មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំការធ្វើតេស្តយន្តហោះគ្មានមនុស្សបើកអត្តឃាត (UAVs) និងបានបញ្ជាឱ្យផលិតអាវុធពីលើអាកាសទាំងនេះយ៉ាងច្រើន ដោយនិយាយថា ការដាក់ពង្រាយ UAVs នៅទូទាំងពិភពលោក ទាមទារឱ្យមានការធ្វើឱ្យទាន់សម័យជាបន្ទាន់នូវទ្រឹស្តីយោធា។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បាននិយាយ នៅថ្ងៃទី ១៥ ខែវិច្ឆិកាថា កាលពីថ្ងៃមុន លោក គីម ជុងអ៊ុន បានពិនិត្យការសាកល្បងដំណើរការនៃយានជំនិះគ្មានមនុស្សបើក (UAVs) សម្រាប់ការវាយប្រហារអត្តឃាត និងបានសង្កត់ធ្ងន់លើតម្រូវការទាមទារឱ្យមានការផលិតទ្រង់ទ្រាយធំយ៉ាងឆាប់រហ័ស។
មេដឹកនាំកូរ៉េខាងជើងបានអះអាងថា ទីក្រុងព្យុងយ៉ាងមាន “សមត្ថភាព និងសក្តានុពលគ្រប់គ្រាន់ក្នុងការផលិត និងណែនាំប្រភេទ UAVs ជាច្រើនប្រភេទ” ហើយនឹងស្វែងរកលទ្ធភាពនៃការបញ្ចូលគ្នា និងអនុវត្ត “វិធីសាស្ត្រយុទ្ធសាស្ត្រថ្មី និងជោគជ័យ” តាមតម្រូវការនៃសង្គ្រាមទំនើប។
នៅថ្ងៃដដែល កាសែត Rodong Sinmun (របស់គណបក្សពលករកូរ៉េ) បានបន្ថែមថា ដំណើរទស្សនៈកិច្ចនេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ទៅកាន់អង្គភាពមួយនៃអគារបច្ចេកវិទ្យាយានជំនិះគ្មានមនុស្សបើក និងក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក គីម លោក ជុងអ៊ុន បានត្រួតពិនិត្យ និងធ្វើជាសាក្សីក្នុងការសាកល្បងយន្តហោះគ្មានមនុស្សបើកវាយប្រហារដែលទើបបង្កើតថ្មី។
ប្រភេទយន្តហោះគ្មានមនុស្សបើកវាយប្រហារទាំងនេះត្រូវបានរចនាឡើងដើម្បីអនុវត្តការវាយប្រហារយ៉ាងជាក់លាក់លើគោលដៅក្នុងជួរនៅលើដី និងសមុទ្រ។
ក្នុងអំឡុងពេលធ្វើតេស្ត យន្តហោះគ្មានមនុស្សបើក “បានហោះហើរតាមគន្លងយុទ្ធសាស្ត្រដែលបានបង្កើតឡើងមុន វាយលុកគោលដៅប្រកបដោយភាពត្រឹមត្រូវខ្ពស់ បំពេញតាមតម្រូវការ និងលក្ខណៈបច្ចេកទេស”។
លោក គីម ជុងអ៊ុន បានសម្តែងការពេញចិត្តចំពោះលក្ខណៈបច្ចេកទេស និងយុទ្ធសាស្ត្រនៃយន្តហោះគ្មានមនុស្សបើកដែលទើបបង្កើតថ្មី ហើយក៏បានកោតសរសើរចំពោះសមិទ្ធិផលដ៏លេចធ្លោនៃបច្ចេកវិទ្យា Drone Complex ដែលសម្រេចបាន៕ ដោយ៖ ធីរីណា
រូបថត៖ baotintuc