ភ្នំពេញ៖ សត្វត្មាតភ្លេីងចំនួន៣ក្បាល រួមទាំងញី ២ ក្បាល ត្រូវបានគេប្រទះឃើញចុះទៅស៊ីចំណីនៅអាហារដ្ឋានត្មាតដែលរៀបចំនៅក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្ត ក្រចេះ ។ នេះបេីយោងតាមអង្គការ WWF-កម្ពុជាបានឱ្យដឹងនៅថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ ។
ត្មាតភ្លើង គឺជាឈ្មោះបក្សីមួយប្រភេទ មានដងខ្លួនពណ៌ខ្មៅ ក្បាល និងជើងក្រហម ភ្លៅមានរោមពណ៌ស និងមានឆ្នូតស តាមបណ្ដោយកណ្ដាលស្លាប។ ចំពោះត្មាតភ្លើង មានកម្ពស់ចាប់ពី ៧៦សង់ទីម៉ែត្រទៅ៨៦សង់ទីម៉ែត្រ។សត្វត្មាតប្រភេទនេះដែរត្រូវបានប្រជាជពលរដ្ឋចាត់ទុកជាមេត្មាត ឬហៅថាស្តេចត្មាត ក្នុងចំណោមប្រភេទត្មាតទាំងអស់នៅកម្ពុជា។
គួរបញ្ជាក់ថា សត្វត្មាតនៅកម្ពុជាមានបីប្រភេទដូចជាត្មាតភ្លើង ត្មាតត្នោត និងត្មាតប្រផេះ ។ ហេីយត្មាតភ្លើងនេះ គឺជាសត្វត្មាតមួយប្រភេទក្នុងចំណោមសត្វត្មាតជិតផុតពូជចំនួនបីដែលកំពុងតែមានវត្តមានរស់នៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាម៉ិញ ចំនួនរបស់ពួកគេបានធ្លាក់ចុះនៅទូទាំងអាស៊ីអាគ្នេយ៍ ខណៈដែលពួកគេប្រឈមមុខនឹងការពុល និងការបរបាញ់។
តើអ្នកធ្លាប់លឺពាក្យថា «អាហារដ្ឋានត្មាតដែរឬទេ?» នៅទីនេះ គឺគេបានដាក់សត្វដែលងាប់ធ្វើជាចំណីដល់សត្វត្មាតជាអាហារដែលមានសុវត្ថិភាព។ សូមចូលរូួម ជួយការពារចំនួនសត្វត្មាតដែលនៅសេសសល់ និងតើអ្នកអាចប្រាប់បានទេថា នៅក្នុងតំបន់របស់អ្នកមានចំនួនសត្វត្មាតប៉ុន្មាន? ៕
ដោយ៖ ភារ៉ា ដង្កោ