អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានជួបពិភាក្សាជាមួយសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជានៅទីក្រុងប៉េកាំង។
គេហទំព័រ «CCFR China state-controlled media » លោក Zhao Leji បានលើកឡើងថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងសម្តេច ហ៊ុន សែន ការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជាបានឈានចូលក្នុងយុគសម័យថ្មី ដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដាខ្ពស់។ ភាគីចិនមានឆន្ទៈរួមជាមួយភាគីកម្ពុជា អនុវត្តគំនិតឯកភាពសំខាន់របស់ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ គាំទ្រគ្នាយ៉ាងមុតមាំ ធ្វើឱ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងមានភាពកាន់តែស៊ីជម្រៅ ពង្រីកការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដើម្បីជំរុញឱ្យទំនាក់ទំនងចិន-កម្ពុជាទទួលបានការវិវឌ្ឍរីកចម្រើនកាន់តែច្រើន។ សភាតំណាងប្រជាជនទូទាំងប្រទេសចិនមានឆន្ទៈបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាមួយព្រឹទ្ធសភានិងរដ្ឋសភាកម្ពុជា ដើម្បីរួមចំណែកដល់ការរួមគ្នាកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប សម្តេច ហ៊ុន សែន បានថ្លែងថា ប្រទេសចិនប្រាស្រ័យទាក់ទងជាមួយកម្ពុជាដោយស្មើរភាពនិងគោរពកម្ពុជាជាប់ជានិច្ច កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិនមានសារៈសំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្ររបស់កម្ពុជា។ កម្ពុជានឹងធ្វើកិច្ចសហប្រតិបត្តិការដោយមេត្រីភាពនិងគ្រប់ជ្រុងជ្រោយជាមួយចិនឱ្យកាន់តែស៊ីជម្រៅ ដើម្បីជំរុញយ៉ាងមុតមាំនូវការកសាងសហគមន៍ជោគវាសនារួមរវាងកម្ពុជានិងចិន៕
ដោយ ៖ សិលា