ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច​តេជោ ហ៊ុន សែន ​បានអនុញ្ញាតឱ្យ ប្រតិភូថ្នាក់ដឹកនាំក្រុមអន្តរសភា និងអង្គការអន្តរជាតិ ចូលជួបសម្ដែងការគួរសម

ចែករំលែក៖

 ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញនេះ​ បានអនុញ្ញាតឱ្យប្រតិភូថ្នាក់ដឹកនាំនៃក្រុមអន្តរសភា និងអង្គការអន្តរជាតិ ដឹកនាំដោយលោក Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកល ដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការសេចក្តីរីករាយ ស្វាគមន៍ និងយ៉ាងកក់ក្តៅជូនដល់ លោក Ahmed bin Mohamed Aljarwan ប្រធាន GCTP និងប្រតិភូថ្នាក់ដឹកនាំក្រុមអន្តរសភា និងអង្គការអន្តរជាតិ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំ IPTP លើកទី១១ ក្នុងពេលនេះ ។ សម្តេចតេជោ ចាត់ទុកកិច្ចប្រជុំនេះ ជាវេទិកាដ៏សំខាន់សម្រាប់ប្រទេសមកពីច្រើនតំបន់ មកជួបប្រជុំគ្នា និងជាសម្លេងរបស់ប្រទេសកំពុងអភិវឌ្ឍ ដែលជាសម្លេងមានសារៈសំខាន់ដល់ការកសាងសន្តិភាព និងភាពអត់ឱននៅលើពិភពលោក។ សម្តេចតេជោ បានលើកទឹកចិត្តឱ្យខិតខំបន្តរៀបចំថែមទៀតនូវវេទិកាដ៏មានសារៈសំខាន់នេះ។ ពេលនេះ កម្ពុជា ក៏ដូចជាប្រទេសរបស់គណៈប្រតិភូទាំងអស់ បានក្លាយជាគ្រួសារតែមួយ គឺគ្រួសារ IPTP។

នៅក្នុងឱកាសនោះ លោក Ahmed bin Mohamed Aljarwan  បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ ដែលបានផ្តល់កិត្តិយស និងពេលវេលាមានតម្លៃ អនុញ្ញាតជូនដល់ឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម។ លោកប្រធាន GCTP បានសម្តែងនូវការកោតសរសើរ និងស្ញប់ស្ញែងចំពោះសម្តេចតេជោជាទីបំផុត តាមរយៈប្រសាសន៍សម្តេចនៅក្នុងពិធីបើក IPTP លើកទី១១ ពីការកសាងប្រទេសចេញពីបាតដៃទទេ និងដឹកនាំប្រទេសចេញឆ្ងាយពីសង្រ្គាមបែកបាក់ និងសោកនាដកម្មអំពើប្រល័យពូជសាសន៍ រហូតទទួលបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។  

លោកប្រធាន GCTP បានជម្រាបជូនសម្តេចតេជោថា លោកបានត្រងត្រាប់ស្តាប់ ការអត្ថាធិប្បាយរបស់សម្តេច ដោយការយកចិត្តទុកដាក់ខ្ពស់ ហើយឯកឧត្តមបានរៀនសូត្រច្រើនណាស់ពីសម្តេចតេជោ និងពីប្រទេសកម្ពុជា។ ​លោក​ នឹងចងក្រងចំណេះដឹងទាំងអស់នោះ ជាឯកសារគ្រឹះដើម្បីបន្តសិក្សាទៅថ្ងៃខាងមុខ។ លោក បានបន្តថា ប្រសាសន៍របស់សម្តេចតេជោ ពីតួនាទីរបស់ប្រទេសកំពុងអភិវឌ្ឍ ក្នុងការចូលរួមកសាង និងថែរក្សាសន្តិភាព​ គួរត្រូវបានផ្សព្វផ្សាយទូទាំងពិភពលោក។ ឯកឧត្តមប្រធាន មានប្រសាសន៍ថា គណៈប្រតិភូដែលមកចូលរួមកិច្ចប្រជុំ IPTP​លើកទី១១ នៅពេលនេះ មានទាំងប្រទេសមកពីតំបន់អាស៊ីកណ្តាល តំបន់អារ៉ាប់ តំបន់អាហ្រ្វិក តំបន់អាមេរិកឡាទីន អាស៊ីប៉ាស៊ីហ្វិក អាស៊ីអាគ្នេយ៍ ហើយពេលនេះប្រទេសកម្ពុជាគឺជាចំណុចកណ្តាល នៃតំបន់ទាំងអស់នេះ។ លោកប្រធាន បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យលោក និងគណៈប្រតិភូ បានស្គាល់ប្រទេសកម្ពុជា ដ៏សែនស្រស់ស្អាតនេះ ទោះបីធ្លាប់ឆ្លងកាត់ការលំបាកដ៏សែនវេទនា និងសូមថ្លែងអំណរគុណប្រទេសកម្ពុជា ដែលបានចូលរួមគាំទ្រ ធម្មនុញ្ញសន្តិភាពសកល ផងដែរ។

