លេខាធិការរងផ្នែកសារព័ត៌មានរបស់មន្ទីរបញ្ចកោណ Sabrina Singh បាននិយាយថា សហរដ្ឋអាមេរិកត្រូវបានជូនដំណឹងដោយរុស្ស៊ីភ្លាមៗ មុនពេលដែលទីក្រុងមូស្គូបានបាញ់មីស៊ីលលឿនជាងសំឡេង Oreshnik ចូលទៅក្នុងអ៊ុយក្រែន។ សូមបញ្ជាក់ថា មីស៊ីលនេះ អាចបំពាក់ក្បាលគ្រាប់បរមាណូ ប៉ុន្តែរុស្ស៊ីបានប្រើប្រាស់ក្បាលគ្រាប់ធម្មតាប៉ុណ្ណោះ។
កាលពីថ្ងៃទី 21 ខែវិច្ឆិកា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Sabrina Singh បាននិយាយថា សហរដ្ឋអាមេរិកមិនមានគម្រោងផ្លាស់ប្តូរទីតាំងនុយក្លេអ៊ែររបស់ខ្លួនទេ បន្ទាប់ពីរុស្ស៊ីបានបាញ់មីស៊ីលលឿនជាងសំឡេង Oreshnik ទៅកាន់មូលដ្ឋានយោធារបស់អ៊ុយក្រែន។
លោកស្រី Singh បាននិយាយថា “សហរដ្ឋអាមេរិកត្រូវបានជូនដំណឹងដោយប្រទេសរុស្ស៊ីតាមរយៈបណ្តាញកាត់បន្ថយហានិភ័យនុយក្លេអ៊ែរមិនយូរប៉ុន្មានមុនពេលចាប់ផ្តើមវាយប្រហារ” ។យោងតាមលោកស្រី Singh សហរដ្ឋអាមេរិកនឹងបន្តគាំទ្រអ៊ុយក្រែន ហើយនឹងមានកញ្ចប់ជំនួយបន្ថែមទៀតសម្រាប់ទីក្រុងគៀវនាពេលខាងមុខ។
លោកស្រីបន្តទៀតថា “យើងមិនស្វែងរកសង្រ្គាមជាមួយរុស្ស៊ីទេ ប៉ុន្តែអ្នកនឹងឃើញសម្ព័ន្ធមិត្តនិងដៃគូដែលមានគំនិតដូចគ្នាជាមួយសហរដ្ឋអាមេរិក មកជាមួយគ្នាដើម្បីគាំទ្រអ៊ុយក្រែន ហើយនោះជាអ្វីដែលយើងនឹងបន្តធ្វើ” ។
លោកស្រី Singh ក៏បានបញ្ជាក់ផងដែរថា ទីក្រុងវ៉ាស៊ីនតោន មិនមានចេតនាបង្វែរជម្លោះអ៊ុយក្រែន ទៅជាការប្រឈមមុខដាក់គ្នាក្នុងតំបន់ទ្រង់ទ្រាយធំនោះទេ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា រុស្ស៊ីបានជូនដំណឹងដោយស្វ័យប្រវត្តិដល់សហរដ្ឋអាមេរិកអំពីការបាញ់បង្ហោះកាំជ្រួច Oreshnik តាមរយៈមជ្ឈមណ្ឌលកាត់បន្ថយហានិភ័យនុយក្លេអ៊ែរជាតិរបស់រុស្ស៊ី៕
ដោយ៖ ធីរីណា(រូបថត៖ vtcnews)