ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ៖ បរិស្ថានត្រូវបានស្អាត នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកនៅថ្ងៃទី១ បានបញ្ចប់ទៅ ក្រុមការងារខាងសម្អាតអនាម័យរបស់សាលារាជធានីភ្នំពេញនិងក្រុមហ៊ុនប្រមូលសំរាមទាំង៣ បានសហការគ្នាសម្រុករួតរះសម្អាត ដោយការប្រមូលសំរាមដឹកចេញនិងមានការបាញ់ទឹកលាងសម្អាតតាមដងផ្លូវទីតាំងនានាផងនោះបានបញ្ចប់ដោយជោគជ័យស្អាតនិងមានសោភណភាពឡើងវិញត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

បើទោះបីក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋយើងមកដើរកម្សាន្តមានការយល់ដឹងខ្ពស់ក្នុងការទុកដាក់សំរាមយ៉ាងណាក៏ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញតាមការណែនាំនិងយកចិត្តទុកដាក់ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ចេញកម្លាំងការិយាល័យសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញចំនួន៣៣០នាក់ សហការជាមួយក្រុមហ៊ុនប្រមូលសំរាមទាំង៣នៅរាជធានីភ្នំពេញដើម្បីបោសសម្អាត កើបសំរាមនៅតាមដងផ្លូវ តាមសួនច្បារនានា និងតំបន់ប្រារព្ធពិធី ប្រមូលវេចខ្ចប់រួចដឹកចេញដោយព្រឹកឡើងគឹបានរួចរាល់ស្អាតទាំងអស់តែម្តង ។

នេះបើយោងតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។

លោកស្រីបន្តថា ទោះបីព្រះរាជពិធីបុណ្យបានបញ្ចប់ទៅដោយបានបន្សល់នូវសំរាម ដែលបងប្អូនប្រជាពលរដ្ឋយើងបានដើរលេងកម្សាន្ត និងហូបចុកតាមសួនច្បារនានាក្នុងរាជធានីភ្នំពេញ តែត្រូវបានធ្វើការបោសសម្អាតនិងប្រមូលកើបចេញអស់នៅថ្ងៃបន្ទាប់។

ជាមួយគ្នានេះលោក ស៊ូ សាវ៉ន ប្រធាន ការិយាល័យ សួនច្បារនិងរុក្ខជាតិនៃមន្ទីរ សាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងបោសសម្អាតសំរាមនៅសួនច្បារនានានិងតំបន់ប្រារព្ធពិធីដោយធ្វើការបោស 

សម្អាត កើបសំរាមចេញក្រោយចប់ពិធីសប្បាយភាពចាប់ពីម៉ោង១២យប់ ថ្ងៃទី១៤វិច្ឆិការហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៥ វិច្ឆិកាទើបរួចរាល់ទាំងស្រុង។

លោកស្រី ដោ សម្ផស្ស បានបញ្ចាក់ទៀតថា ការគ្រប់គ្រងសំរាមឬប្រមូលសំរាមចេញពីតំបន់កម្សាន្តនានាក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ គឺអាជ្ញាធររាជធានីយើងគ្រប់គ្រងបានដូចរាល់ឆ្នាំ មិនមានការយឺតយ៉ាវឬកកស្ទះសំរាមនោះទេ” ។

លោកស្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងទៀតថា សម្រាប់ថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរយើងនិងជនបរទេសជាភ្ញៀវទេសចរប្រមាណ១លាន១សែននាក់បានចូលរួមទស្សនាកម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព ។ជារួមឆ្នាំ២០២៤នេះមានអ្នកដើរលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកមានការកើនឡើងជាងឆ្នាំមុនៗ ជាពិសេសនោះគឺភ្ញៀវទេសចរបរទេស ។ 

លោកស្រីបានបញ្ជាក់ថា ដោយសារតែឆ្នាំ២០២៤នេះ គណៈកម្មការបុណ្យជាតិ និងអន្តរជាតិ បានរៀបចំជាវេទិកាដែលបើកទូលាយជូនភ្ញៀវបរទេសអាចអញ្ជើញចូលរួមទស្សនា ដែលធ្វើឱ្យភ្ញៀវបរទេសបង្ហាញអារម្មណ៍សប្បាយចិត្តនិងពេញចិត្តជាខ្លាំង ។

ចំពោះសន្តិសុខសណ្តាប់ធ្នាប់វិញ ត្រូវបានអ្នកនាំពាក្យរូបនេះបញ្ជាក់ថា ពុំមានចំណុចអ្វីគួរកត់សម្គាល់ទេ គឺយើងរក្សាបានសណ្តាប់ធ្នាប់របៀបរៀបរយបានល្អ ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងនាមជាម្ចាស់ផ្ទះដោយរួម ជាមួយថ្នាក់ជាតិនិងកងកម្លាំង និងគ្រប់ផ្នែកដែលពាក់ព័ន្ធសហការគ្នាការពារគឺ មានសន្តិសុខសណ្តាប់ល្អពុំមានបញ្ហាអ្វីកេីតឡេីងគួរឱ្យកត់សម្គាល់នោះទេ។

ប៉ុន្តែអ្វីដែលកត់សម្គាល់គឺមានចំណុចតូចៗមួយចំនួន ដូចជាករណីវង្វេងបាត់ក្មេងពីឪពុកម្តាយ ឬអាណាព្យាបាល ប៉ុន្តែទោះជាយ៉ាងនេះក្តី ករណីនេះក៏ត្រូវបានក្រុមការងារប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ រហូតឈានដល់ការរកឃើញវិញផងដែរ ៕

ដោយ ៖ សំរិត


ចែករំលែក៖