រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន៖ ដោយទទួលបានការអនុញ្ញាតលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមសន្និសីទពិភពលោកឆ្នាំ២០២៤ ស្តីពីវេជ្ជសាស្រ្តបុរាណ ក្រោមមូលបទ «ពិពិដកម្ម, មរតក និងនវានុវត្តន៍-វេជ្ជសាស្រ្តបុរាណដើម្បីទាំងអស់គ្នា»។
សន្និសីទពិភពលោកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់តួនាទីរបស់វេជ្ជសាស្រ្តបុរាណក្នុងវិស័យសុខាភិបាលសកល និងធានាថាវាអាចរកបាន មានសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់ទាំងអស់គ្នា។
នាឱកាសនោះ លោកអនុរដ្ឋលេខាធិការ ត្រូវបានស្នើធ្វើជាវាគ្មិនចែករំលែកពីតួនាទី នៃវេជ្ជសាស្រ្តបុរាណក្នុងប្រព័ន្ធថែទាំសុខភាពកម្ពុជា វិធានការណ៍ និងគោលនយោបាយក្នុងការលើកកម្ពស់អភិវឌ្ឍន៍វេជ្ជសាស្រ្តបុរាណ និងសមាហរណកម្មក្នុងប្រព័ន្ធថែទាំសុខភាពកម្ពុជា និងអនុសាសន៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងសហគមន៍អន្តរជាតិក្នុងការបង្កើនគុណភាពផ្អែកលើភស្តុតាងសម្អាង ដើម្បីបញ្ជាក់ពីសុវត្ថិភាព និងប្រសិទ្ធភាពនៃវេជ្ជសាស្រ្តបុរាណ។
បន្ថែមលើនេះ លោកអនុរដ្ឋលេខាធិការ ក៏បានចូលរួមថ្លែងសុន្ទរកថា ក្នុងវេទិការដ្ឋាភិបាល ស្តីពីសារៈសំខាន់ដោយឡែកនៃវេជ្ជសាស្រ្តបុរាណ និងអនុសាសន៍ក្នុងការអភិវឌ្ឍវេជ្ជសាស្រ្តបុរាណនាពេលអនាគត។
ឆ្លៀតពេល នៃការចូលរួមសន្និសីទពិភពលោកនេះ លោកអនុរដ្ឋលេខាធិការ ក៏បានទស្សនកិច្ចសាកលវិទ្យាល័យប៉េកាំងវេជ្ជសាស្រ្តបុរាណចិន និងបានជួបពិភាក្សាការងារជាមួយអនុប្រធានរដ្ឋបាលជាតិវេជ្ជសាស្រ្តបុរាណចិន ដើម្បីពិភាក្សាពីលទ្ធភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីស្តីពីវេជ្ជសាស្រ្តបុរាណ។
សូមជម្រាបជូនផងដែរថា សន្និសីទពិភពលោកខាងលើ មានការចូលរួមផ្ញើសារអបអរសាទរពី លោក ស៊ី ជីនពីន ប្រធានាធិបតី នៃសាធាណរដ្ឋប្រជាមានិតចិន និងថ្លែងចំណាប់អារម្មណ៍ដោយប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ប្រធានអង្គការសុខភាពពិភពលោក រដ្ឋមន្រ្តីសុខាភិបាលចិន និងថ្លែងសុន្ទរកថាបើកដោយឯកឧត្តម Liu Guozhong ឧបនាយករដ្ឋមន្រ្តី នៃសាធាណរដ្ឋប្រជាមានិតចិន។ ឯសមាសភាពចូលរួមមានចម្រុះ ពីថ្នាក់ដឹកនាំរដ្ឋាភិបាល ជារដ្ឋមន្ត្រីសុខាភិបាល អ្នករៀបចំគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ មន្ត្រីសុខាភិបាលសាធារណៈ បុគ្គលិកសុខាភិបាល អង្គការសុខភាពពិភពលោក អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល សិស្ស និស្សិត សរុបប្រមាណ ៣ ៥៨៥នាក់ មកពី ៨៥ប្រទេស៕
ដោយ៖ តារា