ព័ត៌មានទាន់ហេតុការណ៍៖

រឿង បាយក្តាំង (តពីលេខមុន)

ចែករំលែក៖

ក្រោយពីធ្វើជាអ្នកកាប់អុសមួយរយៈពេល ម៉ែភួង បានចាត់តាំងខ្ញុំឲ្យជួយធ្វើកិច្ចការជាច្រើនទៀតនៅក្នុងផ្ទះបាយ។ មិនយូរប៉ុន្មានខ្ញុំចេះដាំបាយបានយ៉ាងស្ទាត់ជំនាញដោយមានមិត្តនារីម៉ៅ ជួយបង្រៀនខ្ញុំ។ ម៉ែភួងពេញចិត្តនឹងការងារទាំងឡាយដែលខ្ញុំបានធ្វើឲ្យគាត់ណាស់ ជាពិសេសគឺការដាំបាយរបស់ខ្ញុំ។ក្រោយមកម៉ែភួងបានប្ដូរការងាររបស់ខ្ញុំពីអកនកកាប់អុសឲ្យមកជាអ្នកដាំបាយវិញម្ដង។

   ឆ្លងកាត់ពេលវេលាជាច្រើនខែកន្លងក៏ទៅ មនោសញ្ចេតនារវាងខ្ញុំនិងម៉ែភួងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្និទ្ធស្នាល។ ទំនាក់ទំនងរបស់ខ្ញុំនិង ម៉ែភួង ពុំមែនជាទំនាក់ទំនងរវាងអ្នកគ្រប់គ្រងនិងកូនចៅក្រោមបង្គាប់ដូចពីមុនទៀតឡើយ។ វាគឺជាទំនាក់ទំនងប្រកបដោយក្តីអាណិតស្រឡាញ់និងភាពជឿទុកចិត្តគ្នាទៅវិញទៅមក។ ម៉ែភួង តែងតែសួរនាំខ្ញុំពីនេះពីនោះ និងនិយាយលេងសើចជាមួយខ្ញុំរាល់ពេលដែលយើងទំនេរពីការងារ។ ខ្ញុំក៏តែងតែបង្ហាញការគោរពកោតខ្លាចដល់គាត់ជានិច្ច។

   ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងហាក់ដូចជាទទួលបាននូវភាពកក់ក្តៅជាងមុន បន្ទាប់ពីបានជួបនិងម៉ែភួង។ ពេលនោះខ្ញុំរស់នៅយ៉ាងមានសេចក្តីសុខបំផុត។ព្រោះថាមានមនុស្សកំពុងតែយកចិត្តទុកដាក់ចំពោះខ្ញុំ។ កាលពីដំបូងពាក្យដែលខ្ញុំហៅម៉ែភួងថាម៉ែគឺគ្រាន់តែជាការគោរពក្នុងនាមគាត់ជាមនុស្សចាស់ទុំនិងមានតួនាទីមើលការខុសត្រូវចំពោះរូបខ្ញុំតែប៉ុណ្ណោះ។ ប៉ុន្តែពេលនេះពាក្យដែលហភគាត់ថាម៉ែ គឺជាភាសាដែលផុតចេញពីក្រៅបេះដូងរបស់ខ្ញុំ។ ខ្ញុំតែងឃើញគាត់ញញឹមប្រកបដោយក្តីរំភើបរីករាយហើយមានសេចក្តីសុខជាទីបំផុតនៅពេលដែលបានឮខ្ញុំហៅគាត់ថាម៉ែ ម្ដងៗ ។ ស្នាមញញឹមរបស់ម៉ែភួង ពិតជាមានអនុភាពយ៉ាងក្រៃលែងចំពោះខ្ញុំព្រោះស្នាមញញឹមនោះបានផ្ដល់ឲ្យខ្ញុំនូវសុភមង្គលក្នុងចិត្តនិងជាកម្លាំងចិត្តសម្រាប់ខ្ញុំឲ្យខិតខំស្វះស្វែងបន្តដំណើរនៅលើវិថីជីវិតដ៏វែងឆ្ងាយនៅក្នុងរបបខ្មែរក្រហម។

   ពេលវេលាចេះតែរំកិលទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ។ សំណង់អាងទឹកត្រាំកង់ក៏បានលេចចេញជារូបរាងពេញលេញ កម្លាំងកងចល័តទាំងអស់ដែលកំពុងធ្វើពលកម្មនៅក្នុងការដ្ឋាននិងត្រូវចាកចេញទៅបំពេញការងារនៅទីតាំងថ្មីតាមការកំណត់ដោយអង្គការ។ នៅពេលរដូវវស្សាបានចាប់ផ្ដើមចូលមកដល់។ ទឹកភ្លៀងបានហូរចាក់ពីចម្រាលកូនភ្នំតូចៗនៃជួរភ្នំក្រវាញចូលមកបំពេញក្នុងផ្ទៃអាងទឹកត្រាំកង់ជារៀងរាល់ថ្ងៃ។ទឹកភ្លៀងបានហូរច្រោះដីខ្នងទំនប់ផុតស្រុតចុះ។ អង្គការក៏បានយកកម្លាំងកងចល័តខ្លះដើម្បីយកដីពីខាងក្រៅចាក់បំពេញខាងលើខ្នងទំនប់ និងការងារជួសជុលទំនប់ផ្សេងៗទៀតនៅនឹងការដ្ឋានទំនប់ត្រាំកង់។

   ថ្ងៃមួយអង្គការបានផ្លាស់ឲ្យម៉ែភួង ទៅធ្វើការនៅឯមូលដ្ឋាននៅភូមិព្រែកតូចមួយរយៈសិន។ មិត្តនារីម៉ៅក៏ទៅជាមួយម៉ែភួងដែរ។មុនពេលដែលម៉ែភួង ចាកចេញទៅគាត់បានប្រាប់ខ្ញុំថា ម៉ែចាកចេញទៅតែមួយរយៈពេលទេកូនឯងមើលការខុសត្រូវឲ្យបានល្អនៅទីនេះហើយចាំពេលម៉ែ ត្រឡប់មកវិញម៉ែនិងយកដូរខ្ចីផ្ញើកូន។

   ក្រោយពេលម៉ែភួង និងមិត្តនារីម៉ៅចាកចេញផុតទៅ។ អារម្មណ៍ស្រងេះស្រងោចរបស់ខ្ញុំបានកើតឡើងម្ដងទៀតដូចនៅអំឡុងចុងឆ្នាំ ១៩៧៦ នៅពេលដែលឪពុកម្ដាយរបស់ខ្ញុំបានស្លាប់ចោលខ្ញុំ។ ភាពកណ្ដោចកណ្ដែងបានចូលមកញាំញីផ្លូវចិត្តរបស់ខ្ញុំសាជាថ្មី។ ខ្ញុំព្យាយាមទប់អារម្មណ៍របស់ខ្ញុំកុំឲ្យក្តីរំជើបរំជួលបង្ហាញចេញមកខាងក្រៅដើម្បីបិទបាំងជាមួយមនុស្សទាំងឡាយដែលនៅជុំវិញខ្លួនរបស់ខ្ញុំ។ ក្រោយពេលម៉ែភួង ចាកចេញទៅផុតមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែមនុស្សជំនិតរបស់ មាហន បានមកហៅខ្ញុំឲ្យទៅជួបនឹង មាហន នៅឯរោងដាច់ដោយឡែករបស់គាត់ចម្ងាយប្រមាណ ២០០ ម៉ែត្រពីទីកន្លែងដែលខ្ញុំធ្វើការ។ នៅទីនោះគឺមានតែ មាហន ម្នាក់គត់កំពុងតែអង្គុយលើអង្រឹងសាច់ក្រណាត់នីឡុងពណ៌ស្លែជក់បារីថ្នាំមូរដោយស្លឹកកកោះបង្ហុយផ្សែងយឺតៗចេញមកក្រៅហើយសម្លឹងមើលទៅឆ្ងាយយ៉ាងស្ងៀមស្ងាត់។ ខ្ញុំដើរចូលទៅដោយកាយវិការលបៗ បន្ទាប់មកខ្ញុំអង្គុយលុតជង្គង់ចុះនៅក្បែរអង្រឹងរបស់មាហនដោយទឹកមុខស្រងូតស្រងាត់និងចាំស្ដាប់មាហននិយាយ។ គាត់សម្លឹងមើលមុខខ្ញុំដោយកែវភ្នែកបិទមុតស្រួចគួរឱ្យខ្លាចជាទីបំផុត។ កាយវិការរបស់មាហន ធ្វើឲ្យខ្ញុំមានអារម្មណ៍ច្របូកច្របល់នៅក្នុងចិត្តរកស្មានមិនត្រូវ។ គាត់បោះកន្ទុយបារីចោលតាមចន្លោះបង្អួចរួចសម្លឹងមុខខ្ញុំម្ដងទៀតទើបសួរមកកាន់ខ្ញុំដោយសំដីមួយៗធ្ងន់ៗ។

