ភ្នំពេញ ៖ ក្រសួងទេសចរណ៍ សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល ដោះស្រាយវិវាទរវាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក និងតំណាងអតិថិជនដែលជាជនរងគ្រោះ ចំនួន៨២គ្រួសារ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងអគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន ប្រធានសមាគមទេសចរណ៍កម្ពុជា មេធាវីតំណាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក និងតំណាង គ្រួសាររងគ្រោះ សរុបចំនួន៥៩រូប។
ក្រសួង សូមធ្វើការបញ្ជាក់ជូនសាធារណជនជ្រាបថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅក្រសួង បានចេញសេចក្តីជូនដំណឹងលេខ៤៣៨ សជណ.អគឧ ស្តីពីការលុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក ដោយសារភ្នាក់ងារទេសចរណ៍នេះបានខកខានបំពេញកាតព្វកិច្ចជូនអតិថិជនតាមកិច្ចសន្យា និងបានប្រព្រឹត្ត ខុសនឹងបទប្បញ្ញត្តិដែលមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ ក្រោមក្របខ័ណ្ឌ សមត្ថកិច្ចក្រសួងទេសចរណ៍ ក្រសួងនឹងចេញសេចក្តីសម្រេចស្តីពីការលុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍ យោងតាមច្បាប់ និងនីតិវិធីជាធរមាន។
ដោយឡែក ពាក់ព័ន្ធនឹងករណីវិវាទខាងលើ ដើម្បីធានាបាននូវបរិយាកាសសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងដើម្បីឆ្លើយតបនឹងសំណូមពរដែលមាននៅក្នុងលិខិតស្នើសុំអន្តរាគមន៍របស់តំណាងប្រជាពលរដ្ឋរងគ្រោះ កិច្ចប្រជុំ ខាងលើបានរៀបចំឡើងក្នុងគោលបំណង ជួយសម្របសម្រួលដោះស្រាយវិវាទរវាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក ឯ.ក និងអតិថិជនដែលជាប្រជាពលរដ្ឋរងគ្រោះ។
ក្នុងន័យនេះ ដោយឈរលើយុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការសម្របសម្រួល របស់ លោករដ្ឋមន្ត្រី ជាលទ្ធផលភាគីជនរងគ្រោះ និងតំណាងភាគីភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល បានឯកភាព និងព្រមព្រៀងដូចខាងក្រោម៖
១. បង្កើតក្រុមការងារចំពោះកិច្ចមួយដែលមានសមាសភាពត្រីភាគី (តំណាងក្រសួងទេសចរណ៍ តំណាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល និងតំណាងប្រជាពលរដ្ឋរងគ្រោះ)។
២. ពិនិត្យលទ្ធភាពរៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀងសះជា ដាក់ជូនគូភាគីពិនិត្យ និងផ្តល់យោបល់ មុននឹង ឈានដល់ការចុះកិច្ចព្រមព្រៀងសះជា។
ពាក់ព័ន្ធនឹងករណីខាងលើ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់អតិថិជនដែលជាជនរងគ្រោះ សូមធ្វើការ ទំនាក់ទំនងមកក្រសួងទេសចរណ៍ តាមរយៈ លោក មុយ សែ អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងទេសចរណ៍ ដែលមាន លេខទូរសព្ទ ០៧៨ ៣៩៩ ២២៧ ចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះ រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ សេចក្តីដូចបានជម្រាបជូនខាងលើ សូម សាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា