ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ផ្ញើសារចូលរួមអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សូមសម្តែងនូវអំណរសាទរដោយស្មោះអស់ចិត្តជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសត្រូវបានសភាអន្តរជាតិ ដើម្បីការអត់ឱន និងសន្តិភាព (IPTP) នៃក្រុមប្រឹក្សាសកល ដើម្បីការអត់ឱន និងសន្តិភាព (GCTP) ប្រគល់ «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី» នៅក្នុងសម័យប្រជុំពេញអង្គ លើកទី១១ របស់ IPTP នាថ្ងៃទី២៣-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

ការប្រគល់ «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី» ជូនដល់សម្តេចតេជោ នៅពេលនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជនកម្ពុជាទាំងអស់ និងជាការឆ្លើយតបចំពោះកិច្ចខិតខំប្រឹងប្រែង លះបង់ដ៏ធំធេងរបស់សម្តេចតេជោ ក្នុងការតស៊ូរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ និងការស្វែងរក ព្រមទាំងការពារសុខសន្តិភាព រហូតមកដល់បច្ចុប្បន្ននេះ សម្រាប់សង្គមជាតិនៃយើង។

សម្តេចតេជោ ហ៊ុន សែន ត្រូវបានក្រុមប្រឹក្សាភិបាល នៃគណៈកម្មាធិការមេដាយសន្តិភាព ដែលតំណាងឱ្យសភា ចំនួន ១០៥ ជាសមាជិកនៃ IPTP និងក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱន និងសន្តិភាព (GCTP) មកពីអាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិកឡាទីន និងមជ្ឈិមបូព៌ា ទទួលស្គាល់ជាពិសេស និងកោតសរសើរ វាយតម្លៃយ៉ាងខ្លាំងចំពោះការរួមចំណែកដ៏ធំធេងរបស់សម្តេចតេជោ ប្រកបដោយពលិកម្មគ្រប់បែបយ៉ាង សូម្បីជីវិតសម្តេចផ្ទាល់ ក្នុងបុព្វហេតុសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា ធ្វើឱ្យប្រជាជនទាំងអស់ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ រួមរស់ជាមួយគ្នាដោយសន្តិភាព និងភាពអត់ឱន ជាមួយនឹងភាពសុខដុមរមនាផ្នែកសង្គម និងសាសនា និងការអភិវឌ្ឍ ប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព។

ការផ្តល់ជូនពានរង្វាន់ដ៏លេចធ្លោដំបូងគេមិនធ្លាប់មានរបស់ IPTP/GCTP នេះ គឺជាការទទួលស្គាល់ជាសកលនូវការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរ ដោយមិនខ្លាចនឿយហត់របស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងវិបុលភាពពេញលេញដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

មេរៀនដ៏មានតម្លៃមិនអាចកាត់ថ្លៃបានទាំងនេះ បានបង្ហាញឱ្យឃើញថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំកម្ពុជា ពោរពេញដោយសមត្ថភាព ឱ្យក្លាយជាមជ្ឈមណ្ឌលសន្តិភាព នៃទន្លេមេគង្គ និងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈភាពជាមេដឹកនាំ ប្រាកដនិយមរបស់សម្តេច និងអនុវត្តជាក់ស្ដែងប្រកបដោយសុភវិនិច្ឆយ ដែលបានសាបព្រោះនូវស្មារតីតម្លៃនៃមនុស្សជាតិ និងប្រជាធិបតេយ្យបែបពុទ្ធសាសនា ដោយការសន្ដោស មេត្តា និងគោរព ក្រោមទម្រង់ក្នុង ការកសាងសន្តិភាព និងផ្សះផ្សាជាតិ។

ក្នុងឱកាសវិសេសវិសាលនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមបានជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


ចែករំលែក៖