ព័ត៌មានទាន់ហេតុការណ៍៖

វេទិកាស្តីពីការផ្សព្វផ្សាយឆ្លាតវៃនៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិនឆ្នាំ ២០២៤ប្រារព្ធធ្វើនៅរាជធានីភ្នំពេញ

ចែករំលែក៖

 ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២៤នេះ វេទិកាស្តីពីការផ្សព្វផ្សាយឆ្លាតវៃនៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិនឆ្នាំ ២០២៤ដែលសហការរៀបចំដោយក្រសួងព័ត៌មាននៃព្រះព្រះរាជាណាចក្រកម្ពុជានិងមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និង អាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅរាជធានីភ្នំពេញ។ 

ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះព្រះរាជា ណាចក្រកម្ពុជា  លោក Chencong អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលរួមវេទិកាព្រមទាំងថ្លែងសន្ទរកថា ឯកឧត្ដម An Xiaoyu និពន្ធនាយករងប្រចាំការCGTN និងជាប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និង អាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិនថ្លែងសន្ទរកថាតាមវីដេអូ   ភ្ញៀវកិត្តិយសជាង ១៥០រូប ដែលមកពីក្រសួង ព័ត៌មាន ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងវប្បធម៌ និងសិល្បៈ ក្រសួង អប់រំយុវជន និងកីឡា និងក្រសួងស្ថាប័នផ្សេងៗ តំណាងធនាគារគំនិត  តំណាងសហគ្រាសចិន និងតំណាងយុវជនមកពីសាកលវិទ្យាល័យបានអញ្ជើញចូលរួមវេទិកា។

 លោក នេត្រ ភក្ត្រា បានថ្លែងថា  ពួកយើងដឹងហើយថា អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ប្រកាន់ខ្ជាប់នូវការនាំមុខនៃនវានុវត្តន៍បច្ចេកវិទ្យាជាយូរណាស់មកហើយ ដោយបង្ហាញយ៉ាងល្អឥតខ្ចោះនូវទស្សនៈ និងសិល្បៈ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យានវានុវត្តន៍ថ្មី ដូចជា បញ្ញាសិប្បនិម្មិត និងការផ្សាយកម្រិត 8K ជាដើម។ឆ្នាំ២០២៤គឺជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន យើងអាចឆ្លៀតឱកាសនេះ ពង្រឹងកិច្ចសហប្រតិបត្តិការ និងការចែករំលែកមាតិកាខ្លឹមសារ   រួមគ្នាបណ្ដុះបណ្ដាលធនធានយុវជនក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ ប្រើប្រាសបញ្ញាសិប្បនិម្មិតឱ្យបានល្អ ដើម្បីរួមគ្នាឆ្លើយតបបញ្ហាប្រឈមនៃព័ត៌មានក្លែងក្លាយ និងប្រើប្រាស់បច្ចេកវិទ្យាជំរុញនវានុវត្តន៍ ពង្រឹងភាពស៊ីជម្រៅ និងភាពទូលំទូលាយនៃកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ កម្ពុជា- ចិន ដើម្បីបញ្ចូលកម្លាំងថ្មីក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។

 លោក Chencongបានថ្លែងថា ចាប់តាំងពីដើមឆ្នាំនេះមក កិច្ចសន្ទនាស៊ីជម្រៅ ការផ្លាស់ប្តូរគ្នាទៅវិញទៅមក និងការរៀនសូត្រពីគ្នាទៅវិញទៅមករវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជានិងចិន បានបង្ហាញយ៉ាងពេញលេញនូវសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ។ ក្នុងនាមជាកម្លាំងចលករដ៏សំខាន់សម្រាប់បដិវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យា និងបដិវត្តន៍ឧស្សាហកម្មថ្មីមួយលើកទៀត បញ្ញាសិប្បនិមិត្តបានជះឥទ្ធិពលយ៉ាងធំធេង និងទូលំទូលាយដល់សង្គមមនុស្ស នយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍន៍សង្គម និងវិស័យផ្សេងៗទៀត ហើយក៏បាននាំមកនូវភាពទូលំទូលាយ និងស៊ីជម្រៅផងដែរដល់ការផ្លាស់ប្តូរលើវិស័យផ្សព្វផ្សាយព័ត៌មាន។ ការពន្លឿនកាអភិវឌ្ឍសមាហរណកម្ម រវាងបញ្ញាសិប្បនិម្មិត និងការផ្សព្វផ្សាយព័ត៌មាន បានក្លាយជាបញ្ហាថ្មីដែលការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយសម័យបច្ចុប្បន្នកំពុងប្រឈម ហើយថែមទាំងបានបើកផ្លូវថ្មីមួយសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជានិងចិន។ កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសទាំងពីរជុំវិញបច្ចេកវិទ្យាផ្សព្វផ្សាយបញ្ញាសិប្បនិមិត្ត មានកាលានុវត្តភាព និង អនាគតទូលំទូលាយ។