នៅក្នុងឱកាសនៃជំនួបនោះផងដែរ សមាជិកគណៈប្រតិភូដែលជាថ្នាក់ដឹកនាំសភាប្រពីប្រទេស ប៉េរូ ប្រធានសភាអាស៊ីដើម្បីទឹក និងបេក្ខជនប្រធានាធិបតីប្រទេសអង់ហ្គោឡា បានសម្តែងនូវការដឹងគុណ ចំពោះសម្តេចតេជោ ដែលបានផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងអបអរសាទរ សម្តេចតេជោ ដែលបានទទួលនូវ “ពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី”។ ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី នេះ ពិតជាស័ក្តិសមជាទីបំផុតសម្រាប់បទពិសោធន៍ក្នុងការកសាងសន្តិភាព និងថែរក្សាសន្តិភាពរបស់សម្តេច។

គណៈប្រតិភូទាំងអស់ បានយល់ស្របជាឯកច្ឆ័ន្ធថា វេទិកាសភា IPTP លើកទី១១ នេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីបណ្តាប្រទេស ដែលបានមកចូលរួម អាចឡើងបញ្ចេញមតិ និងបញ្ចេញសម្លេងរបស់ខ្លួន មិនថាជាប្រទេសតូច ឬធំ ប្រទេសអ្នកមាន ឬប្រទេសក្រីក្រនោះទេ។ លោក លោកស្រី​ សមាជិកគណៈប្រតិភូ ក៏បានសំណូមពរឱ្យបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងប្រទេសកម្ពុជា និងប្រទេសប៉េរូ កូរ៉េ និងអង់ហ្គោឡា ទាំងក្នុងក្របខណ្ឌពហុភាគី និងទ្វេភាគី នៅក្នុងវិស័យធនធានទឹក ការទូត ពាណិជ្ជកម្ម និងវិនិយោគ។

លោកប្រធាន GCPT បានលើកឡើងពីការបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងឆាអន្តរជាតិ ជាពិសេសនៅពេលខាងមុខនៅពេលដែលមានការធ្វើកំណែទម្រង់អង្គការសហប្រជាជាតិ (អ.ស.ប.) និងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ។ លោកប្រធាន បានលើកឡើងថាកន្លងមកមានការជជែកវែកញែក ពីការបញ្ចូលតំណាងប្រទេសកំពុងអភិវឌ្ឍទៅក្នុងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដែលតំណាងឱ្យប្រទេសត្បូង-ត្បូង (South-South Cooperation) ជាដើម។ លោកបានបន្តថា បច្ចុប្បន្ននេះ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.នេះ សឹងតែមិនអាចដោះស្រាយអ្វីបានដោយសារតែការ VETO ពីប្រទេសមហាអំណាចទាំង៥​។

លោកប្រធាន ក៏បានជម្រាបជូនសម្តេចពីគម្រោងបង្កើតវេទិកាអ្នកធុរកិច្ចដើម្បីសន្តិភាព និងការអត់ឱន ដើម្បីប្រមូលយកក្រុមហ៊ុន និងសម្ព័ន្ធសាជីវកម្មធំៗមកចូលរួមក្នុងវេទិកាតែមួយជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍  ក្នុងគោលបំណងឱ្យក្រុមធុរកិច្ចខ្នាតធំទាំងនោះ អាចចែករំលែកពីគោលដៅវិនិយោគ និងការផ្គូផ្គង ពាណិជ្ជកម្មជាដើម។ លោកប្រធាន បានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ច នាំមកនូវសន្តិភាពដូចគ្នា។ លោកប្រធាន ក៏សូមអញ្ជើញសម្តេច និងគណៈប្រតិភូកម្ពុជា ចូលរួមនូវវេទិកាអ្នកធុរកិច្ចនោះ។

