ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ តើរាជរដ្ឋាភិបាលបានធ្វើដូចម្ដេចដើម្បីទប់ស្កាត់បដិវត្តន៍ពណ៌ដោយជោគជ័យ?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ បានថ្លែងថា អស់រយៈពេលជាច្រើនទសវត្សរ៍ បណ្ដាប្រទេសដែលអះអាងថាជាជើងឯកពិភពលោកនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានគាំទ្រខ្មែរក្រហមក្នុងការប្រឆាំងនឹងរដ្ឋាភិបាលរបស់សម្ដេច ក្រោយដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម។

សម្តេចតេជោ បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា ICAPP បណ្តាគណបក្សនយោបាយនៅអាស៊ីជិត៦០ មកពីជាង៤០ប្រទេស ដែលបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្ដេចតេជោ បានថ្លែងបន្តថា «រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិទ្ធិមនុស្ស ត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងស្របច្បាប់ ជាក់ស្ដែងបដិវត្តន៍ពណ៌មួយ ត្រូវបានប៉ុនប៉ងធ្វើឡើងដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា»។

សម្ដេចតេជោ ក៏បានលើកពីបទពិសោធន៍ថា បដិវត្តន៍គេអាចធ្វើបាន តួយាងថ្មីៗនេះ គឺបានធ្វើនៅប្រទេសបង់ក្លាដែស ហើយក៏ចង់មកបំផ្លាញនៅកម្ពុជាទៀត ក៏ប៉ុន្តែនៅប្រទេសនេះ យើងខ្ញុំបានស្គាល់វិធីសាស្ត្ររបស់ក្រុមធ្វើបដិវត្តន៍ពណ៌រួចស្រេចទៅហើយ ពួកគេមិនធ្វើរដ្ឋប្រហារផ្ដួលរំលំទៀតទេ មិនផ្ដួលរំលំរដ្ឋាភិបាលតាមបែបរដ្ឋប្រហារនោះទេ ក៏ប៉ុន្តែពួកគេចង់ធ្វើបដិវត្តពណ៌ជំនួសវិញតាមរយៈប្រើហ្វូងមនុស្សមកផ្ដួលរំលំ។ វិធីសាស្ត្រដំបូងរបស់ពួកគេ គឺធ្វើឱ្យអព្យាក្រឹត្យកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៉ីវិល។

ជាមួយគ្នានោះផងដែរ សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា សម្រាប់កម្ពុជា អព្យាក្រឹត្យអនុញ្ញាតតែបក្សនយោបាយនិងបក្សនយោបាយប៉ុណ្ណោះ ប៉ុន្តែកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៉ីវិល គឺជាឧបករណ៍របស់រដ្ឋ មិនអាចអព្យាក្រឹតបានទេ ដូច្នេះពួកបដិវត្តក៏មិនអាចធ្វើអ្វីបានដែរ យើងត្រូវឈ្លាសវៃក្នុងការគ្រប់គ្រងស្ថានការណ៍ ពីព្រោះមិនដូច្នោះឈាមនឹងត្រូវហូរ ប្រទេសនឹងត្រូវបែកបាក់សារជាថ្មីម្ដងទៀត ដូច្នេះយើងមិនញញើតដៃក្នុងការប្រើប្រាស់វិធានការទាំងឡាយដើម្បីទប់ស្កាត់បដិវត្តពណ៌នោះទេ។ 

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា សម្ដេចខ្លួនឯងផ្ទាល់ជាតួអង្គដ៏សំខាន់មួយរូប ដែលបានចូលរួមក្នុងការចរចារស្វែងរកសន្តិភាពរបស់កម្ពុជា ជាមួយព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ នៅឆ្នាំ១៩៨៧ ការចរចារដ៏តានតឹងបាន ប្រើប្រាស់ពេលវេលាអស់រយៈពេល៤ឆ្នាំ មុនពេលដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីនយោបាយរួមមួយនៅកម្ពុជា ត្រូវបានចុះហត្ថលេខាមួយដោយភាគីជំនួសកម្ពុជាចំនួន៤ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

ត្រង់ចំណុចកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការសម្រេចនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ និងការសម្រេចបាននៅការបង្កើតអាជ្ញាធរ បណ្ដោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ ត្រូវបានសហគមន៍អន្តរជាតិសាទរ និងចាត់ទុកថា ជាជោគជ័យដ៏ធំមួយ និងជាចំណុចរបត់មួយនៅក្នុងប្រវត្តិសាស្រ្តនៃកម្ពុជា ឈានទៅបញ្ចប់សង្រ្គាមស៊ីវិលដ៏យូរអង្វែងដែលបានអូសបន្លាយអស់រយៈពេលប្រមាណមួយទស្សវតន៍ និងនាំមកនូវសន្តិភាពដល់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមគូសបញ្ជាក់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខា អ្វីដែលជាកិច្ចជាគោលបំណងធំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន អ៊ុនតាក់មិនអាចសម្រេចបានទេ ពេលអ៊ុនតាក់ត្រឡប់ទៅវិញ អ៊ុនតាក់ទុកឲ្យកម្ពុជាមានតំបន់២ ត្រួតត្រា និងតំបន់រដ្ឋាភិបាល២ បន្តការប្រយុទ្ធគ្នា តទៅទៀត។ ដូច្នេះជម្រើសដែលនៅសេសសល់ គឺកម្ពុជាត្រូវធ្វើការងារនេះដោយខ្លួនឯង»៕

ដោយ ៖ សិលា


ចែករំលែក៖