ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលរងខេត្តស្វាយរៀង ណែនាំមន្ត្រីជំនាញចុះដោះស្រាយរាល់បញ្ហាប្រឈមនានាដល់មូលដ្ឋាន ដែលប្រជាពលរដ្ឋលើកឡើងក្នុងវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តក្នុងស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត បានណែនាំមន្ត្រីជំនាញចុះដោះស្រាយរាល់បញ្ហាប្រឈមនានាដល់មូលដ្ឋាន ដែលប្រជាពលរដ្ឋលើកឡើងក្នុងវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តក្នុងស្រុករមាសហែក។

ការណែនាំបែបនេះធ្វើឡើង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២៤ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត​ អាណត្តិទី៤​ ក្រោមអធិបតី លោក រស់ឆាយ សមាជិកក្រុមប្រឹក្សាខេត្ត តំណាង លោកម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ស្ថិតនៅបរិវេណសាលាស្រុករមាសហែក។ 

វេទិកានេះមានការអញ្ជើញចូលរួមពី​ លោក លោកស្រី ​​សមាជិកក្រុមប្រឹក្សាខេត្ត​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោក​ លោកស្រីនាយកទីចាត់ការ​អង្គភាពចំណុះសាលាខេត្ត​ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពនានាជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោក ស៊ូម៉ុល អភិបាលស្រុក​ លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី ការិយាល័យជំនាញជុំវិញស្រុកបងប្អូនប្រជាពលរដ្ឋ​ និងអាជ្ញាធរពាក់ព័ន្ធជាច្រេីនរូបទៀត។

មានប្រសាសន៍ទៅកាន់ពិធីនេះ​ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត បានថ្លែងអណរគុណចំពោះវត្តមាន លោក លោកស្រី ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជន និងសមាជិក សមាជិការនៃអង្គវេទិកាទាំងមូលដែលបានចូលរួមក្នុងវេទិកានេះ ដែលបង្ហាញអោយឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លា នៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌ យុត្តិសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ អោយកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត បម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលជាកម្មវត្ថុចម្បងនៃការរៀបចំអង្គវេទិការនៅពេលនេះ។

ក្នុងឱកាសនោះ លោក រស់ ឆាយ សមាជិក ក្រុមប្រឹក្សាខេត្តស្វាយរៀង បានលើកឡើងថា វេទិកាផ្សព្វផ្សាយនេះ និងផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សា និងតាមរយះការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយអោយកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអទិភាព និងការកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន៕

ដោយ៖ សុថាន


ចែករំលែក៖