ព័ត៌មានទាន់ហេតុការណ៍៖

សាកសពបុរសម្នាក់ដែលទៅនេសាទត្រីហើយបាត់ខ្លួនមួយយប់ត្រូវប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកទាំងព្រឹកព្រលឹម

ចែករំលែក៖

ខេត្តព្រះវិហារ៖ សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតនៅក្នងទឹកស្ទឹង បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមតែម្តង ខណៈដែលសាច់ញាតិកំពុងតាមស្រាវជ្រាវរកថាទៅនេសាទត្រីហើយបាត់ខ្លួនមួយថ្ងៃមួយយប់ទៅហើយនោះ។

ហេតុការណ៍ប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្តែតទឹកស្ទឹងបង្កឱ្យមានការភ្ញាក់ផ្ធើលនេះគឺកើតឡើងនៅវេលាម៉ោង៨ៈ០០នាទីព្រឹកថ្ងៃទី១១ ខែធ្នូឆ្នាំ២០២៤ នៅត្រង់ចំណុចអន្លង់ស្ទឹងសែន ស្ថិតក្នុងភូមិប្រមេ ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះដែលលង់ទឹកស្លាប់ត្រូវប្រជាពលរដ្ឋប្រទះឃើញសពនោះមានឈ្មោះកែ សុខមាន ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ប្រភពបន្តថា មុនពេលកើតហេតុនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ជនរងគ្រោះបានចេញពីផ្ទះទៅនេសាទត្រីហើយមិនឃើញត្រឡប់មកផ្ទះវិញនោះទេ ហើយបងប្អូនសាច់ញាតិបាននាំគ្នាដើររកគ្រប់ច្រកល្ហកនៃទឹកស្ទឹងខាងលើនោះដែរតែរកមិនឃើញ ស្រាប់តែព្រឹកឡើងទើបប្រជាពលរដ្ឋប្រទះឃើញសពក្នុងទឹកឆ្លងព្រុំប្រទល់ក្រុងព្រះវិហារចូលដល់ទឹកដីនៃស្រុកត្បែងមានជ័យ រួចក៏រាយការណ៍ទៅសមត្ថកិច្ច។

ក្រោយពីសមត្ថកិច្ចចុះដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យនិងធ្វើកោសល្យវិច័យរួចរាល់ក៏បានប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