ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP-11)

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គលេខាធិការដ្ឋានរដ្ឋសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សម័យប្រជុំពេញ អង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព ដែលរដ្ឋសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបិទបញ្ចប់ប្រកបដោយជោគជ័យ យ៉ាងត្រចះត្រចង់ និងទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយមានការចូលរួមពីគណៈប្រតិភូសភាចំនួន៥៣ ប្រទេស មកពីជុំវិញពិភពលោក និងអង្គការអន្តរជាតិមួយចំនួនទៀត ។

នៅក្នុងពិធីបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព ជាផ្លូវការ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ផ្ញើព្រះរាជសារជូនដល់សម័យប្រជុំ ដោយព្រះអង្គបាន គូសបញ្ជាក់ពីសារៈសំខាន់ក្នុងរួមគ្នារក្សាសន្តិភាព ការរួមគ្នាដើម្បីកសាងសន្តិភាព និងយុត្តិធម៌ក្នុងសង្គម។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញថ្លែងបាឋកថាពិសេស ជូន ដល់សម័យប្រជុំ ទាក់ទងនឹងដំណើរការស្វែងរក និងការកសាងសន្តិភាពតាមរយៈនយោបាយ ឈ្នះ-ឈ្នះ ដោយ បានបញ្ចប់សង្គ្រាមស៊ីវិលដែលអូសបន្លាយអស់រយៈពេលជិត៣ទសវត្សរ៍ ហើយបាននាំមកនូវសន្តិភាពពេញលេញ ដល់ប្រជាជាតិកម្ពុជា និងបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានម្ចាស់ការលើជោគវាសនារបស់ខ្លួន និងសេដ្ឋ- កិច្ចរីកចម្រើនយ៉ាងឆាប់រហ័សមួយក្នុងពិភពលោក។ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់នូវសេចក្តីសង្ខេបខ្លីៗ ទាក់ទងនឹងមេរៀនសំខាន់ៗ ដែលស្រង់ចេញពីដំណើរការដឹកនាំ កសាងសន្តិភាព បង្រួបង្រួមនិងការផ្សះផ្សា ជាតិនៅកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាក្នុងការបន្តថែរក្សា សន្តិភាព ចូលរួមជាមួយសហគមន៍អន្តរជាតិដើម្បីទប់ស្កាត់ជម្លោះ ស្វែងរកសន្តិភាពសម្រាប់ពិភពលោក និង មនុស្សជាតិ។ សម្តេចធិបតី សង្ឃឹមយ៉ាងមុតមាំថា របៀបវារៈនៃធម្មនុញ្ញសន្តិភាពសកល នឹងមានវឌ្ឍនភាពទៅមុខ ដោយល្អប្រសើរ ដើម្បីជាកាតាលីករដ៏ពិសិដ្ឋ ក្នុងការជំរុញភាពស៊ីសង្វាក់គ្នារវាងរដ្ឋាភិបាល សភា និងអង្គការសង្គម ស៊ីវិល សំដៅសម្រេចបាននូវចក្ខុវិស័យសន្តិភាព សម្រាប់មនុស្សជាតិ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានយក ឱកាសនេះអំពាវនាវដល់ប្រជាជាតិ និងស្ថាប័នទាំងអស់ ចូលរួមជំរុញការប្តេជ្ញាចិត្តរួមគ្នា ដើម្បីធ្វើឱ្យពិភពលោក របស់យើងមានសុវត្ថិភាព និងមានវិបុលភាពភាព សម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

លោក Ahmed Bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱននិងសន្តិភាព បាន កោតសរសើរយ៉ាងខ្លាំងចំពោះតួនាទីនិងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់ និងជំរុញ ឱ្យមានសុខ សន្តិភាព ទាំងក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក។ បទពិសោធន៍របស់កម្ពុជាគឺជាការចូលរួមចំណែកយ៉ាងសំខាន់ និងជាគំរូដ៏ល្អ សម្រាប់បណ្តាប្រទេសដែលកំពុងមានជម្លោះ ដើម្បីរៀនសូត្រពីការស្វែងរកសន្តិភាព ក៏ដូច ជាការថែរក្សាសន្តិភាពសម្រាប់ប្រជាជាតិទាំងមូលលើពិភពលោក។

