ស្ត្រីជនជាតិថៃម្នាក់បានប្រគល់ខ្លួននៅប៉ុស្តិ៍ប៉ូលិសក្នុងខេត្ត Chumphon ភាគខាងត្បូង បន្ទាប់ពីបានបើករថយន្ត BMW របស់មិត្តភក្តិរបស់នាង បុកទៅលើជនរងគ្រោះនិងកូនពីរនាក់របស់នាង បណ្តាលឲ្យពួកគេស្លាប់នៅនឹងកន្លែង។ តាមប្រភពព័ត៌មាន នៅពេលនោះ ស្ត្រីបង្កហេតុមិនខ្វល់នឹងការស្លាប់មនុស្ស៣នាក់ម្តាយនិងកូនទេ ដោយដើររកសត្វឆ្មាចិញ្ចឹមរបស់ខ្លួន រួចគេចខ្លួនបាត់ ។ ហេតុការកើតឡើងកាលពីថ្ងៃពុធសប្តាហ៍កន្លងមក។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី២៧ វិច្ឆិកា នៅតាមផ្លូវជនបទក្នុងសង្កាត់មឿង ក្រុងចោមផុន ។ សាក្សីបានរាយការណ៍ថា បានឃើញរថយន្ត BMW ពណ៌ខ្មៅ ពាក់ស្លាកលេខ กจ 44 Nakhon Si Thammarat បុកចំពីមុខជាមួយម៉ូតូម៉ាកហុងដា វ៉េវ សេ១០១ ពណ៌ខ្មៅ នៅលើស្ពានអាកាសឆ្លងកាត់ផ្លូវរថភ្លើង។
ជនរងគ្រោះជិះម៉ូតូ៣នាក់បានស្លាប់នៅកន្លែងកើតហេតុ ក្នុងនោះមានស្ត្រីជនជាតិថៃអាយុ៥២ឆ្នាំ និងកូនៗ។ សាកសពក្មេងប្រុសអាយុ ១៦ឆ្នាំ ត្រូវបានរកឃើញនៅលើបង្កាន់ដៃស្ពាន ចំណែកសាកសពពីរនាក់ទៀតត្រូវបានរកឃើញនៅលើផ្លូវដែកក្រោមស្ពាន។
ម៉ូតូត្រូវខ្ទេចខ្ទី ចំណែករថយន្ត BMW រងការខូចខាតយ៉ាងដំណំ កាងមុខនិងកង់មុខខាងស្តាំ។ អ្នកបើកបរមិននៅកន្លែងកើតហេតុទេ ពេលសមត្ថកិច្ចទៅដល់ ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ប៉ុស្តិ៍លេខ ៧ ថៃថា ម្តាយនិងកូនកំពុងធ្វើដំណើរទៅផ្ទះ បន្ទាប់ពីកូនៗចេញពីសាលារៀន។ ផ្ទះរបស់ពួកគេមានចម្ងាយតែ៦គីឡូម៉ែត្រពីកន្លែងគ្រោះថ្នាក់ ។
សាក្សីបានបង្ហើបថា អ្នកបើកបររថយន្ត BMW ជាស្ត្រី ។ ពួកគេបានសង្កេតឃើញនាងចុះពីលើរថយន្ត ទំនងជាជួយជនរងគ្រោះ ប៉ុន្តែផ្ទុយទៅវិញ នាងបានសុំជំនួយក្នុងការស្វែងរកឆ្មាចិញ្ចឹមរបស់នាង ដែលបានរត់ចេញពីរថយន្តទាំងភ័យខ្លាច។
ក្រោយពីយកឆ្មាមកវិញ ស្ត្រីរូបនោះបានចាកចេញពីកន្លែងកើតហេតុដោយជិះរថយន្តផ្សេងមកទទួលនាង ។ ប៉ុស្តិ៍លេខ ៧ បានទាក់ទងទៅឪពុករបស់ម្ចាស់រថយន្តឈ្មោះ ដាំ អាយុ ៦៥ឆ្នាំ ដែលបញ្ជាក់ថា អ្នកបើករថយន្តមិនមែនជាកូនស្រីរបស់គាត់ទេ ប៉ុន្តែជាមិត្តរបស់នាងឈ្មោះ Jiranthanin Taengkhao អាយុ ៣០ ឆ្នាំ។
Dam បានពន្យល់ថា Jiranthanin បានចូលរួមពិធីបុណ្យសពរបស់គ្រួសារគាត់ ហើយបានខ្ចីឡានជិះទៅផ្ទះរបស់គាត់ដើម្បីងូតទឹក។ លោកបានបញ្ជាក់ថា Jiranthanin មិនបានរត់គេចពីកន្លែងកើតហេតុនោះទេ ប៉ុន្តែបានលាក់ខ្លួននៅកន្លែងងងឹតមួយ ព្រោះខ្លាចរងការដាក់ទណ្ឌកម្មពីសំណាក់អ្នកស្រុកដែលខឹងសម្បា បន្ទាប់ពីឧបទ្ទវហេតុស្លាប់។
បន្ទាប់មក Jiranthanin បានទាក់ទង Dam ដើម្បីនាំនាងទៅប៉ុស្តិ៍នគរបាល Meuang Chumphon ។ នាងត្រូវបានគេធ្វើតេស្តរកជាតិអាល់កុល ហើយរកឃើញថាមានកម្រិតជាតិអាល់កុលក្នុងឈាម ២៨ មិល្លីក្រាម។
ThaiRath បានរាយការណ៍ថា Jiranthanin ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅតុលាការខេត្ត Chumphon ប៉ុន្តែក្រោយមកក្រុមគ្រួសាររបស់នាងបានស្នើសុំធានាឱ្យនាងនៅក្រៅឃុំដោយបង់ប្រាក់ចំនួន 100,000 បាត។
ស្ត្រីរូបនោះត្រូវបានចោទប្រកាន់ជាចម្បងតាមមាត្រា ២៩១ នៃច្បាប់ព្រហ្មទណ្ឌ៖ ការធ្វេសប្រហែសបណ្ដាលឲ្យស្លាប់។ ទោសនៃបទល្មើសនេះគឺដាក់ពន្ធនាគាររហូតដល់១០ឆ្នាំ និងពិន័យជាប្រាក់រហូតដល់២០ម៉ឺនបាត ៕
ដោយ៖ ធីរីណា(រូបថត៖ the thaiger)