ក្រុងប៉ោយប៉ែត ៖ រដ្ឋបាលក្រុងប៉ោយប៉ែត មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើការទិញដីពីក្រុមខិលខូចដែលមានទីតាំងស្ថិតនៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឲ្យបានជ្រាបថា ថ្មីៗនេះ មានក្រុមជនខិលខូចមួយក្រុមធ្វើការពុះដីជាល្វែង ទំហំ ៥ម៉ែត្រ គុណនឹង ២០ម៉ែត្រ លក់ក្នុងតម្លៃប្រមាណ ២,៥០០ ដុល្លាអាមេរិក ក្នុងមួយល្វែង ឬលក់ជាដុំ ស្ថិតនៅក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលទីតាំងដីនោះមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ (ប្លង់រឹង) របស់អ្នកដទៃរួចហើយ ដើម្បីចៀសវាងចាញ់បោកពីក្រុមជនខិលខូចខាងលើ រដ្ឋបាលក្រុងប៉ោយប៉ែត សូមជម្រាប ជូនជាដំណឹងដូចខាងក្រោម៖
១. ក្រុមជនខិលខូចដែលកំពុងធ្វើការបំបែកដីជាល្វែងៗលក់ទាំងនោះ គឺជាដីស្ថិតនៅលើដីមានប័ណ្ណកម្មសិទ្ធស្របច្បាប់ (ប្លង់រឹង) របស់អ្នកដ៏ទៃ និងកំពុងបំផុសចលនាឱ្យអ្នកទិញទាំងនោះសាងសង់រោង ខ្ទម ទាំងខុសច្បាប់នៅលើដីកម្មសិទ្ធិអ្នកដទៃទៀតផង។
២. សូមបងប្អូនប្រជាពលរដ្ឋមុននឹងទិញដីទាំងនោះ ត្រូវពិនិត្យឯកសារកាន់កាប់ដី ធ្វើលិខិតលក់ទិញ ដោយមានការទទួលស្គាល់ពីអាជ្ញាធរឱ្យបានត្រឹមត្រូវ ចៀសវាងនាំឲ្យមានការចាញ់បោក និងខាត់បង់ ផលប្រយោជន៍ ។
៣.ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានទិញដីរួចហើយ ប៉ុន្តែពុំមានឯកសារលក់ទិញត្រឹមត្រូវ សូមរាយ ការណ៍ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្រាវជ្រាវចាប់យកជនល្មើសមកផ្តន្ទាទោសតាមច្បាប់។
៤. សូមស្នើដល់ម្ចាស់ដីកម្មសិទ្ធិដែលមានដីស្ថិតនៅទីតាំងខាងលើ សូមមកធ្វើការត្រួតពិនិត្យ និងគ្រប់ គ្រងដីរបស់ខ្លួន ចៀសវាងមានការបាត់បង់ពីសំណាក់ក្រុមជនខិលខូច។
៥. សូមស្នើឲ្យអាជ្ញាធ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ស្រាវជ្រាវបន្ថែមទៀត និងមានវិធានការផ្លូវច្បាប់ ។
សេចក្តីដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជននិងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា