ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនម្នាក់បើករថយន្តបុកក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនជាតិចិនម្នាក់បានបើករថយន្តបុកក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ស្លាប់ ខណៈក្មេងរងគ្រោះដើរឆ្លងផ្លូវ ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង៣០នាទីសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លើផ្លូវបេតុង ត្រង់ចំណុចក្នុងបរិវេណបុរីសានកូខាងត្បូងហាងកាហ្វេ330 ប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

  នគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា៖ មុនដំបូងមានរថយន្តមួយគ្រឿងម៉ាកធុនដ្រា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CA-9911  បើកបរដោយឈ្មោះ WANG LI ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរ លក់ដូរ (ជាជនជាតិចិន) កាន់លិខិតឆ្លងដែនលេខ EE6349050 រស់នៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត  ។ រថយន្តបានបើកបរពីត្បូងទៅជើង ពេលមកបើកដល់ផ្លូវបំបែកជាបួនបានបត់ស្តាំ ស្រាប់តែមានក្មេងប្រុសម្នាក់ឈ្មោះ ជីវ៉ា ចាន់រិទ្ធ ភេទប្រុស អាយុ៣ឆ្នាំ រស់នៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត  បានដើរឆ្លងផ្លូវពីជើងទៅត្បូង ហើយក៏ត្រូវកង់ក្រោយខាងស្តាំរថយន្ត កិនស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។

នគរបាលបានបញ្ជាក់ថាៈ មូលហេតុអាណាព្យាបាលក្មេងបណ្តោយអោយក្មេងដើរតាមដងផ្លូវខ្វះការប្រុងប្រយ័ត្ន ។

    បច្ចុប្បន្នរថយន្តត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ចំណែកអ្នកបើកបរឈ្មោះ WANG LI  ក៏ត្រូវបាននាំមកអធិការដ្ឋានដើម្បីសាកសួរបំភ្លឺផងដែរ៕ ពលរដ្ឋនៅក្រុងប៉ោយប៉ែតព្រួយបារម្ភករណីជនបរទេសបើករថយន្តបុកមនុស្សស្លាប់និងបង្កគ្រោះថ្នាក់ស្ទើររាល់ថ្ងៃ?

    សូមរំលឹកថា ១ករណីទៀតជនជាតិចិនស្រវឹងស្រាជោកជាំបានបើករថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯង កាលពីព្រឹកថ្ងៃទី២៣វិច្ឆិកា២០២៤ នៅភូមិព្រៃព្រិច ផ្លូវវត្តជាយដែន។

    យោងច្បាប់ចរាចរណ៍ អ្នកស្រវឹងស្រាបើកបរត្រូវមានទោស សម្រាប់ជនជាតិខ្មែរ(ប៉ុន្តែជនបរទេសរួចខ្លួន) និងមួយករណីទៀត បុកកុមារស្លាប់នៅម្តុំបុរីសាន ស៊ានហូ ស្ថិតក្នុងភូមិ គីឡូមែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត៕

ដោយ ៖ វណ្ណា


ចែករំលែក៖