ភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មិនមែនគ្រប់ប្រទេសទាំងអស់សុទ្ធតែមានសំណាងទទួលបានសន្តិភាព និងស្ថិរភាពនយោបាយនោះទេ សន្តិភាពគឺមានតម្លៃ និងជាទំនិញដ៏កម្រ ផងដែរ។
នាឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនពិភពលោក (GCET) ឆ្នាំ២០២៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់អំពីគោលការណ៍គ្រឹះមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យ៉ាងខ្ជាប់ខ្ជួននោះ គឺការប្រកាន់ជំហរថាតួអង្គសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច មិនមែនជារាជរដ្ឋាភិបាលនោះទេ ប៉ុន្តែជាធុរកិច្ច និង វិនិយោគិន ពួកគេដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងជំរុញនវានុវត្តន៍។
សម្តេចបវរធិបតី គូសបញ្ជាក់ថា «តួនាទីរបស់រាជរដ្ឋាភិបាលខ្ញុំ គឺបង្កើតបរិយាកាសអំណោយផល ដែលធុរកិច្ចអាចរីកចម្រើន, នវានុវត្តន៍អាចមានភាពជឿនលឿន, ហើយកំណើនសេដ្ឋកិច្ចទទួលបានការថែទាំ»។
សម្តេចបវរធិបតី បន្ដថា ដូច្នេះហើយ សម្ដេច ចង់បង្ហោះឧត្តមភាពប្រកួតប្រជែងពិសេសរបស់ប្រទេសកម្ពុជា ខុសប្លែកពីប្រទេសផ្សេងៗ នៅក្នុងតំបន់។ នៅប្រទេសកម្ពុជា បានចំណាយពេលវេលាជាច្រើនឆ្នាំដើម្បីកសាងថែទាំ និងធានាចរីភាព។ នៅក្នុងពិភពលោកដ៏ច្របូកច្របល់នាពេលបច្ចុប្បន្ននេះ, សន្តិភាព និង ស្ថិរភាពនយោបាយ បានត្រឹមតែជាសេចក្តីប្រាថ្នាប៉ុណ្ណោះ សម្រាប់ប្រទេសមួយចំនួន។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «មិនមែនគ្រប់ប្រទេសទាំងអស់ សុទ្ធតែមានសំណាងទទួលបានសន្តិភាព និង ស្ថិរភាពនយោបាយនោះទេ សន្តិភាព គឺមានតម្លៃ និងជាទំនិញដ៏កម្រ។ សន្តិភាព មិនអាចកើតឡើងតាមចិត្តចង់បាននោះទេ សន្ដិភាព ទទួលបានតាមរយៈ ការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តដាច់ខាត»។
ទន្ទឹមនឹងនេះ សម្តេចបវរធិបតី បានជឿថា សន្តិភាព និង ស្ថិរភាពនយោបាយ មិនមែនគ្រាន់តែជាភាពទាក់ទាញ សម្រាប់អ្នកវិនិយោគនោះទេ ប៉ុន្តែ «ជាកត្តាដែលចាំបាច់ខានពុំបាន»៕
ដោយ ៖ សិលា