ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានអញ្ជើញផ្តល់កិត្តិយសក្នុងសន្និសីទសារព័ត៌មានស្តីពី«ការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនា សម្ព័ន្ធក្រសួង ស្ថាប័ន» នៅសាលសហសិក្សា នៃសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
សន្និសីទសារព័ត៌មាននេះ រៀបចំឡើងក្នុងគោលបំណងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបញ្ជ្រាបការយល់ដឹងបន្ថែមដល់មន្រ្តីរាជការ និងសាធារណជនអំពីគោលដៅនៃការអនុវត្ត «ការពិនិត្យឡើងវិញ វិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» ក្រោយពេលក្រសួងមុខងារសាធារណៈ បានជួបជាមួយក្រសួង ស្ថាប័នទាំង៩ ដែលបានបញ្ចប់កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ។ ទន្ទឹមនេះ សន្និសីទសារព័ត៌មាននេះ ជាការបង្ហាញពីសមិទ្ធផលជាជំហ៊ានៗ លើការអនុវត្តវិធានការគន្លឹះទី២ របស់រាជរដ្ឋាភិបាល ដែលមានក្រសួងមុខងារសាធារណៈ ជាសេនាធិការ និងបង្ហាញភាពវិជ្ជមាននៃការចូលរួមសហការពីក្រសួង ស្ថាប័នទាំង៩ ដែលបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការរបស់ក្រសួងមុខងារសាធារណៈ ក៏ដូចជាក្រសួង ស្ថាប័នទាំង៩ ផងដែរ។
លើសពីនោះថែមទៀត វេទិការនេះនឹងស្រាយចម្ងល់នានា ក៏ដូចជានាំយកព័ត៌មានពិត មានតម្លាភាព ចែករំលែកបន្តជូនប្រជាពលរដ្ឋ ដើម្បីឈ្វេងយល់បន្ថែម និងបង្កើនទំនុកចិត្តថាកំណែទម្រង់រដ្ឋបាលសាធារណៈនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ ជាការបន្តបេសកកម្មនៅលើផ្លូវដ៏ត្រឹមត្រូវ មានប្រសិទ្ធភាព ហើយផ្តល់អត្ថប្រយោជន៍ជូនប្រទេសជាតិ និងប្រជាជនបានយូរអង្វែង។
សូមសារធារណជន តាមដានបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ក្រសួងមុខងារសាធារណៈ និងបណ្តាញផ្សព្វផ្សាយរបស់សារព័ត៌មានផ្សេងទៀតជាបន្តបន្ទាប់៕
ដោយ៖ សូរិយា