណ៌ភ្លឺចិញ្ចាចចិញ្ចែង បង្ហាញអំពីស្ថាប័នដ៏សំខាន់មួយ ក្នុងការផ្សព្វផ្សាយនូវគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេច មហាបវរធិបតីនាយករដ្ឋមន្ត្រី៕

ដោយ​៖ តារា​


ចែករំលែក៖