ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ម៉ែន សំអន ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកត្រិន ថាញ់មិន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-វៀតណាម និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ត្រិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារសូហ្វែតែល រាជធានីភ្នំពញ នាព្រឹកថ្ងៃសៅរ៍ ៨ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតថ្លែងស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោក ត្រិន ថាញ់មិន ព្រមទាំងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅកម្ពុជា។ សម្តេចបានបន្តទៀតថា ដំណើរទស្សនកិច្ចនាពេលនេះមិនត្រឹមជាការបន្តរឹត ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរឱ្យកាន់តែរឹងមាំថែមទៀតប៉ុណ្ណោះទេ តែដើម្បីចូលរួមនូវព្រឹត្តិការណ៍សំខាន់ៗ រួមមាន ពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់រដ្ឋសភា ចូលរួមមហាសន្និបាតនៃសន្និសីទអន្តរជាតិរបស់បណ្តាគណបក្សនយោបាយនៅអាស៊ី ICAPP លើកទី១២ និងចូលរួមសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាពលើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

លោកត្រិន ថាញ់មិន បានលើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការីកចម្រើនយ៉ាងឆាប់រហ័ស។ លោកប្រធានសភាក៏ បានលើកទឹកចិត្តដល់ប្រទេសទាំងពីរ ដែលមានទាំងវិស័យរដ្ឋ និងវិស័យឯកជនត្រូវរួមគ្នាកាន់តែសកម្មឡើង ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការទ្វេរភាគី ឱ្យកាន់តែជិតស្និទ្ធឡើង តាមរយៈ ការផ្លាស់ប្តូរដំណើរទស្សនកិច្ច ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ពង្រឹងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីឲ្យកាន់តែមានភាពជិតស្និតមួយកម្រិតទៀត។

គួរំលឹកផងដែរថា នៅថ្ងៃទី ៥-៦ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ  សមាគមមិត្តភាពនៃប្រទេស ទាំងពីរនឹងជួបប្រជុំគ្នានៅខេត្តកែប។ 

សម្តេចក៏បានជូនពរឲ្យ លោក ត្រិន ថាញ់មិន និង គណៈប្រតិភូទទួលបានការស្នាក់នៅប្រកបដោយផាសុខភាព ទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មនៅព្រះរាជាណចក្រកម្ពុជា និងត្រលប់ទៅកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព៕

ដោយ៖ សូរិយា


ចែករំលែក៖