ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ វណ្ណដាឡា ស៊ីផាន់ដន (Vandala SIPHANDONE) រួមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ៤-៥ ខែធ្នូ ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនេះ ប្រមុខរដ្ឋាភិបាលឡាវ បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅ ព្រះបរមរាជវាំង។ ជំនួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងជំនួបទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជំនួបទ្វេភាគី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល សម្តែងនូវការស្វាគមន៍យ៉ាង កក់ក្តៅបំផុតក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការប្រកបដោយកិត្តិយសជូន ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ជន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ វណ្ណដាឡា ស៊ីផាន់ជន រួមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវ នៅវិមានសន្តិភាព។
សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៃទំ ទំនាក់ទំនងជាប្រពៃណី ជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរ។ ប្រមុខ រដ្ឋាភិបាលទាំងពីរបានលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែ រឹងមាំនិងជិតស្និទ្ធថែមទៀត និងគាំទ្រឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគណៈប្រតិភូនៅគ្រប់កម្រិត រួមទាំង យុវជន និងយុវជន។
ប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន វិស័យនយោបាយនិងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងហិរញ្ញវត្ថុ ការពារជាតិនិងសន្តិសុខ ថាមពល ការដឹកជញ្ជូននិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ អប់រំ ទេសចរណ៍ វប្បធម៌និងសិល្បៈ ព្រមទាំងកិច្ចសហការ ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា-ឡាវ បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀង និង អនុស្សរណៈនៃការយោគយល់គ្នា ចំនួន ៣ រួមមាន៖
១. កិច្ចព្រមព្រៀងស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធ។
២. អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម។
៣. អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ សម្រាប់ ឆ្នាំ២០២៥-២០២៧។
ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមចំនួន ២៣ចំណុច មានដូចជា សិក្សាលទ្ធភាពការបើកច្រកព្រំដែនថ្មី (ខេត្តរតនគិរី-ខេត្តអាត់តាពី) ពន្លឿនការជ្រើសរើសទីតាំងសម្រាប់ សាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ (ខេត្តព្រះវិហារ) – ទន្លេសេឡាំប៉ាវ (ខេត្តចំប៉ាសាក់) ការរិះរកលទ្ធភាពនៃការបង្កើន ជើងហោះហើរត្រង់ លើកទឹកចិត្តឱ្យធ្វើទេសចរណ៍តាមរយៈការបើកបរដោយខ្លួនឯងរវាងប្រទេសទាំងពីរ ប្តេជ្ញា ពន្លឿនការដោះស្រាយតំបន់ព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់ និងកិច្ចសហប្រតិបត្តិការវិស័យថាមពល ការពារជាតិនិងសន្តិសុខ ជាដើម។
ក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរៀបចំពិធីលៀងសាយភោជន៍ផ្លូវការ ទទួលស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុតជូន ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវ នៅវិមានសន្តិភាព។
ជំនួបសម្តែងការគួរសម
នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានប្តេជ្ញាចិត្តរួមគ្នាជំរុញនិងលើកកម្ពស់ទំនាក់ទំនងដ៏ល្អនៃប្រទេសទាំងពីរឱ្យ កាន់តែរឹងមាំ និងអនុវត្តបានជាផ្លែផ្កានូវរាល់កិច្ចព្រមព្រៀង និងអនុស្សរណៈដែលប្រទេសទាំងពីរបានចុះហត្ថលេខា ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេសទាំងសងខាង។ កម្ពុជានិងឡាវ ចាំបាច់ត្រូវបន្តរក្សាការប្រាស្រ័យទាក់ទងគ្នាជាយុទ្ធសាស្ត្រឱ្យបានកាន់តែល្អប្រសើរ និងស្អិតល្អតសនៅគ្រប់កម្រិតនិងគ្រប់វិស័យ ក្នុងនោះ រវាងបក្ស រដ្ឋាភិបាល រដ្ឋសភា វិស័យឯកជន និងសង្គមស៊ីវិល ដែលជាចាំបាច់ និង កាន់តែសំខាន់ឡើងក្នុងពេលបច្ចុប្បន្ន ដែលពិភពលោកកំពុងស្ថិតក្នុងភាពស្មុគស្មាញ ការប្រឈមកាន់តែខ្លាំងលើ បញ្ហាភូមិសាស្ត្រនយោបាយ។ សម្តេចប្រធានរដ្ឋសភា និងប្រមុខរដ្ឋាភិបាលឡាវ បានឯកភាពបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន ការទូតសភា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ និងសន្តិសុខថាមពល ការដឹកជញ្ជូននិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ ក៏ដូចជាការតភ្ជាប់ ប្រទេសទាំងពីរទៅកាន់បណ្តាប្រទេសនានាក្នុងតំបន់ផងដែរ។
