ប្រទេសថៃ៖ បារី១០០០សុង ត្រូវក្រុមទាហានឈុតខ្មៅថៃ រុករកឃើញនៅក្នុងព្រៃមួយកន្លែង ក្បែរអូរព្រំដែនខ្មែរ-ថៃ កាលពីថ្ងៃទី២០ វិច្ឆិកា ក្នុងភូមិសាស្ត្រ ឃុំមខាម ស្រុកអរញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ដែលគេសង្ស័យមានជនទុច្ចរិកតលួចនាំឆ្លងដែនពីខ្មែរចេញទៅថៃ ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា កម្លាំងទាហានថៃបានដើរល្បាតតាមព្រំដែន ក៏ប្រទះឃើញកេសបារីទាំងនោះលាក់ទុកនៅក្នុងព្រៃក្បែរអូរព្រំដែន តែមិនឃើញមានម្ចាស់នោះឡើយ។ ប្រភពថាបារីទាំងនោះមានចំនួន១០០០សុង តែគេមិនបានប្រាប់ថា តើបារីទាំងអស់នោះមានម៉ាកអ្វីខ្លះទេ ? ប៉ុន្តែបានរាយការណ៍ថា ទំនិញបារីរត់គេចពន្ធទាំងនេះ ត្រូវជនទុច្ចរិកតលួចនាំចេញពីទឹកដីខ្មែរ ក្នុងភូមិសាស្ត្រ ស្រុកសំពៅលូន ខេត្តបាត់ដំបង ឆ្លងអូរព្រំដែន ចេញទៅទឹកដីថៃ តែកម្លាំងទាហានថៃ រឹបអូសបានតែបារី រីឯម្ចាស់បារីគេកំពុងធ្វើការស្រាវជ្រាវ ។
ប្រភពបានបង្ហើបដែរថា ឈ្មួញទុច្ចរិតដែលតែងដឹកជញ្ជូនទំនិញរត់ពន្ធឆ្លងដែនដូចជាបារីនេះ ភាគច្រើនជាពលករខ្មែរដែលមានមេឈ្មូញធំៗ មានសមាសសភាពភាគច្រើនជាកងកម្លាំងប្រដាប់អាវុធខ្មែរ (នគរបាល និងយោធា) ។ បើតាមប្រភពដដែលនេះបានទម្លាយថា បច្ចុប្បន្ន ឈ្មួញរត់ពន្ធទំនិញឆ្លងដែនពីទឹកដីខ្មែរ តាមច្រករបៀងនានា ចេញទៅប្រទេសថៃ មានគ្រប់រូបភាព និងស្ទើរគ្រប់ទំនិញ ។ មានដូចជា ស្រាបៀរ ខ្ទឹម ជាពិសេស«បារី»នេះតែម្ដង ។
ហើយបើនិយាយពីពលករខ្មែរឆ្លងដែនខុសច្បាប់ចេញទៅធ្វើការនៅប្រទេសថៃវិញ គឺមន្ត្រីព្រំដែនជាអ្នករៀបចំចាត់ចែងយ៉ាងរលូនតែម្ដង ។ ដោយឡែក ទំនិញដែលក្រុមឈ្មូញទុច្ចរិកតលួចនាំចូលពីថៃមកដីខ្មែរវិញ គេសម្គាល់ឃើញមាន «ម៉ូតូ» លេចធ្លោជាងគេ។
សូមបញ្ជាក់ថាៈកន្លងទោថ្មីនេះយោធាថៃបានឃាត់ខ្លួនជនជាតិឥណ្ដូនេស៊ីជាច្រើនអ្នកបម្រុងឆ្លងដែនខុសច្បាប់តាមរយៈមេខ្យល់នៅពេលយប់ក្នុងភូមិសាស្ត្រក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យចូលមកកម្ពុជាផងដែរ។ ប្រភពបញ្ជាក់ថាៈក្នុងទឹកស្រុកម៉ាឡៃ នៅចំណុចច្រករបៀងកោះស្នូល ច្រករបៀងភូមិស្វាយព្រៃ(អ ប៉ឬ93)និងច្រករបៀងចំបក់ មានសត្វគោនាំចេញទំនិញចាប់ហ៊ួយ ម៉ូតូ រួមទាំងជានជាតិឆ្លងដែនខុសច្បាប់ផងដែរ ៕
ដោយ៖ វណ្ណា