ខេត្តបន្ទាយមានជ័យ៖ សម្ដេចមហាបវរធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ជាតំបន់ដ៏ស្មុគស្មាញមានទាំងជម្លោះដីធ្លី និងការចិញ្ចឹមកម្លាំងខុសច្បាប់ពីក្រុមប្រឆាំង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលថែមទៀតផង។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានជឿទុកចិត្ត និងបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជានាពេល កន្លងមក យ៉ាងច្រើនលើសលប់។
-សម្ដេចធិបតី ថ្លែងរម្លឹកកាលពីសប្ដាហ៍មុន កម្ពុជាបានដឹកនាំកិច្ចប្រជុំធំៗ ជាច្រើន ក្នុងនោះមានថ្នាក់ដឹកនាំប្រទេស និងគណបក្សនយោបាយមកពីប្រទេសជាច្រើននៅទូទាំងតំបន់ និងពិភពលោកបានអញ្ជើញមកចូលរួម ប៉ុន្ដែអ្វីដែលគួឱ្យគត់សម្គាល់នោះ គឺកិច្ចប្រជុំទាំងអស់បានលើកឡើងពីគុណតម្លៃនៃសន្ដិភាព។
-សម្តេចធិបតី បានថ្លែងថា សមិទ្ធផលនានាដែលបានកើត ឡើងនៅក្នុងតំបន់អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះ ឈ្នះ គឺជាស្នាដៃ និងការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីរកយុត្តិធម៌ដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ នេះ បន្ទាប់ពីមានជម្លោះយ៉ាងរ៉ាំរ៉ៃក្រោយមានការញុះញង់ពីខ្មោចគណបក្សប្រឆាំងនោះ។
-សម្ដេចធិបតី បានថ្លែងថា តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ខេត្តបន្ទាយមានជ័យ ជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះពីរជាន់គឺទី១ កែប្រែតំបន់ដែលធ្លាប់តែប្រយុទ្ធគ្នា ក្នុងសង្គ្រាមទៅជាតំបន់អភិវឌ្ឍន៍ និងទី២ គឺការដោះស្រាយបញ្ហាជម្លោះដីធ្លី ។
-សម្ដេចធិបតី បានថ្លែងថា តម្លៃសន្តិភាពយើងមើលមិនឃើញនោះទេ ប៉ុន្តែនៅពេលដែលវាបាត់បង់នោះ បានយើងដឹងថា សន្តិភាពមានតម្លៃប៉ុណ្ណា។ សម្ដេចធិបតី បន្ដអំពាវនាវឲ្យប្រជាពលរដ្ឋកុំជឿតាមញុះញង់របស់ពួកក្រុមជ្រុលនិយមមួយចំនួន ចូលរួមទប់ស្កាត់កុំឲ្យមានសង្គ្រាមកើតឡើង នៅក្នុងប្រទេសរបស់យើង។
-សម្ដេចធិបតី ថ្លែងថា ពេលកម្ពុជាដឹកនាំកិច្ចប្រជុំជាមួយបណ្ដាមេដឹកនាំប្រទេស និងមេដឹកនាំគណបក្ស គឺបានលើកឡើងពីតម្លៃនៃន្ដិភាព ប៉ុន្ដែយើងមើលឃើញតម្លៃនៃសន្ដិភាពកាន់តែខ្លាំង គឺនៅពេលដែលបាត់បង់សន្ដិភាព។ ឧទាហរណ៍ដូចជា សង្គ្រាមនៅ ប្រទេសរុស្ស៊ី-អ៊ុយក្រែន, អ៊ីស្រាអែល និងបាឡេស្ទីនជាដើម ដែលពលរដ្ឋជាច្រើនកំពុងរងគ្រោះ ហេរដ្ឋារចនាសម្ព័ន្ធដែលខិតខំកសាងត្រូវបានបំផ្លិចបំផ្លាញ នោះយើងនឹងយល់ពីតម្លៃនៃសន្ដិភាពកាន់តែខ្លាំង។
-សម្ដេចធិបតី ថ្លែងបញ្ជាក់សារជាថ្មីថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានបន្ថែមកញ្ចប់ថវិកាប្រមាណ១០០ លានដុល្លារ ដើម្បីខិតខំជំរុញការចេញប្លង់ក្បាលដីជូនដល់ប្រជាពលរដ្ឋឱ្យបានរួចរាល់ ខណៈបច្ចុប្បន្ននៅសល់ប្រមាណជាង ១ លានក្បាលដីទៀតដែលត្រូវចេញប្លង់ជូនពលរដ្ឋ។
