ខេត្តស្វាយរៀង៖ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាតិនិងអន្តរជាតិបានមកដើរលេងកម្សាន្តក្នុងខេត្តស្វាយរៀងសរុបប្រមាណ៧០០០នាក់ ។
យោងតាម លោកវ៉ាន សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានអោយដឹងនារសៀលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៤នេះថា ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកកម្សាន្តតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក្នុងខេត្តស្វាយរៀង នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤ ដែលមានរយៈពេលបីថ្ងៃ (១៤-១៥-១៦) ខែវិច្ឆិកា ឆ្នាំ២០២៤ មានចំនួនសរុបប្រមាណ៧០២០នាក់ស្រី ៣៥០០នាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួន ៦៧ នាក់ មានការកើនឡើងចំនួន១៨៨០ នាក់ ស្មើនឹង៣៦.៥៧% បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានចំនួន: ៥១៤០ នាក់ ។
លោក ប្រធានមន្ទីរទេសចរណ៍ខេត្ត បានបន្តថា ពិសេស ក្រោមការដឹកនាំ ពីសំណាក់ លោក ប៉េងពោធ៏សា អភិបាលខេត្ត ចំពោះការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបរយសាធារណៈ គឺកងកម្លាំង និងគ្រប់ផ្នែកដែលពាក់ព័ន្ធ រក្សាបាននូវសន្តិសុខសណ្តាប់ល្អ ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។
សូមរំលឹកថា ព្រះរាជពិធីបុណ្យអុំទូកត្រូវបានប្រារព្ធធ្វើឡើង ដើម្បីជាការរំលឹកគុណចំពោះកងទ័ពជើងទឹកខ្មែរ ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំងនាសតវត្សទី១២ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ពីឆ្នាំ១១៧៧ ដល់ឆ្នាំ១១៨១ ដូចមានបង្ហាញចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារជាដើមហើយជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីឱ្យប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយអបអរសាទរបុណ្យប្រពៃណីជាតិខ្មែរដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ព្រមទាំងទស្សនាការបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្តែងសិល្បៈទាំង៣រាត្រី៕
ដោយ៖ សុថាន