នៅវិមាន៧មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូជាន់ខ្ពស់ដែល បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាពេលនេះ។ សម្តេចតេជោ បានបន្ថែមថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គ្រោង នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសឡាវ នាខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។ សម្តេចតេជោ រីករាយនឹង ការផ្លាស់ប្តូរទស្សនកិច្ចប្រកបដោយការចាប់ចិត្តរវាងប្រទេសទាំងពីរ។
ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ពេញចិត្តជាខ្លាំងចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការតាមព្រំដែន ដែលភាគីទាំងពីរបានស្ដាប់ទស្សនៈគ្នាទៅវិញទៅមក យោគយល់គ្នាអស់ពីចិត្តអស់ពីថ្លើម និងត្រង់ទៅត្រង់មក។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានស្នើឱ្យបរិយាកាសកិច្ចសហប្រតិបត្តិការមិត្តភាពដ៏ល្អនេះ បន្តទៅមុខដើម្បីឈាន ទៅដោះស្រាយកិច្ចការព្រំដែនរួមគ្នាប្រកបដោយការអភិវឌ្ឍ ពិសេសបន្តពូនជ្រំ និងជំរុញកិច្ចសហប្រតិបត្តិការ រវាងនាយករដ្ឋមន្ត្រី គណបក្ស និងប្រជាជន នៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើង។
សម្តេចតេជោ បានជម្រាបជូន ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ថា ដើម្បីរក្សាបាននូវសុខសន្តិភាពជូនប្រជាជន កម្ពុជាសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ក៏ប៉ុន្តែការដកខ្លួនរបស់កម្ពុជានេះ មិនមែនដកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីនោះទេ។ សម្តេចតេជោ បាន បន្តទៀតថា ប្រទេសទាំងបីនឹងបន្តកិច្ចសហប្រតិបត្តិការតាមយន្តការដែលមានស្រាប់ជាទូទៅ និងកម្រិតប្រទេស តែម្តង និងបន្តពង្រីកបន្ថែមកិច្ចសហប្រតិបត្តិការនេះ ជាពិសេសតាមរយៈជំនួបជាទៀងទាត់នៃថ្នាក់ដឹកនាំគណបក្ស កាន់អំណាច នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងកម្មវិធីអភិវឌ្ឍន៍យុវជននៃប្រទេសទាំងបី។ ឯកឧត្តមនាយក រដ្ឋមន្ត្រីឡាវ បានសង្កត់ធ្ងន់ផងដែរថា ការដកខ្លួនរបស់កម្ពុជាចេញពី CLV-DTA ក្នុងនាមរដ្ឋាភិបាលឡាវ និង ខ្លួនឯកឧត្តមផ្ទាល់ សូមសម្តែងនូវការយល់ចិត្តយល់ថ្លើមនៃការលំបាករបស់កម្ពុជា និងបានបញ្ជាក់ថា ឯកឧត្តម នឹង សហការយ៉ាងជិតស្និទ្ធជាមួយ សម្តេចធិបតីនាយករដ្ឋមន្ត្រី។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូជាន់ខ្ពស់ បាន អញ្ជើញដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួមទាំង អញ្ជើញទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។
ដោយឡែក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា បានអញ្ជើញជូន លោកជំទាវ វណ្ណដាឡា ស៊ីផាន់ដន ឧត្តមភរិយារបស់ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ទស្សនកិច្ចនៅព្រះបរម រាជវាំង និងសារមន្ទីរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
គួរកត់សម្គាល់ថា ក្រៅពីការអញ្ជើញទៅបំពេញទស្សនកិច្ច ឬចូលរួមកិច្ចប្រជុំនានានៅក្រៅប្រទេស ពីសំណាក់ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងស្ថាប័នកំពូលៗរបស់ជាតិផ្សេងទៀត ទាំងក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ មេដឹកនាំ បរទេសក៏បានអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនានានៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់ឥតដាច់។ ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នាពេលនេះ គឺជាឧទាហរណ៍ជាក់ស្តែងមួយទៀត សបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលជោគជ័យកាន់តែខ្លាំងឡើងជាលំដាប់នៅក្នុងនយោបាយការទូតរបស់ខ្លួន ដោយកសាងបានទំនាក់ទំនង ល្អ និងកាន់តែស៊ីជម្រៅជាមួយបណ្តាប្រទេសជាមិត្តនៅគ្រប់ជ្រុងជ្រោយនៃពិភពលោក។ ដំណើរទស្សនកិច្ចរបស់ ប្រមុខរដ្ឋាភិបាលឡាវ ក៏បានពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏ល្អដែលមានស្រាប់ និងពង្រីក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ។
ព្រឹត្តិការណ៍ទាំងនេះក៏បានសបញ្ជាក់ឱ្យឃើញថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលស្វាគមន៍យ៉ាង កក់ក្តៅនិងប្រកបដោយទំនុកចិត្តខ្ពស់ជូនគ្រប់បណ្តាថ្នាក់ដឹកនាំប្រទេសនៅលើពិភពលោក ក្នុងនាមជារដ្ឋអធិបតេយ្យ មួយដែលកាន់តែមានកិត្យានុភាពនៅលើឆាកតំបន់ និងអន្តរជាតិ។ នេះគឺជាផ្លែផ្កានៃសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជាគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ ហើយភ្ញៀវបរទេសតែងកោតសរសើរមិនដាច់ពីមាត់៕
ដោយ៖ តារា