-សម្ដេចធិបតី ថ្លែងថា ក្រុមជ្រុលនិយមមួយចំនួនបានបំផុសបំផុលប្រជាពលរដ្ឋឱ្យទៅកាប់រុករានទន្រ្ទានកាន់កាប់ដីធ្លីរបស់រដ្ឋដោយខុសច្បាប់ ដែលបញ្ហានេះ បានបង្កើតជាជម្លោះរវាងពលរដ្ឋ និងពលរដ្ឋ បង្កបញ្ហាដីធ្លីដល់រាជរដ្ឋាភិបាល។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ជាថ្មីម្ដងទៀតថា ប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ ឬអត់មានដីធ្លីពិតប្រាកដ រាជរដ្ឋាភិបាលមានគោលនយោបាយផ្ដល់ដីសម្បទានសង្គមកិច្ច ដល់ប្រជាពលរដ្ឋតាមនីតិវិធីច្បាប់ ប៉ុន្ដែមិនអាចផ្ដល់ឱ្យចំពោះអ្នកដែលចូលទៅកាប់រុករានទន្រ្ទានដីព្រៃ ឬដីការពារអភិរក្សរបស់រដ្ឋនោះទេ។
-សម្តេចធិបតី ថ្លែងផ្តាំទៅក្រុមអគតិមួយចំនួនត្រូវបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពទាំងឡាយណា ដែលឆបោកពលរដ្ឋ តាមរយៈការឃោសនាឲ្យមានការកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ដើម្បីតែផលប្រយោជន៍ខ្លួនឯង។
-សម្ដេចធិបតី ថ្លែងថា ក្នុងរយៈពេល ១៥ ខែកន្លងមកនេះ សម្ដេចបានប្រើយុទ្ធសាស្រ្ដ ឈ្នះ ឈ្នះ ដោះបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋបានរាប់ម៉ឺនហិកតា ដោយអនុវត្តតាមគោលការណ៍ច្បាប់ សន្ដិវិធី រក្សាភាពស្ងៀមស្ងាត់ និងមានការចូលរួមពីប្រជាពលរដ្ឋគ្រប់គ្នាដែលបានជឿជាក់មកលើរាជរដ្ឋាភិបាល។
-សម្ដេចធិបតី ថ្លែងថា ក្រោយបញ្ចប់ចលនាថ្ងៃទី១៨ ខែសីហា ប្រជាពលរដ្ឋកម្ពុជា បានមូលមតិគ្នារួបរួមគ្នាឡើងវិញ ក្នុងនោះពលរដ្ឋដែលចាញ់កលមេដឹកនាំជ្រុលនិយម ជាពិសេសអ្នកដឹកនាំគ្នាធ្វើបាតុកម្មនៅក្រៅប្រទេស ដូចជាលោក ហៃ វណ្ណា បានដឹងខ្លួនសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
-សម្តេចធិបតី ថ្លែងប្រាប់ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍន៍តេជោ ឈ្នះ ឈ្នះ កុំជឿតាមការញុះញង់របស់ក្រុមខ្មោចគណបក្សប្រឆាំង ឬក្រុមឧទ្ទាមក្រៅប្រទេស គប្បីត្រូវជឿទុកចិត្តទៅលើការដឹកនាំ និងយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាល។
-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលប្តេជ្ញាការពារផលប្រយោជន៍ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឲ្យខាងតែបាន រួមទាំង បន្តជួយការអភិវឌ្ឍតំបន់នេះ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។
-សម្តេចធិបតី ថ្លែងថា សមិទ្ធផលដែលបានកើតឡើងនៅ ក្នុងតំបន់អភិវឌ្ឍន៍តេជោ ឈ្នះ ឈ្នះ នាពេលនេះ គឺដោយសារបងប្អូនបានជឿទុកចិត្តដល់នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន តែប្រសិនបើបងប្អូនបន្តស្តាប់ការញុះញង់ និងអុចអាលរបស់ខ្មោចគណបក្សប្រឆាំងនោះ ប្រហែលមិនទាន់មានការអភិវឌ្ឍដូចថ្ងៃនេះនោះឡើយ។
-សម្ដេចធិបតី ថ្លែងអំពាវានាវដល់ពលរដ្ឋសិក្សាឱ្យបានច្បាស់ទៅលើប្រវត្តិសាស្រ្ដរបស់កម្ពុជា ដែលឈានទៅបង្កើតសង្គ្រាម បាត់បង់សន្ដិភាពគឺដោយសារតែមានការឃោសនាពីក្រុមជ្រុលនិយម។
