ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេលជាងមួយខែចុងក្រោយនេះ កម្ពុជា ពិតជាមានមោទនភាពដែលសម្រេចបាន នូវព្រឹត្តិការណ៍ដ៏សំខាន់ៗចំនួន ៤

ចែករំលែក៖

ភ្នំពេញ៖ ក្នុងរយៈពេលជាងមួយខែចុងក្រោយនេះ កម្ពុជាពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលសម្រេចបាននូវព្រឹត្តិការណ៍ដ៏សំខាន់ៗចំនួន ៤ ។ នេះបើតាមការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ។

យោងតាមលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ត្រង់របៀបវារៈទី៣ បញ្ហាផ្សេងៗ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា ក្នុងរយៈពេលជាង មួយខែចុងក្រោយនេះ កម្ពុជា ពិតជាមានមោទនភាព យ៉ាងក្រៃលែង ដែលសម្រេចបាននូវព្រឹត្តិការណ៍ដ៏សំខាន់ៗ ចំនួន ៤ រួមមាន៖

ទី១- កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំ ប្រកបដោយជោគជ័យ ចំនួន ៤ គឺ ១. កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) ២. មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP12) ៣. សម័យ ប្រជុំពេញអង្គ នៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាពលើកទី១១ (IPTP11) និង ៤. កិច្ចប្រជុំកំពូល សៀមរាប-អង្គរស្តីពី ពិភពលោកមួយដែលគ្មានមីន។ សម្តេចធិបតី បានកត់សម្គាល់ថា ព្រឹត្តិការណ៍ទាំងនេះ ផ្តោតសំខាន់លើ សន្តិភាព ការផ្សះផ្សាជាតិ និងការអត់ឱន ដែលសុទ្ធសឹងជាគោលការណ៍គ្រឹះនៃនយោបាយ ឈ្នះ-ឈ្នះ និងជាបទពិសោធន៍សម្រាប់ការចែករំលែក ជាសាកល ជាពិសេសបណ្តាប្រទេស ដែលកំពុងជួបប្រទះ ជម្លោះនិងសង្គ្រាមស៊ីវិល។ លើសពីនេះ លទ្ធផលគួរជាទីមោទនៈ ដែលគួររំលេចនោះ គឺ សម័យប្រជុំពេញអង្គនៃ សភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព លើកទី១១ បានគាំទ្រការអនុម័តធម្មនុញ្ញសន្តិភាពសកល (UPC) ជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលអាចក្លាយជាក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលើកកម្ពស់ សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ក្នុងចំណោមប្រជាជាតិ សហគមន៍ និងសកលលោក។

ទី២- ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ។

ទី៣- ការរៀបចំ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ ឆ្នាំ២០២៤ ។

ទី៤- ការចុះបញ្ជី “ក្រមា» របស់ជាតិខ្មែរ តំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការ យូណេស្កូ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ ។

នៅក្នុងកិច្ចប្រជមនេះដែរ សម្តេចធិបតី បានណែនាំ ឱ្យបន្តការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ ល្បែងផ្សងសំណាង និងការជួញដូរគ្រឿងញៀន គ្រប់ប្រភេទនៅតាមមូលដ្ឋាន ។

សម្តេចធិបតី បានណែនាំអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ និងអនាម័យ ដើម្បីសម្រួលដល់ការចូលរួម កម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាស នៃពិធីបុណ្យសមុទ្រលើកទី១១ (ថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ខេត្តកំពត) ការប្រកួតបាល់ទាត់មិត្តភាព អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជាលើកទី១ (ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ រាជធានីភ្នំពេញ) និងពិធីបុណ្យចូលឆ្នាំសកល ២០២៥។ ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព្រឹត្តិការណ៍ ដ៏សំខាន់ទាំងនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមឱ្យបានច្រើន។

សម្តេចធិបតី បានណែនាំរដ្ឋបាលរាជធានី-ខេត្ត ពិនិត្យការផ្សព្វផ្សាយប៉ាណូពាណិជ្ជកម្មស្រាបៀរ គួរកំណត់ ឱ្យមានអប្បបរមានៅតាមផ្លូវនិងទីសាធារណៈ ជំនួសមកវិញ ត្រូវផ្សព្វផ្សាយអំពីសមិទ្ធផល និងអត្តសញ្ញាណទេសចរណ៍ នៅតាមរាជធានី-ខេត្តរបស់ខ្លួន ឱ្យបានជាអតិបរមា ៕

ដោយ ៖ សិលា


ចែករំលែក៖