ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាល ប្រឆាំងគ្រឿងខេត្ត បានចុះប្រតិបត្តិការ បង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ពន្ធ័ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
លោកស្នងការខេត្ត បានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលេីនេះ បានធ្វេីឡេីងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៧ និង៣០នាទី នៅចំណុចភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឆាយ កុសល ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ៤៩,៩២ក្រាម ។
-ទូរស័ព្ទដៃចំនួន ០១គ្រឿង ។
-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ បាត់ដំបង 1AS-9224 ។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបន្តកិច្ចប្រតិបត្តិការ រហូតថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ទៀត ៖ ១-ឈ្មោះ ចាន់ វណ្ណដា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និង២-ឈ្មោះ ចាន់ ម៉ារីណា ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ វត្ថុតាងចាប់យកបានរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ដុំធំ និង ១០ថង់ ទម្ងន់ ២ ៥១១,៥៦ក្រាម ។
-ទូរស័ព្ទដៃចំនួន ០២គ្រឿង ។
-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1AB-9357 ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
ដោយ៖ អរុណរះ