-សម្ដេចធិបតី ថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋកុំចាញ់កលការឃោសនារបស់ក្រុមជ្រុលនិយមលើរឿងបូរណភាពទឹកដី ឬរឿងព្រំដែនដែលពួកគេកំពុងញុះញង់ឱ្យពលរដ្ឋងើបឡើង ដុតប្រទេសខ្លួនឯង។
-សម្ដេចធិបតី ថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ កុំចូលរួមជាមួយចលនាណាមួយដែលមានចរិតបំផ្លាញក្ដីសុខរបស់ប្រជាពលរដ្ឋ និងបំផ្លាញសន្ដិភាពរបស់ប្រទេសកម្ពុជា ដែលខិតខំកសាងមកយ៉ាងលំបាកពីសង្គ្រាមទម្រាំមានការអភិវឌ្ឍដូចបច្ចុប្បន្ននេះ។
-សម្ដេចធិបតី ថ្លែងថា ស្មារតីស្នេហាជាតិទាល់តែរួមគ្នាការពារជាតិ រួមគ្នាកសាងសមិទ្ធផលដើម្បីជាតិ មិនមែនដូចក្រុមប្រឆាំងជ្រុលនិយមដែលបំផុសបំផុសឱ្យដុតប្រទេសហើយអួតខ្លួនថា ស្នេហាជាតិនោះទេ។ ខណៈស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋ ដូចជា មូលនិធិកសាងព្រំដែនដែលទទួលបានពីបងប្អូនប្រជាពលរដ្ឋជិត ២៧លានដុល្លារ មានបងប្អូនជនរួមជាតិប្រមាណជិត៧០ម៉ឺនអង្គ/នាក់ វិភាគទានស្ម័គ្រចិត្ត កំពុងយកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែនក្នុងខេត្តទិសឦសាន។
-សម្ដេចធិបតី ថ្លែងឯកភាពផ្ដល់ក្របខណ្ឌដល់លោកគ្រូ អ្នកគ្រូកិច្ចសន្យាចំនួន១១នាក់ ដែលបានខិតខំបង្រៀនសិស្ស សាលាបឋមសិក្សា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
បើតាមលោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារដោះស្រាយនិងអភិវឌ្ឍន៍តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ បានឱ្យដឹងថា តំបន់បឹងជង្រុក និង៦៧១ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ គឺជាចំណែកនៃទីតាំង ដែលសម្តេចតេជោ ហ៊ុន សែន បានធ្វើប្រទានកម្មជូនគ្រួសារយោធាសមាហរណកម្ម សម្រាប់អាស្រ័យផលតាមខ្លឹមសារ៣យ៉ាង នៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ រួមមាន៖
១៖ ការធានាអាយុជីវិត និងរូបកាយ
២៖ ការធានាអាជីព និងមុខរបរ
៣៖ ការធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិទាំងចលនទ្រព្យ និងអចលនទ្រព្យ។
ប្រវត្តិនៃឈ្មោះបឹងជង្រុកនេះ ត្រូវបានគេហៅតៗគ្នា ក្នុងសម័យរំដោះប្រទេសពីរបបប្រល័យពូជសាសន៍នាឆ្នាំ១៩៧៩ ខណៈពេល ដែលកងទ័ពភាគីរដ្ឋកម្ពុជា និងកងទ័ពវៀតណាមលើកគ្នាវាយកងទ័ពខ្មែរក្រហម ដោយទីតាំងនេះជាកន្លែងជង្រុកស្រូវដ៏ធំមួយ ដែលគេដឹកយកស្រូវពីតំបន់កូនដំរីមកផ្ទុកនៅទីនេះ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពខ្មែរក្រហមនៅសមរភូមិមុខ។
ចំណែកតំបន់៦៧១ កើតឡើងក្រោយពេលសមាហរណកម្ម ដែលជាឈ្មោះវរសេនាតូច៦៧១ ចំណុះឱ្យវរសេនាធំ E៦៧ ស្ថិតនៅក្រោមកងពល២១ ដឹកនាំដោយឧត្តមសេនីយ៍ ផឹង ផុន ក្នុងពេល ដែលឧត្តមសេនីយ៍ សុខ ភាព ត្រូវបានតែងតាំងជាមេបញ្ជាការរងយោធភូមិភាគ៥៕
ដោយ៖ តារា