លោក សួស យ៉ារ៉ា ក្នុងនាមជាប្រធានគណកម្មការកិច្ចការបរទេស សហប្រត្តិបត្តិការអន្តរជាតិ និង ព័ត៍មាននៃរដ្ឋសភាកម្ពុជា និងជាប្រធាន IPTP បានលើកឡើងថា កិច្ចប្រជុំនៅពេលនេះ ក្នុងស្មារតីនៃការអភិរក្ស និងការលើកកម្ពស់សន្តិភាព ដោយលោក បានអំពាវនាវដល់សមាជិក និងដៃគូនៃ IPTP សូមប្រមូលផ្តុំប្រាជ្ញា និងការគាំទ្ររបស់ខ្លួន ដើម្បីបន្តការអនុម័ត “ធម្មនុញ្ញសន្តិភាពសកល ៖ សម្រាប់មនុស្ស និងភពផែនដី” ដែលបម្រើ ជាក្របខណ្ឌអន្តរជាតិ និងស្ថាបត្យកម្មនៃការកសាងសន្តិភាព ដែលស្វែងរកការពង្រឹងភាពជាដៃគូជាសកល ដើម្បី សន្តិភាព សុខដុមរមនា សេចក្តីថ្លៃថ្នូររបស់មនុស្ស និងភាពរុងរឿងសម្រាប់មនុស្សជាតិ។ គោលការណ៍ និងគោល បំណងនៃធម្មនុញ្ញ សន្តិភាពសកលគឺពិតជាឧបករណ៍មួយដើម្បីទប់ស្កាត់ជម្លោះ និងលើកកម្ពស់សន្តិភាព។

ឆ្លៀតនៅក្នុងឱកាសដែលបានអញ្ជើញមកចូលរួមក្នុងសម័យប្រជុំ IPTP-11 នាពេលនេះ គណៈប្រតិភូទាំង អស់ ក៏បានឯកភាពគ្នាសម្រេចប្រគល់ «ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិនិងភពផែនដី» ជូនដល់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជាការបង្ហាញពីការទទួលស្គាល់នូវស្នាដៃរបស់សម្តេចតេជោនៅក្នុងការស្វែង រកសន្តិភាព ការផ្សះផ្សាជាតិ ដែលបាននាំមកនូវស្ថិរភាព និងវឌ្ឍនភាពសង្គមសម្រាប់កម្ពុជា និងការចូលរួម ចំណែកយ៉ាងសកម្មរបស់សម្តេចតេជោ ក្នុងការថែរក្សាសន្តិភាពក្នុងតំបន់ និងពិភពលោក ។

បន្ទាប់ពីពិធីបើកសម័យប្រជុំរួចមក សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងឯកឧត្តម Ahmed Bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱននិងសន្តិភាព បានធ្វើជាសហប្រធានដឹកនាំ សម័យប្រជុំពេញអង្គវគ្គទី១នាពេលព្រឹកហើយបន្តសម័យប្រជុំពេញអង្គវគ្គទី១ ដោយលោក អ៊ុច បូររិទ្ធ អនុប្រធាន ទី១ព្រឹទ្ធសភា។ សម័យប្រជុំបានពិភាក្សាអំពីការជំរុញនិម្មាបនកម្មសកលដើម្បីសន្តិភាព ការកសាងសន្តិភាព ការផ្សះផ្សា និងភាពអត់ឱនតាមរយៈសហថាមភាពរវាងរដ្ឋាភិបាល សភា និងសង្គមស៊ីវិល។

សម័យប្រជុំពេញអង្គវគ្គទី២ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក Ek Nath Dhakal សមាជិក សភានេប៉ាល់ និង លោកស្រី​ Margarita Restrepo ប្រធានមហាសន្និបាតក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព ដោយបានពិភាក្សាលើការពង្រឹងពហុភាគីនិយម កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសម្រាប់ សហត្ថិភាព និងការតភ្ជាប់ប្រកបដោយបរិយាប័ន្ន។

ចំណែក គណៈកម្មាធិការជំនាញចំនួន៥របស់សម័យប្រជុំពេញអង្គ IPTP លើកទី១១ ក៏បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សា ផ្លាស់ប្តូរទស្សនៈ និងស្វែងរកដំណោះស្រាយលើបញ្ហានានា ទៅតាមជំនាញរបស់គណៈកម្មាធិការ នីមួយៗ ក្នុងនោះរួមមាន (១)គណៈកម្មាធិការសន្តិភាពនិងការផ្សះផ្សា (២) គណៈកម្មាធិការសហប្រតិបត្តិការ អន្តរជាតិ (៣)គណៈកម្មាធិការសន្តិសុខ ស្បៀងអាហារ-ថាមពល-ទឹកនិងបរិស្ថាន (៤)គណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង(៥) គណៈកម្មាធិការច្បាប់ និងយុត្តិធម៌។

