ភ្នំពេញ ៖ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូមហាវិទ្យាល័យវិជ្ជាជីវៈនគរបាលទីក្រុងអ៊ូហាន ដឹកនាំដោយលោកសាស្ត្រាចារ្យ លី ជីងសាន(Li Jingshan) នៅសាលប្រជុំ-ព្រះគណេស(អគារA)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ បន្ទាប់មក លោកនាយឧត្តមសេនីយ៍ប្រធាន បានជូនវត្ថុអនុស្សាវរីយ៍ដល់គណៈប្រតិភូផងដែរ។
ក្នុងជំនួបពិភាក្សានោះ លោកនាយឧត្តមសេនីយ៍ប្រធាន ក៏បានរំលឹកជូនលោកសាស្ត្រាចារ្យ លី ជីងសាន ជ្រាបផងដែរថា កន្លងទៅថ្មីៗនេះ មហាវិទ្យាល័យវិជ្ជាជីវៈនគរបាលទីក្រុងអ៊ូហាន បានផ្តល់វគ្គបណ្តុះបណ្តាលផ្ទាល់ដល់គ្រូនគរបាលជាតិនិងមន្ត្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន៧នាក់ ស្តីពី – ការសង្គ្រោះទិន្នន័យនិងកោសល្យវិច័យកុំព្យូទ័រលើជំនាញព័ត៌មានវិទ្យា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ចំណែកឯថ្នាក់ដឹកនាំនិងមន្ត្រីនៃមហាវិទ្យាល័យវិជ្ជាជីវៈនគរបាលទីក្រុងអ៊ូហាន ដឹកនាំដោយ លោក សុង អ៊ូ ព្រឹទ្ធបុរស ក៏ធ្លាប់បានមកបំពេញទស្សនៈកិច្ចផ្លាស់ប្តូរបទពិសោធនៅបណ្ឌិត្យសភានគរបាលកម្ពុជាផងដែរ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ហើយក្នុងខែវិច្ឆិកាកន្លងទៅថ្មីៗនេះ លោកនាយឧត្តមសេនីយ៍ផ្ទាល់ ក៏បានដឹកនាំគណៈប្រតិភូបណ្ឌិត្យសភា ទៅបំពេញទស្សនកិច្ចផ្លាស់ប្តូរបទពិសោធការងារនៅមហាវិទ្យាល័យវិជ្ជាជីវៈនគរបាលទីក្រុងអ៊ូហានវិញផងដែរ ៕
ដោយ ៖ សិលា