សារព័ត៌មាន Reuters បានផ្សាយថា សហរដ្ឋអាមេរិក បានបង្ហាញការព្រួយបារម្ភនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ទី១៨ ខែធ្នូ ថារុស្ស៉ីកំពុងខិតជិតទៅរកការទទួលស្គាល់ កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ខណៈមូស្គូ និងព្យុងយ៉ាង សាទរការកើនឡើងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។
កាលពីខែកញ្ញាកន្លងទៅ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov បាននិយាយថាមូស្គូយល់ឃើញថាគំនិតរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាបញ្ហាមួយដែលត្រូវបាន ដោះស្រាយរួចទៅហើយ ខណៈមូស្គូយល់ពីហេតុផលដែលព្យុងយ៉ាងត្រូវពឹងផ្អែកលើអាវុធនុយក្លេអ៊ែរជាមូលដ្ឋាននៃការការពារខ្លួនឯង។ យ៉ាងណាក៏ដោយ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield បានគូសបញ្ជាក់ថា «វាជាការប្រកាសអាសន្ន។ យើងវាយតម្លៃថារុស្ស៉ីកំពុងខិតជិតទៅរកការទទួលស្គាល់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលនេះជាការផ្លាស់ប្ដូរការប្ដេជ្ញាចិត្តជាយូរណាស់មកហើយរបស់មូស្គូ ចំពោះការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ»។
លោកស្រីបន្តថា «យើងជឿជាក់ថាមូស្គូនឹងមិនត្រឹមតែកាន់តែមានការស្ទាក់ស្ទើរក្នុងការរិះគន់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងប៉ុណ្ណោះទេ តែក៏នឹងបង្កជាឧបសគ្គដល់ការអនុម័ត ការដាក់ទណ្ឌកម្ម ឬដំណោះស្រាយថ្កោលទោសសកម្មភាពបង្កអស្ថិរភាពរបស់កូរ៉េខាងជើងទៀតផង»។
រុស្ស៉ីបានចាប់ផ្ដើមពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយកូរ៉េខាងជើង ចាប់តាំងពីបានបើកការឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២មក ហើយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្លាស់ប្ដូរការធ្វើទស្សនកិច្ចគ្នាទៅវិញទៅមក។ មិនតែប៉ុណ្ណោះ លោកខាងលិចបានអះអាងថារុស្ស៉ីក៏កំពុងប្រើប្រាស់ កងទ័ពកូរ៉េខាងជើង ដើម្បីប្រយុទ្ធប្រឆាំងនឹងកងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ Kursk របស់រុស្ស៉ីផងដែរ៕
ដោយ៖ ធីរីណា(រូបថត៖ KCNA)