ព័ត៌មានទាន់ហេតុការណ៍៖

លោក អង មង្គល អញ្ជើញជាអធិបតីក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ របស់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ ៖ ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានរៀបចំពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកអនុរដ្ឋលេខាធិការ ព្រមទាំងឯកឧត្តម លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃជាច្រើនរូបទៀត ផងដែរ។

ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន បានមានមតិស្វាគមន៍ ចំពោះវត្តមានរបស់ឯកឧត្តមគណៈអធិបតី និងលោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ។លោកឧត្តមសេនីយ៍ឯក អគ្គាធិការ បានធ្វើសេចក្តីរាយការណ៍ដោយ សងេ្ខបជូន អង្គពិធីបានជ្រាប អំពីលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់អគ្គាធិការដ្ឋាន។

ក្នុងពិធីនេះដែរ ក៏បានអនុញ្ញាតឱ្យ លោកប្រធាននាយកដ្ឋាន ចំណុះអគ្គាធិការដ្ឋាន បានធ្វើបទអន្តរាគមន៍អំពីចំណុចខ្លាំង ចំណុចខ្វះខាត និងបញ្ហាប្រឈមពាក់ព័ន្ធ និងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងរយៈពេល ១ឆ្នាំ កន្លងមកនេះ។ នាឱកាសបន្ទាប់នោះដែរ ឯកឧត្តម សុខ លីនណា អគ្គាធិការរង បានធ្វើសេចក្តីរាយការណ៍បូកសរុបស្តីពីលទ្ធផលដំណោះស្រាយនៃកិច្ចប្រជុំ នូវចំណុចខ្វះខាត និងបញ្ហាប្រឈមរបស់នាយកដ្ឋាន ជូនឯកឧត្តមគណៈអធិបតី និងអង្គពិធីទាំងមូលដើម្បីជ្រាប។

បន្ទាប់ពីស្តាប់ សេចក្ដីរាយការណ៍បូកសរុបស្តីពីលទ្ធផលនៃអង្គពិធីសន្និបាត អំពីលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ ព្រមទាំងបទអន្តរាគមន៍រួចមក លោក អង មង្គល រដ្ឋលេខាធិការ គណៈអធិបតី បានធ្វើការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃអគ្គាធិការដ្ឋាន ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចនាពេលកន្លងមក។

ទន្ទឹមនោះ លោក រដ្ឋលេខាធិការ បានមានប្រសាសន៍ណែនាំមួយចំនួនជូនដល់ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ត្រូវយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារកិច្ច និងមានសាមគ្គីភាពល្អ៕

ដោយ ៖ សិលា


ចែករំលែក៖