ខេត្តកែប៖ រដ្ឋបាលខេត្តកែប នៅថ្ងៃអាទិត្យទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ មានកិត្តិយសសូមធ្វើការបំភ្លឺជូនដល់សាធារណជន ពិសេសអ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក មេត្តាជ្រាបថា៖ ថ្មីៗនេះរដ្ឋបាលខេត្តកែប បានពិនិត្យឃើញថា នៅតាម បណ្តាញសង្គម មានជនខិលខូចមួយចំនួនបានធ្វើការផ្សព្វផ្សាយ និងចែករំលែកបន្តឡើងវិញនូវព័ត៌មាន ចាស់នៃព្រឹត្តិការណ៍បាក់រលំអគារនៅខេត្តកែប(ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០) ក្នុងចេតនាទុច្ចរិត បំពុលសង្គម បង្កការភ័ន្តច្រឡំដល់សាធារណជន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។
រដ្ឋបាលខេត្តកែប សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងនូវរាល់ព័ត៌មាន និងការប្រឌិត ព័ត៌មានដោយយកវីដេអូចាស់ មកផ្សព្វផ្សាយ និងចែករំលែកបន្តឡើងវិញ ដូច្នេះសូមម្ចាស់គណនី និងផេក ហ្វេសប៊ុកដែលបានផ្សព្វផ្សាយ និងចែករំលែកព័ត៌មានក្លែងក្លាយទាំងនេះ លុបចេញវិញជាបន្ទាន់ និង សូមស្នើដល់អង្គភាពមានសមត្ថកិច្ចបើកការស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរកមុខជនដែលបានបង្ហោះព័ត៌មាន ក្លែងក្លាយនេះយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ។
អាស្រ័យហេតុនេះ សូមសាធារណជន ពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម សូមកុំ មានការយល់ច្រឡំ និងសូមអំពាវនាវ កុំចូលរួមផ្សព្វផ្សាយ និងចែករំលែកបន្តព័ត៌មានក្លែងក្លាយទាំងនេះ ចៀសវាងបង្កការលំបាកក្នុងការអនុវត្តភារកិច្ចស្រាវជ្រាវរបស់ជំនាញ និងអាចប្រឈមមុខចំពោះផ្លូវច្បាប់ ៕
ដោយ៖ស តារា