ព័ត៌មានទាន់ហេតុការណ៍៖

មន្ដ្រីជាន់ខ្ពស់រាជធានីភ្នំពេញបញ្ជាឱ្យអាជ្ញាធរខណ្ឌជ្រោយចង្វាចុះបើកផ្លូវតាមសំណើប្រជាពលរដ្ឋអ្នកភូមិដើមគ បន្ទាប់ពីមានការសង់រំលោភលើផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាទៅកាន់អាជ្ញាធរខណ្ឌជ្រោយចង្វា និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវចុះទៅពិនិត្យភ្លាមតាមសំណើរបស់ពលរដ្ឋតំណាងអ្នកភូមិដើមគដែលស្នើសុំបើកផ្លូវចេញចូលភូមិជារបៀបវារៈបន្ទាន់ បន្ទាប់ពីមានការសាងសង់រំលោភលើផ្លូវនាំឱ្យអ្នកភូមិមានការពិបាកក្នុងការចេញចូលភូមិជាប្រយោជន៍រួម ។

លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញជាតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងបែបនេះក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌជ្រោយចង្វានាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលធ្វើឡើងក្នុងផ្សារ OCICដោយមានវត្តមានលោក ជូប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។

វេទិកាខាងលើនេះ មានសមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋសរុប៤៦៦នាក់ចូលរួម និងបានលើកឡើងនូវសំណើនិងសំណូមពរមួយចំនួន ជាក់ស្តែងសំណូមពរផ្ទាល់មាត់ មានចំនួន៨នាក់បានលើកឡើង និងមានជាលាយលក្ខណ៍អក្សរចំនួន១៤សំបុត្រ ។

ការដោះស្រាយបញ្ហាភ្លាមៗរបស់លោក ឃ្លាំង ហួត ជូនប្រជាពលរដ្ឋភូមិដើមគ សង្កាត់ព្រែកតាសេកខាងលើនេះ ធ្វើឡើងបន្ទាប់ពីតំណាងពលរដ្ឋភូមិព្រែកតាសេក បានស្នើសុំផ្ទាល់មាត់វេទិកាខាងលើនេះ មានសមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋ សរុប៤៦៦នាក់ចូលរួម និងបានលើកឡើងនូវសំណើ និងសំណូមពរមួយចំនួន ។ ភាគច្រើននៃសំណើរបស់ប្រជាពលរដ្ឋ ដែលបានលើកឡើង ផ្តោតទៅលើការស្នើសុំកសាងហេរដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបង្គោលភ្លើងជាដើម ។ ដោយឡែក តំណាងពលរដ្ឋមកពីភូមិដើមគមួយរូបបានស្នើសុំមកកាន់អង្គវេទិកាឱ្យជួយដោះស្រាយលើផលវិបាកក្នុងការធ្វើដំណើររបស់អ្នកភូមិ បន្ទាប់ពីផ្លូវលំបុរាណរបស់ភូមិត្រូវបានកាត់ផ្តាច់បន្ទាប់ពីមានការអភិវឌ្ឍតំបន់នោះ ដោយស្នើអាជ្ញាធរជួយបើកមុខផ្លូវ និងសាងសង់ផ្លូវបេតុងជូន ដើម្បីងាយ ស្រួលដល់អ្នកភូមិទាំងមូលធ្វើដំណើរ ។

បន្ទាប់ពីទទួលបានសំណើពីពលរដ្ឋខាងលើ លោកឃ្លាំង ហួត ដែលជាតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដោះស្រាយភ្លាមៗ និងបានប្រកាសគាំទ្រលើកិច្ចការងារខាងលើនេះ ដោយបានណែនាំឱ្យអាជ្ញាធរខណ្ឌជ្រោយចង្វា និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចាត់ការដោះស្រាយកិច្ចការងារនេះជាបន្ទាន់ ។

លោកអភិបាលរងមានប្រសាសន៍ថា “ទុករឿងនេះអត់បានទេ ព្រោះសង្កាត់ព្រែកតាសេកនេះ គឺជាសង្កាត់មួយដែលតែងគាំទ្ររាជរដ្ឋាភិបាលគ្រប់អាណត្តិ របៀបវារៈបន្ទាន់ករណីនេះ ហើយត្រូវរាយការណ៍ទៅរដ្ឋបាលរាជធានីភ្នំពេញឱ្យបានមុនដាច់ឆ្នាំនេះ” ។

លោកឃ្លាំង ហួត បានបន្តថា៖ មិនដឹងអ្នកណានៅភ្នំពេញទៅសង់រំលោភផ្លូវតែម្តង មិនមែនក្រុមហ៊ុន OCIC នោះទេ កុំបន្ទោសOCIC គឺបន្ទោសម្ចាស់ដីមួយនោះ ប៉ុន្តែអ្នកណាក៏ដោយ នេះជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ដែលត្រូវយកចិត្តទុកដាក់ ហើយត្រូវរាយការណ៍ឱ្យខ្ញុំ ។ ខ្ញុំមកទីនេះទី១ តំណាងឯកឧត្តមអភិបាលរាជធានីភ្នំពេញ ទី២ក៏សុំប្រើសិទ្ធិក្រុមការងារចុះខណ្ឌនេះ សូមយកចិត្តទុកដាក់រឿងនេះ ចឹងអភិបាលខណ្ឌ ប្រធានក្រុមប្រឹក្សានៅទីនេះ មើលរឿងនេះ” ។

   លោកអភិបាលរង ក៏បានបញ្ជាក់ថា “យើងទាំងអស់គ្នាបានរកឃើញនូវបញ្ហាសំខាន់ៗជាអាទិភាព សម្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ យកទៅធ្វើការពិចារណា កែលម្អ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ជាពិសេស ប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានសង្កាត់ ខណ្ឌរបស់ខ្លួនឱ្យកាន់តែមានភាពល្អប្រសើរ។ ការចូលរួមផ្តល់មតិយោបល់និងការលើកឡើងនូវសំណើ និងសំណូមពររបស់អស់លោកលោកស្រី នាថ្ងៃនេះ គឺបាននាំមកនូវសក្តានុពលដ៏ធំធេង និងធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញអាចឆ្លុះបញ្ចាំងបាននូវចំណុចខ្វះខាត ចំណុចអសកម្ម ដែលបានអនុវត្តកន្លងមក និងអាចឱ្យគណៈអភិបាលរាជធានីភ្នំពេញយកទៅពិចារណាធ្វើការកែលម្អឡើងវិញ ឱ្យបានសមស្រប តាមសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននីមួយៗ”៕

ដោយ ៖ សំរិត


ចែករំលែក៖