 លោក An Xiaoyuបានថ្លែងថា ប្រជាជន និង វប្បធម៌ នៃប្រទេសទាំងពីរកម្ពុជាចិនផ្សារភ្ជាប់គ្នា តភ្ជាប់ជោគវាសនា។ នៅលើមាគ៌ារួមគ្នាស្វែងរកជីវិតស្រស់បំព្រង និង សម្រេចបានទំនើបកម្ម ប្រព័ន្ធផ្សព្វផ្សាយមានបេសកកម្មភាពដ៏ពិសេស និង មានសារៈសំខាន់។ ពួកយើងគួរតែយកកម្លាំងផ្ដល់ដោយនវានុវត្តន៍បច្ចេកទេស បង្កើតវេទិកាផ្លាស់ប្ដូរប្រជាជននិងប្រជាជនប្រកបដោយគុណភាពកាន់តែខ្ពស់ អនុវត្តសកម្មភាពប្រព័ន្ធផ្សព្វផ្សាយកាន់តែច្រើននិងសំបូរបែប ដើម្បីបង្កើនភាពជិតស្និទ្ធរវាងប្រជាជនប្រទេសទាំងពីរ សហការបញ្ចេញសំឡេងអភិវឌ្ឍន៍សន្តិភាពដែលកាន់តែមានថាមពល និង កាន់តែមានសុខដុមរមនា។ ពួកយើងរីករាយរួមគ្នាជាមួយបងប្អូនប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ជំរុញបច្ចេកវិទ្យាឆ្ពោះទៅរកភាពល្អ ដើរតាមមាគ៌ាត្រឹមត្រូវ រក្សាដែនកំណត់ ប្រើប្រាស់សមត្ថភាពខ្លាំងក្លារបស់បញ្ញាសិប្បនិម្មិត បង្កើតបរិយាកាសសាធារណៈមតិមួយដែលកាន់តែមានសុវត្ថិភាព ឆ្ពោះទៅរកភាពល្អ និង នវានុវត្តន៍។

 

វេទិកានេះបានអញ្ជើញភ្ញៀវកិត្តិយសចំនួន ៨ រូបមកពីក្រសួងព័ត៌មានកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់ប្រទេសចិន និងកម្ពុជា និងអ្នកតំណាងធនាគារគំនិត ដើម្បីពិភាក្សាអំពីប្រធានបទចំនួន៣  រួមមានរបៀបដែលបញ្ញាសិប្បនិម្មិតបង្កើត និងផ្សព្វផ្សាយខ្លឹមសារ  បញ្ហាប្រឈម  និងការឆ្លើយតបដែលនាំមកដោយបញ្ញាសិប្បនិម្មិតក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ  កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជានិងចិន ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត។ក្រៅពីនេះនៅលើវេទិកាក៏បានចាក់បញ្ចាំងវីដេអូសមិទ្ធផលនវានុវត្តន៍បច្ចេកវិទ្យារបស់អគ្គស្ថានីយវិទ្យុ និង ទូទស្សន៍មជ្ឈិមចិន  ចែកផ្សាយព្រឹត្តិបត្រពិសេស«ឆ្លងកាត់ភ្នំនិងសមុទ្រ ក៏មិនឆ្ងាយពីគ្នា»ផងដែរ ៕

ដោយ៖ សូរិយា


ចែករំលែក៖