ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បាននិយាយថាលោកខាងលិចគួរតែយកចិត្តទុកដាក់ចំពោះគោលលទ្ធិនុយក្លេអ៊ែរថ្មីរបស់រុស្ស៊ីដែលឆ្លុះបញ្ចាំងពីសិទ្ធិនិងសមត្ថភាពរបស់ទីក្រុងម៉ូស្គូក្នុងការការពារខ្លួនប្រឆាំងនឹងការគំរាមកំហែង។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា បានចុះហត្ថលេខាលើក្រឹត្យមួយអនុម័តលើមូលដ្ឋានគោលនយោបាយជាតិក្នុងវិស័យទប់ស្កាត់នុយក្លេអ៊ែរ – គោលលទ្ធិនុយក្លេអ៊ែរថ្មីរបស់រុស្ស៊ី គឺអាចប្រើប្រាស់អាវុធដ៏គ្រោះថ្នាក់នេះដើម្បីការពារខ្លួន។
ថ្លែងមតិនៅក្រៅកិច្ចប្រជុំ G20 នៅប្រទេសប្រេស៊ីល ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បាននិយាយថា “ខ្ញុំគិតថា សេចក្តីថ្លែងការណ៍របស់រុស្ស៊ីនេះ គឺជាវិធានការសំខាន់មួយ ដើម្បីឆ្លើយតបទៅនឹងជំហររបស់ខ្លួនប្រឆាំងនឹងប្រទេសនេះទាក់ទងនឹងការប្រើប្រាស់ នៃអាវុធធម្មតា”។
លោក Erdogan បានបន្ថែមថា “ខ្ញុំគិតថាបញ្ហានេះត្រូវតែពិនិត្យដោយមន្ត្រីណាតូ។ រុស្ស៊ីមានសិទ្ធិ និងសមត្ថភាពការពារខ្លួន និងចាត់វិធានការការពារ។ ហើយពួកគេត្រូវបានបង្ខំឱ្យចាត់វិធានការទាំងនេះ»។
មេដឹកនាំទួរគីក៏បានសង្កត់ធ្ងន់ដែរថា ប្រទេសណាតូមានសិទ្ធិការពារខ្លួនដូចគ្នា ប៉ុន្តែត្រូវចងចាំថា “គ្មានការចាប់អារម្មណ៍ក្នុងការធ្វើសង្គ្រាមពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរទេ”។
កន្លងមក ទីភ្នាក់ងារសារព័ត៌មានអាមេរិកជាច្រើនបានរាយការណ៍ថា ប្រធានាធិបតីអាមេរិកបច្ចុប្បន្នលោក Joe Biden បានដកការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីលរបស់ Kiev ដែលផ្តល់ដោយប្រទេសនេះ។ នៅក្នុងការវិវឌ្ឍន៍ចុងក្រោយនេះ រុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានប្រើប្រាស់មីស៊ីល ATACMS របស់អាមេរិក ដើម្បីវាយប្រហារលើទឹកដីរបស់ខ្លួន។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានព្រមានលោកខាងលិចថា ការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ទីក្រុងគៀវ នឹងផ្លាស់ប្តូរលក្ខណៈនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន ហើយប្រែក្លាយណាតូ ទៅជាអ្នកចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាម៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)