វិមានក្រឹមឡាំង និងក្រសួងការបរទេសរុស្ស៊ីបានព្រមានអំពីការឆ្លើយតប “សមាមាត្រ និងច្បាស់លាស់” ប្រសិនបើអ៊ុយក្រែនប្រើអាវុធរយៈចម្ងាយឆ្ងាយរបស់អាមេរិកដើម្បីវាយប្រហាររុស្ស៊ី។
កាលពីថ្ងៃទី១៨ ខែវិច្ឆិកា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រសិនបើព័ត៌មានអំពីប្រធានាធិបតីអាមេរិក លោក Joe Biden អនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់អាមេរិក ដើម្បីវាយប្រហារលើប្រទេសរុស្ស៊ី ត្រូវបានបញ្ជាក់នោះ វានឹងក្លាយជាជម្លោះកាន់តែធ្ងន់ធ្ងរ។
សេចក្តីថ្លែងការណ៍របស់លោក Peskov បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានអាមេរិកជាច្រើន រួមទាំងកាសែត The New York Times បានរាយការណ៍ថា លោក Biden បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្តល់ដោយសហរដ្ឋអាមេរិក ជាពិសេសប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រ System Army (ATACMS) វាយប្រហារក្នុងប្រទេសរុស្ស៊ី។ សេតវិមាន និងមន្ទីរបញ្ចកោណ មិនបានធ្វើអត្ថាធិប្បាយលើព័ត៌មានខាងលើទេ។
យោងតាមលោក Peskov ជំហររបស់ទីក្រុងមូស្គូលើបញ្ហានេះ ត្រូវបានបញ្ជាក់យ៉ាងច្បាស់ដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅដើមឆ្នាំនេះថា អ៊ុយក្រែនមិនអាចធ្វើការវាយប្រហារដោយអាវុធរយៈចម្ងាយឆ្ងាយបានទេ បើគ្មានការចូលរួមចំណែកផ្ទាល់ពីសារព័ត៌មានលោកខាងលិច និងជំនាញយោធា។
អ្នកនាំពាក្យវិមានក្រឹមឡាំងបានព្រមានថា “ការវាយប្រហារបែបនេះនឹងមានន័យថាបណ្តាប្រទេសនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ស្ថិតក្នុងស្ថានភាពនៃសង្រ្គាមជាមួយរុស្ស៊ី” ។
លោក Peskov បានបន្ថែមថា ប្រសិនបើព័ត៌មានអំពីអាវុធរយៈចម្ងាយឆ្ងាយត្រូវបានបញ្ជាក់ “វាពិតជានឹងបង្កើតឱ្យមានការកើនឡើងថ្មីទាំងស្រុង និងស្ថានភាពខុសគ្នាទាំងស្រុងទាក់ទងនឹងកម្រិតនៃអន្តរាគមន៍របស់សហរដ្ឋអាមេរិកក្នុងជម្លោះនេះ”។
នៅពេលសួរថា តើប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump នឹងបដិសេធការសម្រេចចិត្តខាងលើនៅពេលគាត់ចូលកាន់តំណែងក្នុងខែមករាឬយ៉ាងណានោះ លោក Peskov បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ៕ ដោយ៖ ធីរីណា
រូបថត៖ Tass