ខេត្តមណ្ឌលគិរី ៖ កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តមណ្ឌលគិរី បង្ក្រាបបានមុខសញ្ញាលួចយ៉ាងសកម្ម និងអ្នកទទួលផលចោរកម្ម រួមទាំងវត្ថុតាងអាវុធកែច្នៃជាច្រើនដើមផងដែរ ប្រតិបត្តិការបង្ក្រាបនោះរយៈពេលពីរថ្ងៃ ។
លោកវរសេនីយ៍ឯក ចំរើន ភីរុណ ស្នងការរងនគរបាលខេត្តនាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ថានៅថ្ងៃទី០៩ ខែធ្នូ កម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម កំពុងល្បាតនៅក្នុងមូលដ្ឋានបានប្រទះឃើញមុខសញ្ញាដែលតែងតែធ្វើសកម្មភាពលួចម៉ូតូនៅចំណុចឃុំស្រែខ្ទុម និងឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីមានឈ្មោះ ឃឿន ប៊ុនធឿន (ហៅត្រេន)។
ភ្លាមៗនោះ សមត្ថកិច្ចធ្វើការឃាត់ខ្លួន នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកែវសីមាភ្លាម។
ក្រោយសួរនាំរួច ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូនៅចំណុចខាងលើជាច្រើនលើកពិតប្រាកដមែន ហើយបានយកទៅលក់ឱ្យឈ្មោះ ហ៊ីម វីរ៉ា (ហៅម៉ាប់) មានអាសយដ្ឋានភូមិរហារ៍ ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ ម៉ូតូចំនួន៣គ្រឿង ។
លោកវរសេនីយ៍ឯក ចំរើន ភីរុណ បន្តថា ក្រោយពីការស្រាវជ្រាវ និងបានចម្លើយសារភាពរបស់ជនសង្ស័យ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងផែនការនគរបាលព្រហ្មទណ្ឌនិងមានការសម្របសម្រួលដោយលោក អ៊ាង សុគុន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានធ្វើការពន្លាតដែនដីសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ ចុះដល់ចំណុចសង្ស័យថា ជាទីតាំងទទួលផលចោរកម្ម និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ទៀត ។
ទី១.ឈ្មោះ ហ៊ីម វីរ៉ា(ហៅម៉ាប់)
ទី ២.ឈ្មោះ ភឿន ញេន និងទី៣.ឈ្មោះ សេង ម៉ាប់(ហៅតាកូរ៉េ) ។
ក្នុងករណីលួច និងទទួលផលចោរកម្ម និងកែច្នៃអាវុធខុសច្បាប់ខាងលើ សមត្ថកិច្ចដកហូតបានវត្ថុតាងម៉ូតូ Yamaha Exenter ១គ្រឿង ម៉ូតូ Honda wave អាល់ហ្វា១គ្រឿង ទូរស័ព្ទដៃ២គ្រឿង ម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀន១កញ្ចប់ធំល្មម និង៨កញ្ចប់តូច កាំភ្លើងកែច្នៃប្រើហ្គាស៤ដើម ដាវ៣ដើម ពូថៅ៣ដើម និងកាំបិតផ្គាក់២ដើម ។
បច្ចុប្បន្ន ជនសង្ស័យដែលបានឃាត់ខ្លួនចំនួន៤នាក់ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕
ដោយ ៖ ជីវ័ន្ត