គណៈប្រតិភូនៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព ក៏បាន ចុះហត្ថលេខាគាំទ្រលើ ធម្មនុញ្ញសន្តិភាពសកល៖ ដើម្បីមនុស្សជាតិ និងភពផែនដី និងក៏បានអនុម័តលើ «សេចក្តី ថ្លែងការណ៍ក្រុងភ្នំពេញ» ដោយផ្តោតសំខាន់លើការគាំទ្រ «ធម្មនុញ្ញសន្តិភាពសកល៖ ដើម្បីមនុស្សជាតិ និងភព ផែនដី» ដែលជាឯកសារគន្លឹះអន្តរជាតិថ្មីមួយដ៏មានសារៈសំខាន់ ក្នុងការបំពេញបន្ថែម មានលក្ខណៈបើកចំហ មិន ចងកាតព្វកិច្ច និងស្របជាមួយធម្មនុញ្ញអង្គការសហប្រជាជាតិ សន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិ សម្រាប់លើ កម្ពស់សន្តិភាព ការអត់ឱន និងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការពង្រឹងកិច្ចសន្ទនា និងកិច្ចសហ-ប្រតិបត្តិការពហុភាគី មិត្តភាព សាមគ្គីភាព តម្លាភាព ភាពជាអ្នកជិតខាងល្អ ការជឿទុកចិត្តគ្នាទៅវិញទៅមក និង ការរួមរស់ដោយសន្តិភាព វិបុលភាពរួមរបស់មនុស្សជាតិ។

ធម្មនុញ្ញសន្តិភាពនេះនឹងជំរុញការអនុវត្ត ដោយឈរលើ សសរស្តម្ភចំនួន៥៖ ១) ការទប់ស្កាត់ជម្លោះ ២) ដំណើរការកសាងសន្តិភាពនិងការសម្រុះសម្រួលល្អ ៣) យុត្តិធម៌អន្តរកាល ៤)ការកសាងឡើងវិញក្រោយជម្លោះ និងការឆ្លើយតបលើបញ្ហាមនុស្សធម៌និងគ្រោះមហន្តរាយ ៥)សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព នឹងធ្វើកិច្ចសហ ប្រតិបត្តិការជាមួយគណៈកម្មការកសាងសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីប្រមូលផ្តុំកម្លាំងសាមគ្គីរបស់ប ណ្តាញសភា នៅក្នុងការផ្តួចផ្តើមកម្មវិធីសន្តិភាពដែលរួមមានការបង្កើតមូលនិធិកសាងសន្តិភាព ដើម្បីប្រមូលផ្តុំ ធនធានគ្រប់គ្រាន់ នឹងមាននិរន្តរភាព ព្រមទាំងមានយន្តការគាំទ្រក្នុងការអនុវត្ត។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង ពិធីបិទសម័យប្រជុំ IPTP11 នេះ ដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូទាំងអស់ ដែល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិសម្រាប់ការអត់ឱន និង សន្តិភាពទទួលបានជោគជ័យដ៏ត្រចះត្រចង់។ សម្តេចរដ្ឋសភាធិបតី យួន សុដារី បានគូសបញ្ជាក់ថាសំឡេងរួមគ្នា របស់ IPTP នាពេលនេះគឺជាការអំពាវនាវឱ្យមានសន្តិភាព និងភាពអត់ឱន នៅក្នុងពិភពលលោក។ ការជួបជុំគ្នា នេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា និងបំណងប្រាថ្នាចង់ឃើញពិភពលោកមួយដែលមិនទទួលរងនូវភាពចលាចល និងវិនាសកម្ម ដោយសារសង្គ្រាម ជម្លោះ និងហិង្សានោះឡើយ។ កិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ សម្រាប់ភាពអត់ឱន និងសន្តិភាពបានបញ្ចប់ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្តើមថ្មីប៉ុណ្ណោះ ទំនួលខុសថ្មី ដែល IPTP និងដៃគូត្រូវរួមគ្នាដើម្បីកសាងសន្តិភាព និងការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាព ដោយយកពលរដ្ឋជាស្នូល។ តាមរយៈបទពិសោធន៍របស់កម្ពុជាបានបង្ហាញថាសន្តិភាពអាចសម្រេចបាន តាមរយៈការសន្ទនា និងយុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ។ នយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាន ចាក់គ្រឹះសម្រាប់សន្តិភាពយូរអង្វែងនៅកម្ពុជា។

នៅក្នុងអំឡុងពេលនៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពនេះដែរ ថ្នាក់ដឹកនាំរបស់កម្ពុជាក៏បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយបណ្តាគណៈប្រតិភូអន្តរជាតិនានា ដើម្បីរឹតចំណងមិត្តភាព ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នាផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