ជាការឆ្លើយតប​ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះពាក្យពេជន៍ល្អៗអបអរសាទរសម្តេច ក្នុងឱកាសបានទទួលពានរង្វាន់ “សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី” ពីក្រុមប្រឹក្សាសកលដើម្បីសន្តិភាព និងភាពអត់ឱន។ សម្តេចតេជោ មានប្រសាសន៍ថា លោកប្រធាន និងគណៈប្រតិភូ ដែលបានមកដល់ព្រះរាជាណាចក្រកម្ពុជា អាចនឹងមើលឃើញថាជាប្រទេសកំពុងអភិវឌ្ឍធម្មតាមួយ ក៏ប៉ុន្តែប្រទេសកម្ពុជា បានឆ្លងកាត់នូវការឈឺចាប់ ជាច្រើនណាស់។ សម្តេចតេជោ បានលើកឡើងថា ប្រទេសកម្ពូជា ដែលធ្លាប់ជាចក្រភពដ៏រុងរឿងមួយ និងជាប្រទេសធំ បែរក្លាយមកជាប្រទេសតូច នឹងសឹងតែបាត់បង់ ដោយសារតែជម្លោះផ្ទៃក្នុង ការដណ្តើមអំណាច និងបែកបាក់ផ្ទៃក្នុង។ សម្តេចតេជោ ក៏បានរំលឹកពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោយទទួលបានសន្តិភាព ឯកភាពទឹកដី ពិតប្រាកដនៅក្នុងឆ្នាំ១៩៩៨ ដោយសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧%ជាងពីរទស្សវត្សរ៍ និងមានអត្រាភាពក្រីក្រ ក្រោម ១០% នៅមុនជំងឺកូវីដ១៩​។ កម្ពុជា បានប្រែក្លាយពីប្រទេសដែលនាំចូលសព្វគ្រប់បែបយ៉ាង ​ទៅជាប្រទេសផលិតដើម្បីនាំចេញ និងផ្គត់ផ្គង់ទីផ្សារខាងក្រៅ ជាពិសេស ការនាំចេញស្រូវអង្ករ គ្រាប់ស្វាយចន្ទី ទៅប្រទេសក្នុងតំបន់ និងប្រទេសដៃគូ ។

សម្តេចតេជោ បានបន្តថា ​ប្រទេសកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអេមីរ៉េតអារ៉ាប់រួម ចិន និងកូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងកម្រិតតំបន់ដូចជា អាស៊ាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយតំបន់ RCEP ជាដើម ដែលបានអនុញ្ញាតឱ្យ​ការនាំចេញរបស់កម្ពុជា កើនឡើងជាលំដាប់។ កម្ពុជានឹងសម្រេចគោលដៅចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩, ក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០។ សម្តេចតេជោ បញ្ជាក់ថា រយៈពេល និងគោលដៅនេះ មិនមែនជាគោលដៅដែលហួសប្រមាណ មិនអាចសម្រេចនោះទេ។

​​​សម្តេចតេជោ បានមានប្រសាសន៍ថា ការកែទម្រង់អង្គការសហប្រជាជាតិមិនមែនជារឿងងាយស្រួលនោះទេ ​​សម្តេច បានឮអំពីកំណែទម្រង់នេះជាង២០ឆ្នាំមកហើយ។ សម្តេចតេជោ យល់ឃើញថា IPTP គួរដាក់ចេញនូវវិធានការខ្លះ ដើម្បីធ្វើឱ្យបំណងមានតំណាងប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអសប ក្លាយជាការពិត។

សម្តេចតេជោ បានលើកទឹកចិត្តឱ្យបន្តរៀបចំកិច្ចប្រជុំ ឬជំនួបបែបនេះ ដែលអាចជាការជួបដោយផ្ទាល់ និងតាមប្រព័ន្ធនិមិត្ត​ ដោយយកគម្រូតាម ICAPP ឬG7 G20​ តាមក្របខណ្ឌ និងយន្តការដែលយើងមានស្រាប់ដូចជា CDI, IPTP និងតាមរយៈធម្មនុញ្ញសន្តិភាពរបស់យើង។

ជាចុងក្រោយ សម្តេចតេជោ បានជូនពរលោកប្រធាន GCPT និងគណៈប្រតិភូទាំងអស់ទទួលបានជោគជ័យជាផ្លែផ្កា ក្នុងដំណើរការនៃកិច្ចប្រជុំ IPTP លើកទី១១ នៅកម្ពុជា និងសូមទទួលបានសុខសប្បាយ ក្នុងឱកាសស្នាក់នៅប្រទេសកម្ពុជា៕

ដោយ​៖ សិលា


ចែករំលែក៖