   គាត់សួរខ្ញុំថា មិត្តឯងធ្វើការនៅក្នុងរោងបាយនេះបានប៉ុន្មានឆ្នាំហើយ? ខ្ញុំបានឆ្លើយតបទៅមាហន ដោយឱនមុខចុះថា បាទមា ខ្ញុំធ្វើការនៅរោងបាយនេះបានប្រហែលជា ៣ ខែហើយ។

   មាហនស្ងៀមស្ងាត់មិននិយាយស្ដីក្នុងរយៈពេលខ្លីហាក់បីដូចជាគាត់កំពុងពិចារណាទៅលើរឿងអ្វីមួយ។ បន្ទាប់មកទៀត គាត់សម្លឹងមើលខ្ញុំម្ដងទៀតហាក់ដូចជាសត្វសាហាវ ដែលកំពុងតែសម្លឹងមើលកូនម្រឹគដ៏ទន់ខ្សោយរួចទើបគាត់បន្តសំណួរទៀតថា មិត្តឯងចង់ធ្វើការនៅផ្ទះបាយតទៅទៀតឬក៏ចង់ទៅរែកដីវិញ ? ខ្ញុំបានប្រាប់ទៅមាហនវិញថាស្រេចតែលើមាហនចាត់តាំងខ្ញុំទៅចុះ។ នៅពេលនោះដែរ មាហន បានលើកទ្រឹស្ដីបដិវត្តន៍មកនិយាយជាមួយខ្ញុំថាកន្លងមកគាត់ធ្លាប់បានឮគេរាយការណ៍ថាខ្ញុំមិនសូវស្មោះត្រង់ជាមួយនឹងសមូហភាពហើយមានគំនិតបក្ខពួកនិយមទៀតផង។ គ្រាន់តែបានស្តាប់ឮសម្ដីមាហននិយាយភ្លាមធ្វើឱ្យខ្ញុំនឹកឃើញទៅដល់សម្ដីដែលប្រជាជននៅពេលនោះតែងនិយាយខ្សឹបខៀវថា ”

