ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា ទីក្រុងសេអ៊ូល បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ថា ប្រធានាធិបតីស្តីទីនៃប្រទេសកូរ៉េខាងត្បូង គឺលោក Han Duck-soo បាននិយាយជាមួយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។
ការិយាល័យលោក Han បាននិយាយថា អំឡុងកិច្ចសន្ទនានោះ លោក Han បានលើកឡើងដូច្នេះថា «កូរ៉េខាងត្បូងនឹងបន្តអនុវត្តគោលនយោបាយការបរទេសនិងសន្តិសុខរបស់ខ្លួន ដោយមិនមានការរាំងស្ទះឡើយ ហើយនឹងប្រឹងប្រែងធានាឱ្យបានថា សម្ព័ន្ធភាពកូរ៉េខាងត្បូង-អាមេរិក ត្រូវបានរក្សាឱ្យនៅដដែល និងអភិវឌ្ឍយ៉ាងខ្ជាប់ខ្ជួន»។ ចំណែក លោក បៃដិន បានប្រាប់លោក Han វិញថា សម្ព័ន្ធភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ នឹងគ្មានការប្រែប្រួលឡើយ ហើយសហរដ្ឋអាមេរិកនឹងបន្តធ្វើការរួមគ្នាជាមួយកូរ៉េខាងត្បូង ដើម្បីអភិវឌ្ឍនិងពង្រឹងបន្ថែមទៀតនូវសម្ព័ន្ធភាពនេះ ព្រមទាំងកិច្ចសហប្រតិបត្តិការត្រីភាគី រវាងអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។
លោក Han ដែលជានាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង បានក្លាយជាប្រធានាធិបតីស្តីទី បន្ទាប់ពីសភាកូរ៉េខាងត្បូង បានបោះឆ្នោតអនុម័តលើសំណើដកតំណែងលោក Yoon កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ជុំវិញការប៉ុនប៉ងដាក់ប្រទេស ក្រោមច្បាប់អាជ្ញាសឹកមិនបានសម្រេច កាលពីសប្តាហ៍មុន។ ប្រការនេះធ្វើឱ្យ លោក Yoon ត្រូវបានផ្អាកមិនឱ្យអនុវត្តអំណាចប្រធានាធិបតីជាបណ្តោះអាសន្ន ស្របពេលដែលតុលាការធម្មនុញ្ញ ដែលជាអ្នកសម្រេចចិត្តចុងក្រោយ នឹងពិចារណាថា តើត្រូវតែដកលោក Yoon ចេញពីតំណែងដែរ ឬក៏យ៉ាងណា។ ប្រសិនបើតុលាការទទួលស្គាល់សំណើដកតំណែងនេះដែរ នោះលោក Yoon នឹងក្លាយជាប្រធានាធិបតីទី២ របស់កូរ៉េខាងត្បូងដែលត្រូវបានទម្លាក់ចេញពីអំណាច បន្ទាប់ពីអតីតប្រធានាធិបតីលោកស្រី Park Geun-hye កាលពីឆ្នាំ២០១៧៕ ដោយ៖ ធីរីណា
រូបថត៖ koreapro