ខេត្តស្វាយរៀង៖ អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង នៅរសៀលថ្ងៃសុក្រទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកសវនាការជាអសាធារណៈ លើសំណុំរឿងព្រហ្មទណ្ឌលេខ២៥២ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។
ក្រោយពីបានធ្វើកិច្ចពិភាក្សាដេញដោលលើជនជាប់ចោទ ភាគីពាក់ព័ន្ធ និងបានពិនិត្យភស្តុតាងរួច នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ចៅក្រមជំនុំជម្រះបានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខៈ ៥៤ (ជ) ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានសម្រេចសេចក្តីដូចខាងក្រោម៖
១. ផ្តន្ទាទោសលើ ឈ្មោះចន សុណាគីម ភេទប្រុស អាយុ១៨ឆ្នាំ(ឃុំខ្លួន),ឈ្មោះសួរ វន្នី ភេទប្រុស អាយុ២៤ឆ្នាំ(ឃុំខ្លួន),ឈ្មោះថៃ អ៊ុងហ៊ុយ ហៅ ចាន់ ភេទប្រុស អាយុ២៤ឆ្នាំ(ឃុំខ្លួន) និងឈ្មោះយួន ពៅ ហៅ ផាក ដាក់ពន្ធនាគារកំណត់ ៥(ប្រាំ)ឆ្នាំ និង ពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន១០ ០០០ ០០០(ដប់លាន) រៀល។
ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង ពីបទ៖ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថាន ទម្ងន់ទោស ប្រព្រឹត្តនៅតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គារីស៊ល នៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយ ទាប ខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ តាមមាត្រា ២១៨ និង មាត្រា ៤១១ នៃក្រម ព្រហ្មទណ្ឌ។
២.បង្គាប់ឱ្យឈ្មោះចន សុណាគីម, ឈ្មោះសួរ វន្នី, ឈ្មោះថៃ អ៊ុងហ៊ុយ ហៅ ចាន់ និងឈ្មោះយួន ពៅ ហៅ ផាក រួមគ្នាសងសំណង និងជម្ងឺចិត្តទៅដើមបណ្តឹងរដ្ឋប្បវេណីគឺៈ ឱ្យទៅឈ្មោះ មឿន ធីដារាំ ចំនួន៤ ០០០ ០០០រៀល, ឱ្យទៅឈ្មោះឥន ធារ៉ា ចំនួន៤ ០០០ ០០០រៀល និង ឱ្យទៅឈ្មោះ មួង សំរិត ចំនួន១ ០០០ ០០០រៀល៕
ដោយ៖ តារា