នរណាមិនស្មោះត្រង់ជាមួយសមូហភាពគឺមានន័យថាមិនស្មោះត្រង់ជាមួយអង្គការហើយអ្នកទាំងនោះ អាចត្រូវអង្គការហៅយកទៅរៀនសូត្ររួចហើយក៏បាត់ខ្លួនជារៀងរហូត” ។ ខ្ញុំភិតភ័យប្រហោងពោះធ្លុងដូចគេទាញយកពោះវៀនចេញពីក្នុងពោះ។ ខ្ញុំឡើងស្រាលខ្លួនហើយខ្ញុំភ័យស្ទើរតែគ្មានព្រលឹងនៅក្នុងខ្លួននោះទេ ។ ខ្ញុំខំរកនឹកថាហេតុអ្វីបានជា មាហន ថាខ្ញុំមិនស្មោះត្រង់ជាមួយសមូហភាព។ ប៉ុន្តែទោះបីជារកនឹកយ៉ាងណាក៏នឹកមិនឃើញទាល់តែសោះ។ថ្វីត្បិតថាមួយរយៈពេលនេះ ម៉ែភួងបានប្រគល់សិទ្ធិឲ្យខ្ញុំចេញចូលក្នុងឃ្លាំងស្បៀងជារៀងរាល់ថ្ងៃក៏ពិតមែន ប៉ុន្តែខ្ញុំមិនហ៊ានប៉ះពាល់របស់សមូហភាពនោះទេ។កុំថាឡើយយកអង្ករឬត្រីងៀតសូម្បីតែប្រហុកក៏ខ្ញុំមិនហ៊ានប៉ះពាល់ដែរ។ ខ្ញុំកំពុងតែស្លុងអារម្មណ៍គិតពិចារណាដើម្បីរកនឹកពីកំហុសដែល មាហន បានចោទសួរដល់ខ្ញុំស្រាប់តែគាត់បន្តឹងសំឡេងសួរខ្ញុំបន្ថែមទៀតថាម៉េចមិត្តឯងគិតមិនឃើញមែនទេ? មានមនុស្សបានឃើញមិត្តឯងលាក់បាយក្តាំងទុកហើយយកឲ្យគ្នីគ្នាមិត្តឯងរាល់យប់នោះ អឺ ម៉េចមិត្តឯងនឹកឃើញទេ?

   សំណួរនេះបានធ្វើឲ្យខ្ញុំនឹកហួសចិត្តចំពោះអ្នកដែលលួចរាយការណ៍ប្រាប់មាហន។ទាំងគ្មានការពិតទាល់តែសោះ។ខ្ញុំមិនដឹងថាតើរូបខ្ញុំនឹងអ្នករាយការណ៍ធ្លាប់មានគនុំអ្វីជាមួយគ្នាឬយ៉ាងណានោះទេ។ ទោះបីជាយ៉ាងណាចំពោះរឿងនេះខ្ញុំព្យាយាមតាំងចិត្តថាត្រូវតែការពារខ្លួនរបស់ខ្ញុំតាមលទ្ធភាពដែលខ្ញុំមានក្នុងពេលនោះ ទោះជាលទ្ធផលចុងក្រោយទៅជាយ៉ាងណាក៏ដោយមិនបង្អង់យូរខ្ញុំបានជម្រាបត្រឡប់ទៅមាហនវិញភ្លាមថា ខ្ញុំពិតជាធ្លាប់ឱ្យបាយក្តាំងដល់អ្នកធ្លាប់មានស្រុកកំណើតជាមួយគ្នាហូបពិតមែន។ ប៉ុន្តែបាយក្តាំងនោះខ្ញុំមិនបានលួចរបស់សមូហភាពនោះទេ។

   មាហនបានសួរបន្តថា ចឹងមិត្តឯងបានវាមកពីណា? ខ្ញុំក៏ឆ្លើយតបទៅមាហនដោយស្មោះត្រង់វិញថា បាទ! មា បាយក្តាំងនោះគឺជារបប ម៉ែភួង ដែលចែកឲ្យដល់អ្នកធ្វើការនៅក្នុងរោងបាយគ្រប់គ្នាហូប។ សម្តីម៉ឺងម៉ាត់របស់មាហន ធ្វើឲ្យខ្ញុំនឹកព្រួយបារម្ភខ្លាំងណាស់។ (នៅមានត)

 

ដកស្រង់និងប្រែសម្រួលដោយ:ចៅតាជេត


ចែករំលែក៖