ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបាន បញ្ជូន ជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស(ប្លន់ម៉ូតូ) នៅស្រុកស្វាយជ្រំ។
យោងតាមលោក សោមសុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឱ្យដឹង នារសៀលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៤នេះថា ដោយមានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងដោយមានការសម្របសម្រួលពី លោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចាត់តាំងលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ កុយ សុធីឡៃ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ កំលាំង អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ចុះស្រាវជ្រាវបង្ក្រាប។
ប្រភពបន្តថា ក្រោយស្រាវជ្រាវសមត្ថកិច្ច បាន ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ (ប្រុស) ដែលធ្លាប់ធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ករណីលួចមានស្ថានទម្ងន់ទោស(ប្លន់ម៉ូតូ)នាពេលកន្លងមក ក្នុងមូលដ្ឋានស្រុកស្វាយជ្រំ។
ដោយសមត្ថកិច្ច ដកហូតវត្ថុតាងមាន៖ ម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃ ០១គ្រឿង។
ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សុថាន